យុគសម័យ - ព្រះមហាក្សក្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារចូលរួមរំលែកទុក្ខនិងសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅបំផុតចំពោះមរណភាណរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។
នាព្រឹកថ្ងៃទី២៤ខែកញ្ញានៅរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្តេច គង់ សំអុល បានអញ្ជើញមកដល់ស្ថានទូតវៀតណាមដើម្បីផ្ញើរព្រះរាជសារចូលរួមរំលែកទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ជូនចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong និងកម្រងផ្ការបស់ព្រះមហាក្សត្រីនរោត្តមមន្នីនាថសីហនុ និង ព្រះមហាក្សត្រដើម្បីចូលរូមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang។
ក្នុងព្រះរាជសារចូលរួមរំលែកទុក្ខ ព្រះមហាក្សក្រកម្ពុជា នរោត្តមសីហមុនីបានបញ្ជាក់ដូច្នេះថា “មរណភាពរបស់លោក Tran Dai Quang គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើម និងល្អប្រពៃមួយរូបនៃប្រជាជាតិនិងប្រជាជនវៀតណាម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍន៍សាធារណរដ្ឋសង្គមនិយមវៀតណាម”។
តាងនាម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានិងប្រជាជនកម្ពុជា ព្រះមហាក្សត្រកម្ពុជាបានចូលរួមរំលែកទុក្ខនិងសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅជាទីបំផុត ជាមួយសមាជិកក្រុមគ្រួសារលោក Tran Dai Quang ប្រជាជាតិនិងប្រជាជនវៀតណាមជាបងប្អូន។
* មុននោះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ “មរណភាពរបស់ លោក Tran Dai Quang នេះគឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិស និងការបួងសួងរបស់ខ្ញុំ ស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនវៀតណាមជានិច្ច”។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា "តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសពចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ"។
មតិពីមិត្តអ្នកអាន