បន្ទាប់ពីធ្វើក្បូនដង្ហែរជាង១០ថ្ងៃ ពីខេត្តឈៀងរ៉ៃប្រទេសថៃ ដោយកាត់តាមឡាវ វៀតណាម និង ភូមា ពេលនេះព្យុះហយាត្រាតាមគន្លងធម៌ព្រះអរិយសង្ឃនៃតំបន់ទន្លេមេគង្គ មានដូចជា កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ត្រូវបានបញ្ចប់ហើយ នៅខេត្តសៀមរាប ដោយនៅព្រឹកថ្ងៃទី៣០ តុលា ក្នុងឆ្នាំ២០១៩ មានការដង្ហែរក្បួន និងរាប់បាត្រព្រះសង្ឃជាង៣០០អង្គ យ៉ាងកក្រើកនៅខាងមុខព្រះរាជដំណាក់ ក្បែរទីសក្ការៈព្រះអង្គចេកព្រះអង្គចម។
ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទាំង៥ប្រទេស ដែលចូលរួមដង្ហែក្នុងក្បួនសាសនា
ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទាំង៥ប្រទេស ដែលចូលរួមដង្ហែក្នុងក្បួនសាសនាដ៏ធំនេះ ក៏បានធ្វើពិធីជួបជុំធំមួយ នៅខាងមុខប្រាសាទអង្គរនាព្រឹកថ្ងៃទី៣១ តុលា មុននឹងបែកផ្លូវគ្នា ដើម្បីបិទកម្មវិធីដង្ហែរទាំងស្រុងផងដែរ។
ក្បួនដង្ហែរសាសនាប្រចាំឆ្នាំ ដ៏ធំរបស់ប្រទេសទាំង៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការបិទបញ្ចប់នេះ ផ្តួចផ្តើមរៀបចំដោយ វិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ ប្រទេសថៃ ដោយមានកិច្ចសហការពីពុទ្ធសាសនិក នៅតាមប្រទេសនីមួយៗ។ ធម្មយាត្រានេះ ចាប់ចេញពីប្រទេសថៃ កាលពីថ្ងៃទី១៤ តុលា ដោយឆ្លងកាត់ប្រទេសទាំង៥ជាបន្តបន្ទាប់ មុនបញ្ចប់នៅកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ក្បួនធម្មយាត្រា តាមគន្លងធម៌ព្រះអរិយសង្ឃ នៃតំបន់ទន្លេមេគង្គ ព្រះពុទ្ធសាសនា៥ប្រទេស បញ្ចប់យ៉ាងកក្រើក នៅសៀមរាប
លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថាន ពោធិខាយ៉ាឆាល័យ៩៨០ បានថ្លែងថា នៅឆ្នាំ២០១៩នេះ វិទ្យាស្ថានរបស់លោក និងក្រុមសម្ព័ន្ធមិត្តតំបន់ទន្លេមេគង្គ បានទទួលជោគជ័យក្នុងការរៀបចំ ព្រឹតិ្តការណ៍មួយនេះជាលើកទី២ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ក្បួនដង្ហែររត្រូវបានធ្វើឡើង ជាង២ពាន់គីឡូម៉ែត្រ ដោយក្រៅពីផ្សព្វផ្សាយព្រះពុទ្ធសាសនា ក៏ដើម្បីរឹតចំណងសម្ព័ន្ធភាពរវាងប្រទេសទាំង៥ផងដែរ។
លោក ស៊ុផាឆៃ រីរៈភូជុង បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញបិទក្នុងពិធីព្យុះហយាត្រានោះ ខណៈដែលការស្វាគមន៍ពីពុទ្ធបរិស័ទកម្ពុជា ក៏មានចំនួនកុះករ ដែលមានន័យថា កម្ពុជា នៅតែប្រកាន់ភ្ជាប់នូវការធ្វើបុណ្យដាក់បាត្រ យ៉ាងខ្ជាប់ខ្ជួន។
លោកបានបន្ថែមថា នេះគឺជាលើកទី២ ហើយ ដែលក្រុមការងាររបស់ខ្លួន និងក្រុមក្រុមសម្ព័ន្ធមិត្តតំបន់ទន្លេមេគង្គ ផ្តុំកម្លាំងគ្នារៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ដែលចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី៣០ ខែតុលា ដោយធ្វើដំណើរនាំព្រះធម៌បង្កើតចំណងមិត្តភាពប្រទេសទាំង៥ប្រទេសខាងលើ ជាមួយការធ្វើដំណើរចម្ងាយផ្លូវប្រមាណជាង ២,០០០គីឡូម៉ែត្រ។
ក្បួនធម្មយាត្រា តាមគន្លងធម៌ព្រះអរិយសង្ឃ នៃតំបន់ទន្លេមេគង្គ ព្រះពុទ្ធសាសនា៥ប្រទេស បញ្ចប់យ៉ាងកក្រើក នៅសៀមរាប
ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍នេះ លោកបន្ដថា ធម្មយាត្រាឆ្លងកាត់បណ្ដាប្រទេសទន្លេមេគង្គ ដោយមកបញ្ចប់លើទឹកដីអង្គរ ខេត្តសៀមរាបនេះ បានប្រមូលផ្តុំពុទ្ធសាសនិកជនប្រទេសទាំង៥ អោយក្លាយជាធ្លុងមួយ ដើម្បីផ្សាភ្ជាប់សាមគ្គីភាព មិត្តភាព ទំនាក់ទំនងល្អ និងស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក រួមទាំងផលប្រយោជន៍លើផ្នែកផ្សេងៗទាំងការធ្វើធុរកិច្ច មុខជំនួញ និងទេសចរណ៍ ដែលសបញ្ជាក់ឲ្យឃើញការអភិវឌ្ឍ ភាពរីកចម្រើន និងសុខសន្តិភាពទៀតផង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនា លើកទី២ នឹងប្រារព្ធពិធីបិទផ្លូវការ នៅល្ងាចថ្ងៃពុធនេះ ក្រោមព្រះរាជាធិបតី សម្តេចព្រះអគ្គមហាព្រះសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្ដេចពិជ័យសេនា ទៀ បាញ់ នៅសណ្ឋាគារសូហ្វីតែល បន្ទាប់មកក៏នឹងមានការរៀបចំពិធីបួងសួង នៅប្រាសាទអង្គវត្តផងដែរ៕
(ប្រភព៖ Fresh News)
មតិពីមិត្តអ្នកអាន