យុគសម័យ - តាមរយៈសកម្មភាពល្បាតទ្វេភាគី ការផ្លាស់ប្តូរព័ត៌មាន ការចងសម្ព័ន្ធមេត្រីភាពរវាងបណ្តុំលំនៅឋាន និងការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh បានរួមចំណែកធានាសន្តិសុខព្រំដែន ព្រមទាំងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាម និងកម្ពុជា។
| ឃុំ Long Thuan ឃោសនាផ្សព្វផ្សាយអំពីការខណ្ឌសីមា និងបោះបង្គោលព្រំដែន វៀតណាម - កម្ពុជា ខេត្ត Dak Lak ស្នើស្ថិរភាពប្រជាពលរដ្ឋផ្សារភ្ជាប់ជាមួយការការពារព្រំដែន វៀតណាម - កម្ពុជា |
![]() |
| ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh សហការជាមួយវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦២៣ និងវរសេនាតូចលេខ ១១៣ នៃកងទ័ពការពារព្រំដែនកម្ពុជា ធ្វើការល្បាតទ្វេភាគីដើម្បីការពារព្រំដែន។ |
ពង្រឹងកិច្ចសហការការពារខ្សែបន្ទាត់ព្រំដែន
នៅក្នុងឆ្នាំ ២០២៦ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh បន្តរក្សាទំនាក់ទំនងសហការជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា តាមរយៈសកម្មភាពល្បាត ជំនួបពិភាក្សា ការប្រជុំប្រគល់ភារកិច្ច និងការផ្លាស់ប្តូរព័ត៌មាន។ ទាំងនេះគឺជាសកម្មភាពជាប្រចាំសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារអធិបតេយ្យភាពទឹកដី ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
នៅក្នុងឆ្នាំនេះ អង្គភាពបានសហការរៀបចំការល្បាតទ្វេភាគីចំនួន ១០ លើក ដោយមានកម្មាភិបាល យុទ្ធជនចូលរួមចំនួន ២៤០ នាក់-លើក ធ្វើការប្រជុំប្រគល់ភារកិច្ចចំនួន ២ លើក ជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវ (កម្ពុជា) ដោយមានអ្នកចូលរួមចំនួន ៣៥ នាក់-លើក។ ទន្ទឹមនឹងនោះ ប៉ុស្តិ៍បានរៀបចំជំនួបពិភាក្សាចំនួន ២ លើក ជាមួយវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦២៣ និងវរសេនាតូចលេខ ១១៣ នៃកងទ័ពការពារព្រំដែនកម្ពុជា ដោយទាក់ទាញអ្នកចូលរួមចំនួន ៤០ នាក់-លើក។
ក្រៅពីជំនួបផ្ទាល់ ការផ្លាស់ប្តូរព័ត៌មានតាមរយៈលិខិតត្រូវបានភាគីទាំងពីរអនុវត្តសរុបចំនួន ៦ លើក ក្នុងនោះផ្ញើចេញ ៥ លើក និងទទួល ១ លើក។ តាមរយៈបណ្តាញទំនាក់ទំនងទាំងនេះ កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានធ្វើបច្ចុប្បន្នភាពសភាពការណ៍ជាប្រចាំ និងសហការដោះស្រាយបញ្ហាដែលកើតឡើងនៅលើខ្សែបន្ទាត់ព្រំដែន។
យោងតាមលោកវរសេនីយ៍ទោ Truong Manh Cuong ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh សកម្មភាពជំនួបពិភាក្សា ការប្រជុំប្រគល់ភារកិច្ច ការល្បាតទ្វេភាគី និងការផ្លាស់ប្តូរព័ត៌មាន បានជួយឱ្យអង្គភាព និងកងកម្លាំងការពារព្រំដែនកម្ពុជា ក្តាប់បាននូវសភាពការណ៍យ៉ាងច្បាស់លាស់ ព្រមទាំងឯកភាពលើវិធានការដោះស្រាយបញ្ហានានាដែលកើតឡើង។ តាមរយៈនោះ បានរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ សំដៅកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍ។
ទំនាក់ទំនងសហការរវាងភាគីទាំងពីរក៏ត្រូវបានស្តែងចេញតាមរយៈសកម្មភាពចុះសួរសុខទុក្ខ និងការផ្លាស់ប្តូរក្នុងឱកាសពិធីបុណ្យទានផ្សេងៗ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈប្រតិភូនៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់កងកម្លាំងការពារព្រំដែននៃប្រទេសជាមិត្ត ដោយរួមបញ្ចូលការផ្លាស់ប្តូរសភាពការណ៍ និងប្រគល់អំណោយចំនួន ២០ កញ្ចប់ រួមជាមួយគ្រឿងឧបភោគបរិភោគចាំបាច់ សរុបជាទឹកប្រាក់ប្រមាណ ៦០ លានដុង។
មិនត្រឹមតែសហការក្នុងការងារការពារព្រំដែនប៉ុណ្ណោះទេ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh ក៏បានរួមជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសវៀតណាម និងកម្ពុជា រួមមានកងកម្លាំងគយ ចត្តាឡីស័ក អនុវត្តនីតិវិធីចេញចូលប្រទេស និងនីតិវិធីនាំចេញនាំចូលចំពោះមនុស្ស មធ្យោបាយ និងទំនិញឆ្លងកាត់ច្រកទ្វារស្របតាមបទប្បញ្ញត្តិ។ សកម្មភាពនេះបានរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើរ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការការពារជាតិ និងសន្តិសុខ។
ការចងសម្ព័ន្ធមេត្រីភាពរវាងប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតនៅតំបន់ព្រំដែន
ស្របគ្នានឹងសកម្មភាពកិច្ចការបរទេសការពារព្រំដែន ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh បានដាក់ពង្រាយកម្មវិធីផ្លាស់ប្តូរ ការចងសម្ព័ន្ធមេត្រីភាព និងការជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន វៀតណាម - កម្ពុជា។ សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាង និងបង្កើនភាពស្អិតរមួតរវាងសហគមន៍ប្រជាជននៃប្រទេសទាំងពីរ។
សកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបានរក្សាជាប្រចាំ គឺគំរូចងសម្ព័ន្ធមេត្រីភាពរវាងភូមិ Mook Den 1 ឃុំ Ia Dom ខេត្ត Gia Lai (វៀតណាម) និងភូមិប៉កធំ ឃុំប៉កញ៉ៃ ខេត្តរតនគិរី (កម្ពុជា) ដែលត្រូវបានដាក់ឱ្យដំណើរការតាំងពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៣ មក។
តាមរយៈគំរូនេះ ប្រជាជននៃភូមិទាំងពីរមានឱកាសជួបជុំគ្នា ផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី និងផ្លាស់ប្តូរបទពិសោធន៍ផលិតកម្ម។ សកម្មភាពចងសម្ព័ន្ធមេត្រីភាពក៏បានរួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពប្រតិបត្តិតាមបទប្បញ្ញត្តិស្តីពីព្រំដែនរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់តួនាទីរបស់សហគមន៍ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់។
គួរឱ្យកត់សម្គាល់ផងដែរ នៅក្នុងខែសីហា ឆ្នាំ ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh បានសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ Ia Dom រៀបចំកម្មវិធីប្រគល់ផ្ទះមិត្តភាព និងប្រគល់មុខរបរចិញ្ចឹមជីវិតជូនប្រជាជននៃបណ្តុំលំនៅឋានចងសម្ព័ន្ធមេត្រីភាពនៅតំបន់ព្រំដែនរវាងខេត្ត Gia Lai និងខេត្តរតនគិរី។
នៅក្នុងកម្មវិធីនេះ គោពូជចំនួន ២០ ក្បាល និងផ្ទះសប្បុរសធម៌ចំនួន ១ ខ្នង ត្រូវបានប្រគល់ជូនដល់បណ្តាគ្រួសារក្រីក្រនៅតំបន់ព្រំដែនខាងភាគីកម្ពុជា។ ការជួយឧបត្ថម្ភនេះបានជួយឱ្យក្រុមគ្រួសារនានាមានធនធានបន្ថែមក្នុងការអភិវឌ្ឍផលិតកម្ម កែលម្អលក្ខខណ្ឌរស់នៅ និងធ្វើឱ្យជីវភាពមានស្ថិរភាពជាបណ្តើរៗ។ ទន្ទឹមនឹងនោះ នេះក៏ជាសកម្មភាពបង្ហាញពីស្មារតីជួយយកអាសាគ្នា និងការចែករំលែករវាងប្រជាជននៃភាគីទាំងសងខាងព្រំដែន។
លោកវរសេនីយ៍ទោ Truong Manh Cuong បានឱ្យដឹងថា ក្រៅពីការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត អង្គភាពបានរៀបចំជាប្រចាំនូវសកម្មភាពចុះសួរសុខទុក្ខ ជូនអំណោយ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា សំដៅបង្កើតលក្ខខណ្ឌឱ្យប្រជាជននៃប្រទេសទាំងពីរបានបង្កើនការជួបប្រាស្រ័យទាក់ទង និងការយល់ដឹងពីគ្នាទៅវិញទៅមក។
តាមរយៈសកម្មភាពទាំងនេះ កម្មាភិបាលការពារព្រំដែនបានបញ្ចូលការឃោសនាផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងព្រំដែន វៀតណាម - កម្ពុជា ព្រមទាំងចលនាប្រជាជនឱ្យគោរពប្រតិបត្តិតាមច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។
ស្តីពីទិសដៅនាពេលខាងមុខ លោកវរសេនីយ៍ទោ Hoang Tuan Minh មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Le Thanh បានឱ្យដឹងថា អង្គភាពនឹងបន្តរក្សាជំនួបពិភាក្សា ការផ្លាស់ប្តូរព័ត៌មាន និងការល្បាតទ្វេភាគីជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា។
ទន្ទឹមនឹងនោះ ប៉ុស្តិ៍នឹងពង្រឹងសកម្មភាពកិច្ចការបរទេសប្រជាជន ជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងបណ្តុំលំនៅឋាន ដាក់ពង្រាយការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត និងចលនាប្រជាជននៃភាគីទាំងសងខាងឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ខេត្ត Lam Dong - ខេត្ត Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន យុគសម័យ - នាថ្ងៃទី ២០ ខែតុលា ប៉ុស្តិ៍នគរបាលការពារព្រំដែន Dak Lao ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lam Dong និងវរៈសេនាតូចលេខ ១១៥ ចំណុះតំបន់ប្រតិបត្តិការសឹកខេត្តមណ្ឌលគិរី (ប្រទេសកម្ពុជា) បានរៀបចំពិធីចងសម្ព័ន្ធមេត្រីភាព ដោយបានឯកភាពគ្នំពង្រឹងការសម្របសម្រួលគ្រប់គ្រង ការពារព្រំដែន បង្ការនិងទប់ស្កាត់បទល្មើស ព្រមទាំងកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ |
ឃុំ An Cu បង្កើតលក្ខខណ្ឌឱ្យស្ត្រីខ្មែរបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីនៅក្នុងសហគមន៍ យុគសម័យ - ដោយមាន ៦៧,៤៥% នៃចំនួនគ្រួសារជាបងប្អូនជនជាតិខ្មែរ ឃុំ An Cu ខេត្ត An Giang បានកំណត់ថា សមភាពយេនឌ័រចាំបាច់ត្រូវតែអនុវត្តតាមរយៈបណ្តាសកម្មភាពជាក់ស្តែង ចាប់តាំងពីការលើកកម្ពស់ការយល់ដឹង ការចែករំលែកការទទួលខុសត្រូវនៅក្នុងគ្រួសារ រហូតដល់ការជួយឧបត្ថម្ភស្ត្រីឱ្យទទួលបាននូវចំណេះដឹង ការងារធ្វើ មុខរបរចិញ្ចឹមជីវិត និងការចូលរួមក្នុងបណ្តាសកម្មភាពសង្គម។ |

មតិពីមិត្តអ្នកអាន