វៀតណាម - កាណាដា ដំឡើងកម្រិតទំនាក់ទំនងជាផ្លូវការទៅជាដៃគូយុទ្ធសាស្ត្រ

09:11 | 28/09/2026 សុវណ្ណា

យុគសម័យ - នៅថ្ងៃទី ២៤ ខែកញ្ញា នៅរដ្ឋធានី Ottawa អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា Mark Carney។ ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងវៀតណាម - កាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ ដោយបើកចេញនូវដំណាក់កាលកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាងមុន។

នាវាភូមិន្ទជើងទឹកកាណាដា មកបំពេញទស្សនកិច្ចមិត្តភាពនៅក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang៖ បណ្តាចំណុចស្នូលក្នុងដំណើរបំពេញការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney។

ជំនួបពិភាក្សាការងារបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។

នាយករដ្ឋមន្ត្រី Mark Carney បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាប្រវត្តិសាស្ត្រ បង្កើតកម្លាំងចលករថ្មីដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។

នាយករដ្ឋមន្ត្រីកាណាដាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ឋានៈកាន់តែខ្ពស់ឡើង និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ; ព្រមទាំងអះអាងថា វៀតណាមជាដៃគូដ៏សំខាន់របស់កាណាដាក្នុងការជំរុញទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមចាត់ទុកកាណាដាជាមិត្ត ជាដៃគូគួរឱ្យទុកចិត្ត ដែលរួមគ្នាចែករំលែកផលប្រយោជន៍ និងចក្ខុវិស័យយុទ្ធសាស្ត្រជាច្រើន។

នាំយកវិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្លាយជាកម្លាំងចលករថ្មី

នៅក្នុងជំនួបពិភាក្សាការងារ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចាត់ទុកថា ប្រទេសទាំងពីរត្រូវផ្តោតលើបណ្តាអាទិភាពថ្មីៗនៅក្នុងទំនាក់ទំនងទ្វេភាគី។

ក្នុងនោះ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាជឿនលឿននានា ត្រូវបានកំណត់ថាជាកម្លាំងចលករថ្មីដែលត្រូវជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀត។

អគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាថ្មី; ចែករំលែកបទពិសោធន៍ស្តីពីបរិវត្តកម្មឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល; ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ខ្លឹមសារមួយទៀតដែលត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋ គូសបញ្ជាក់ គឺសហគមន៍ជនជាតិវៀតណាមនៅកាណាដា។

លោកបានស្នើឱ្យកាណាដាបន្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីឱ្យសហគមន៍ជនជាតិវៀតណាមនៅកាណាដាមានស្ថិរភាពជីវភាព សមាហរណកម្ម និងអភិវឌ្ឍ រួមចំណែកជាវិជ្ជមានដល់សង្គមនៃប្រទេសសាមី ព្រមទាំងបន្តពង្រីកតួនាទីជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។

កសាងកម្មវិធីសកម្មភាពសម្រាប់ក្របខ័ណ្ឌថ្មី

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើការវាយតម្លៃថា ទំនាក់ទំនងវៀតណាម - កាណាដា បានប្រមូលផ្តុំគ្រប់គ្រាន់នូវលក្ខខណ្ឌនានា ដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដែលមានកម្រិតទំនុកចិត្តខាងនយោបាយខ្ពស់ជាងមុន កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្តែងជាងមុន ហើយផលប្រយោជន៍នៃភាគីទាំងពីរកាន់តែផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។

ផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ និងរៀបចំបង្កើតឱ្យបានឆាប់នូវរបៀបវារៈ ផែនការសកម្មភាពជាក់ស្តែង សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌទំនាក់ទំនងថ្មី។

ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញសភា; ព្រមទាំងពង្រីកប្រសិទ្ធភាពនៃយន្តការទ្វេភាគីដែលមានស្រាប់។

ក្នុងនោះ មានបណ្តាសកម្មភាពពិគ្រោះយោបល់ ការសន្ទនាជាប្រចាំរវាងក្រសួងការបរទេសទាំងពីរ រួមជាមួយការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាតំបន់ និងពហុភាគី។

បន្តសម្របសម្រួលលើបណ្តាបញ្ហាតំបន់ និងអន្តរជាតិ

ផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានចែករំលែកចក្ខុវិស័យរួមស្តីពីការបង្កើនការសន្ទនា កិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

វៀតណាម និងកាណាដា បានអះអាងសារជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ភាគីទាំងពីរបានឯកភាពថា វិវាទទាំងឡាយចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះរួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

នៅក្នុងជំនួបពិភាក្សាការងារ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអញ្ជើញនាយករដ្ឋមន្ត្រី Mark Carney មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០២៧។

នាយករដ្ឋមន្ត្រី Mark Carney បានទទួលយកការអញ្ជើញដោយក្តីរីករាយ ព្រមទាំងអះអាងថាកាណាដាគាំទ្រ និងត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីរួមចំណែកដល់ភាពជោគជ័យនៃឆ្នាំ APEC ២០២៧។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីប្រគល់-ទទួលឯកសារកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានានៃប្រទេសទាំងពីរ និងប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពីការដំឡើងកម្រិតទំនាក់ទំនងវៀតណាម - កាណាដា ជាផ្លូវការទៅជាដៃគូយុទ្ធសាស្ត្រ។

ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវជំនឿជាក់ថាក្របខ័ណ្ឌទំនាក់ទំនងថ្មីនឹងបើកចេញនូវទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី នាំឱ្យកិច្ចសហប្រតិបត្តិការវៀតណាម - កាណាដា អភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពជាងមុន ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងលើពិភពលោក។

នៅថ្ងៃទី ២៤ ខែកញ្ញា ដដែល នៅវិមានរដ្ឋសភាកាណាដា អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានទទួលជួបក្រុមសមាជិកសភាមិត្តភាពកាណាដា - វៀតណាម៕

វៀតណាមនិងកាណាដាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងបេសកកម្មរួម វៀតណាមនិងកាណាដាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងបេសកកម្មរួម
នាថ្ងៃទី ១១ ខែមីនា លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងលោក Shawn Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម បានធ្វើជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិ ឆ្នាំ ២០២៤ ដែលរៀបចំដោយវៀតណាម និងកាណាដា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។
គាំទ្រអាជីវកម្មនាំចេញរបស់ទីក្រុងហូជីមិញ ដើម្បីអភិក្រម និងពង្រីកទីផ្សារក្នុងប្រទេសកាណាដា គាំទ្រអាជីវកម្មនាំចេញរបស់ទីក្រុងហូជីមិញ ដើម្បីអភិក្រម និងពង្រីកទីផ្សារក្នុងប្រទេសកាណាដា
យុគសម័យ - នាថ្ងៃទី ៩ សីហា សមាគមពាណិជ្ជករវៀតណាមកាណាដា (VCBA) និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) បានបើកសម័យប្រជុំដើម្បីគាំទ្រអាជីវកម្មនាំចេញរបស់ទីក្រុងហូជីមិញ ដើម្បីបន្អភិក្រមដំណើរការ និងពង្រីកទីផ្សារនៅកាណាដា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ទល់មុខ និងតាមអ៊ីនធឺណិត។

សុវណ្ណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុម K90 ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ លើកទឹកដីកម្ពុជា
នាំកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឱ្យកាន់តែកៀកជិតនឹងតម្រូវការជាក់ស្តែង
ហត្ថលេខាឌីជីថលចាំបាច់ត្រូវផ្លាស់ប្តូរពី «ការផ្តល់ជូនបាន» ទៅជា «ការប្រើប្រាស់បាន»
ទីក្រុង Ha Noi - ឥណ្ឌា ពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ និងនវានុវត្តន៍
វៀតណាម - កាណាដា ដំឡើងកម្រិតទំនាក់ទំនងជាផ្លូវការទៅជាដៃគូយុទ្ធសាស្ត្រ

អានច្រើនបំផុត

វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
កម្មាភិបាលសហជីពកម្ពុជាចូលរួមវគ្គបណ្តុះបណ្តាលនៅវៀតណាម
អ្នកជំនាញឥណ្ឌា៖ វៀតណាមអាចទាញយកផលប្រយោជន៍ពី BRICS ដើម្បីធ្វើពិពិធកម្មទំនាក់ទំនង
យោធភូមិភាគទី ៧ និងកម្ពុជា បង្កើនការសម្របសម្រួលស្វែងរកអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ