យុគសម័យ - ទស្សនាវដ្តីយុគសម័យ សូមឧទ្ទេសនាមដោយក្តីគោរពនូវខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់សមមិត្ត Bui Thi Minh Hoai សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនថ្នាក់មជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា នៅ Ha Noi។
សូមគោរពសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមជាទីគោរព!
សូមគោរពសមមិត្តថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ស្ថាប័ន អង្គការមហាជនថ្នាក់មជ្ឈិម សមមិត្តថ្នាក់ដឹកនាំបណ្តាខេត្ត និងក្រុងជាទីគោរព!
សូមគោរពឯកឧត្តម លោកជំទាវជាឯកអគ្គរដ្ឋទូត ភារធារី តំណាងបណ្តាអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំនៅវៀតណាមជាទីគោរព!
សូមគោរពគណៈប្រធាន និងអង្គមហាសន្និបាតទាំងមូលជាទីគោរព!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានមកចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦ - ២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ដែលជាព្រឹត្តិការណ៍នយោបាយមានអត្ថន័យដ៏សំខាន់ បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមផ្ញើដោយក្តីគោរពជូនចំពោះសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម សមមិត្តថ្នាក់ដឹកនាំបណ្តាស្ថាប័នថ្នាក់មជ្ឈិម និងមូលដ្ឋាន ភ្ញៀវកិត្តិយសអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រីរាជការ និងពលករទាំងអស់នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន នូវការស្វាគមន៍យ៉ាងស្និទ្ធស្នាល ការសាកសួរសុខទុក្ខដោយក្តីស្រឡាញ់រាប់អាន និងពាក្យជូនពរដ៏ល្អប្រពៃបំផុត។
![]() |
| សមមិត្ត Bui Thi Minh Hoai សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនថ្នាក់មជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ថ្លែងសុន្ទរកថានៅមហាសន្និបាត។ |
សូមគោរពអង្គមហាសន្និបាតទាំងមូលជាទីគោរព!
ក្រឡេកមើលឡើងវិញនូវបណ្តាដំណាក់កាលប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម យើងអាចអះអាងដោយមោទនភាពថា៖ កិច្ចការបរទេសប្រជាជនគឺជាការច្នៃប្រឌិតដ៏វិសេសវិសាលរបស់បក្សយើង និងរបស់លោកប្រធាន Ho Chi Minh ដែលបង្កប់នូវអត្តសញ្ញាណ គុណសម្បតិ្តជាតិយ៉ាងជ្រាលជ្រៅ ជ្រួតជ្រាបនូវ «ព្រលឹង» វៀតណាម និងត្រូវបានពូនជ្រំឡើងពីតម្លៃវប្បធម៌ មនុស្សសាស្ត្រ ដែលបានបង្កើតឡើងនូវកម្លាំងពលំគង់វង្សយូរអង្វែងរបស់ប្រជាជាតិ។
កម្លាំងពលំនៃកិច្ចការបរទេសប្រជាជនត្រូវបានផ្តួចផ្តើមឡើងចេញពីស្មារតីមហាសាមគ្គីទូទាំងប្រជាជាតិទាំងមូល រួមផ្សំជាមួយសាមគ្គីភាពអន្តរជាតិដ៏ឧត្តុង្គឧត្តម។ នៅក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ប្រទេសជាតិ កិច្ចការបរទេសប្រជាជនតែងតែរួមដំណើរជាមួយប្រជាជាតិ និងមានការរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុនៃការតស៊ូរំដោះជាតិ និងបុព្វហេតុកសាងសង្គមនិយមនៃប្រទេសយើង។
នៅក្នុងចរន្តប្រវត្តិសាស្ត្រនោះ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមព្រមទាំងបណ្តាអង្គការសមាជិកបានធំដឹងក្តីឡើងឥតឈប់ឈរ អះអាងនូវឋានៈ តួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធនយោបាយ បំពេញបានយ៉ាងល្អនូវតួនាទីជាស្ពានមិត្តភាព ជាបេសកជននៃសន្តិភាព នាំយកនូវសារលិខិតស្តីពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព មិត្តភាព ស្មោះត្រង់ និងមានការទទួលខុសត្រូវ ទៅកាន់មិត្តភក្តិអន្តរជាតិ។
សូមគោរពអង្គមហាសន្និបាតទាំងមូលជាទីគោរព!
តាមរយៈការស្តាប់របាយការណ៍បូកសរុបអាណត្តិមហាសន្និបាតលើកទី VI នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម យើងអាចអះអាងបានថា៖ នៅក្នុងអាណត្តិកន្លងមក សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ ពុះពារឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមនានា មានការផ្លាស់ប្តូរថ្មីជាច្រើន មានការប្រែប្រួលជាច្រើនប្រកបដោយលក្ខណៈលោតផ្លោះ ឈានចូលទៅរកភាពជាក់ស្តែង និងទំនើបជាងមុន។ ចេញពីផ្នត់គំនិត «ការផ្លាស់ប្តូរ មិត្តភាព» ជាចម្បង បានផ្លាស់ប្តូរទៅជាការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ។ បណ្តាញមិត្តភក្តិ ដៃគូអន្តរជាតិបន្តត្រូវបានពង្រឹង ពង្រីកតាមទិសដៅពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ឈានចូលទៅរកភាពស៊ីជម្រៅ នាំមកនូវប្រសិទ្ធភាពជាក់ស្តែង។
ការងារកៀងគរជំនួយមិនមែនរដ្ឋាភិបាលបរទេសត្រូវបានអនុវត្តកាន់តែមានលក្ខណៈជាប្រព័ន្ធ និងប្រកបដោយវិជ្ជាជីវៈ។ ទោះបីជាប្រភពជំនួយសកលលោកមាននិន្នាការធ្លាក់ចុះក៏ដោយ ប៉ុន្តែសហភាពនៅតែរក្សា ធ្វើពិពិធកម្មបាននូវបណ្តាប្រភពធនធាន បែងចែកទៅក្នុងវិស័យអាទិភាពនានា ដូចជា៖ ការកាត់បន្ថយភាពក្រីក្រ ការអប់រំ សុខាភិបាល ការជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកជាក់ស្តែងទៅក្នុងបណ្តាកម្មវិធីធំៗរបស់ជាតិ។ ប្រភពធនធាននេះមិនត្រឹមតែនាំមកនូវតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់មនោសញ្ចេតនារបស់ប្រជាជនបណ្តាប្រទេសចំពោះប្រជាជនវៀតណាមយើងទៀតផង។
ការងារស្រាវជ្រាវ ផ្តល់យោបល់ប្រឹក្សាមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតខាងគុណភាព បម្រើយ៉ាងសកម្មដល់ការកំណត់គោលនយោបាយកិច្ចការបរទេស។ ការងារព័ត៌មានកិច្ចការបរទេស និងការងារកៀងគរជនជាតិវៀតណាមនៅឯបរទេសបន្តត្រូវបានផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាទាំងខ្លឹមសារ និងទម្រង់ ផ្សព្វផ្សាយនូវរឿងរ៉ាវស្តីពីប្រទេសវៀតណាមមួយដែលមានការផ្លាស់ប្តូរថ្មី ស្វាហាប់ ជាដៃគូប្រកបដោយការទទួលខុសត្រូវ និងជាសមាជិកគួរឱ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមកោតសរសើរ កត់សម្គាល់ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលទ្ធផល និងស្នាដៃទាំងឡាយដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមព្រមទាំងបណ្តាអង្គការសមាជិកសម្រេចបាននៅក្នុងអាណត្តិកន្លងមកនេះ។
![]() |
| សមមិត្ត Bui Thi Minh Hoai សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនថ្នាក់មជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ |
ខ្ញុំក៏សូមវាយតម្លៃខ្ពស់ផងដែរចំពោះការដែលសមមិត្តទាំងឡាយបានលើកកម្ពស់ស្មារតីរិះគន់ និងស្វ័យរិះគន់ដោយត្រង់ទៅត្រង់មក ចង្អុលបង្ហាញនូវចំណុចខ្វះខាត និងកង្វះចន្លោះនានាក្នុងការអនុវត្តភារកិច្ច ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍នយោបាយ និងរបាយការណ៍ត្រួតពិនិត្យរបស់គណៈប្រតិបត្តិការ ជាពិសេសគឺចំណុចខ្វះខាតក្នុងការងារផ្តល់យោបល់ប្រឹក្សា ការព្យាករមិនទាន់តាមទាន់ការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៃសភាពការណ៍ពិភពលោក សកម្មភាពរបស់អង្គការសមាជិកមួយចំនួននៅថ្នាក់មជ្ឈិម និងមូលដ្ឋានមិនទាន់មានភាពស្មើដៃគ្នា សកម្មភាពមួយចំនួននៅមានលក្ខណៈពិធីការ ទម្រង់ការ ហើយប្រសិទ្ធភាពមិនទាន់ខ្ពស់នៅឡើយ។
ខ្ញុំស្នើថា ក្រោយមហាសន្និបាត បណ្តាថ្នាក់នៃសហភាព និងអង្គការសមាជិកនានាត្រូវឆាប់អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត និងដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីជំនះពុះពារលើចំណុចសេសសល់ និងកង្វះខាត នាំឱ្យសកម្មភាពរបស់សហភាពកាន់តែឈានចូលទៅរកភាពស៊ីជម្រៅ លើកកម្ពស់គុណភាព ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងរួមចំណែកកាន់តែច្រើនថែមទៀតសម្រាប់វិស័យការទូតរបស់ប្រទេសជាតិ។
សូមគោរពអង្គមហាសន្និបាតទាំងមូលជាទីគោរព!
យើងកំពុងរស់នៅក្នុងសម័យកាលមួយដែលពិភពលោកកំពុងឃើញនូវការប្រែប្រួលយ៉ាងឆាប់រហ័សប្រកបដោយលក្ខណៈរបត់នៃប្រវត្តិសាស្ត្រ។ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការធំ ប៉ុន្តែទន្ទឹមនឹងនោះ សង្គ្រាមតាមតំបន់ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចកាន់តែមានភាពស្រួចស្រាល់ បញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី និងការប្រែប្រួលអាកាសធាតុកាន់តែមានការកើនឡើង។ បដិវត្តន៍ឧស្សាហកម្មលើកទីបួន ជាមួយនឹងបញ្ញាសិប្បនិម្មិត ទិន្នន័យធំ បាននាំមកឱ្យយើងនូវឱកាស និងលាភសំណាងថ្មីៗជាច្រើន ប៉ុន្តែក៏បានដាក់ចេញនូវការលំបាក និងបញ្ហាប្រឈមមិនតិចនោះដែរ។
ការអភិវឌ្ឍរបស់វៀតណាមនាពេលសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ចេញពីនិន្នាការចលនារបស់ពិភពលោកបានឡើយ។ មហាសន្និបាតលើកទី XIV របស់បក្សបានកំណត់នូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំចំនួនពីរ៖ មកដល់ឆ្នាំ ២០៣០ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ មកដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់។ ដើម្បីសម្រេចបាននូវគោលដៅនោះ និងប្រែក្លាយសេចក្តីប្រាថ្នាកសាងប្រទេសយើងឱ្យខ្លាំងពូកែ រុងរឿងឱ្យក្លាយជាការពិត បន្ថែមលើការដាស់តឿន និងពង្រីកកម្លាំងផ្ទៃក្នុង យើងត្រូវកៀងគរយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធានពីខាងក្រៅ ដណ្តើមយកនូវការស្រុះស្រួលឯកភាព និងការគាំទ្រយ៉ាងទូលំទូលាយពីមិត្តភក្តិ និងប្រជាជននៅលើពិភពលោក។
ការអនុវត្តគោលដៅយុទ្ធសាស្ត្រទាំងពីររបស់ប្រទេសជាតិ ទាមទារឱ្យបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល រួមជាមួយបណ្តាវិស័យ បណ្តាថ្នាក់ត្រូវតែខិតខំប្រឹងប្រែងតស៊ូឥតឈប់ឈរ ក្នុងនោះបានដាក់នៅលើស្មារបស់សហភាពនូវបេសកកម្មប្រវត្តិសាស្ត្រថ្មីមួយ។ ការងារកិច្ចការបរទេសប្រជាជនត្រូវតែមានការខិតខំប្រឹងប្រែងកាន់តែធំ សកម្មភាពកាន់តែម៉ឺងម៉ាត់ ការទម្លុះទម្លាយកាន់តែខ្លាំងក្លា ដើម្បីក្លាយជាកម្លាំងស្នូលពិតប្រាកដនៃសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃខឿនការទូតវៀតណាម។
សូមគោរពសមមិត្តទាំងឡាយជាទីគោរព!
ចំពោះទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយនានាដែលបានដាក់ចេញនៅក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាត ខ្ញុំជាមូលដ្ឋានគឺឯកភាពទាំងស្រុង ហើយស្នើឱ្យសមមិត្តទាំងឡាយយកចិត្តទុកដាក់លើខ្លឹមសារមួយចំនួនដូចខាងក្រោម៖
ទីមួយគឺ យល់ដឹងឱ្យបានត្រឹមត្រូវតាមកម្រិតនៃបេសកកម្មរបស់កិច្ចការបរទេសប្រជាជន និងតួនាទីស្នូលរបស់សហភាព។ គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បណ្តាស្ថាប័ន គណៈ ក្រសួង អង្គការមហាជន សហភាព និងអង្គការសមាជិកនានា ចាំបាច់ត្រូវយល់ដឹងថាកិច្ចការបរទេសប្រជាជនមានតួនាទី និងកម្លាំងពលំយ៉ាងសំខាន់បំផុត ដែលត្រូវបានបក្សយើងកំណត់ថាជាសសរស្តម្ភដ៏សំខាន់មួយ រួមជាមួយកិច្ចការបរទេសបក្ស ការទូតរដ្ឋ បង្កើតបានជាខឿនការទូតវៀតណាម។ ហេតុដូច្នេះហើយ គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យត្រូវយកចិត្តទុកដាក់ដឹកនាំ បង្កើតរាល់លក្ខខណ្ឌអំណោយផល ដើម្បីឱ្យសកម្មភាពកិច្ចការបរទេសប្រជាជនកាន់តែឈានចូលទៅរកភាពស៊ីជម្រៅ ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ក្លាយជា «ខែលការពារទន់» «ខ្សែក្រវាត់សន្តិភាព» រួមចំណែកការពារមាតុភូមិតាំងពីដំបូង និងពីចម្ងាយ។
ទីពីរគឺ ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយនូវខ្លឹមសារ របៀបរបបធ្វើសកម្មភាពកិច្ចការបរទេសប្រជាជនតាមទិសដៅជាក់ស្តែង ប្រសិទ្ធភាព បង្កើតចេញនូវផលិតផលជាក់លាក់ រួមចំណែកធ្វើឱ្យប្រទេសជាតិមានភាពសម្បូរសប្បាយ។ ប្រព័ន្ធសហភាពទាំងមូលត្រូវផ្លាស់ប្តូរចេញពីផ្នត់គំនិតដែលចាត់ទុកសំខាន់លើបរិមាណ ទៅជាគុណភាព មិនរត់តាមព្រឹត្តិការណ៍សម្បកក្រៅឡើយ ប៉ុន្តែត្រូវផ្តោតទៅលើភាពស៊ីជម្រៅ ប្រសិទ្ធភាពជាក់ស្តែង។ ទន្ទឹមនឹងភារកិច្ចស្នូលក្នុងការកសាងមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំ ស្ថិរភាពសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេស ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងទៅរកគំរូ «កិច្ចការបរទេសប្រជាជនស្ថាបនាការអភិវឌ្ឍ» ដោយយកប្រសិទ្ធភាពនៃការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យាធ្វើជារង្វាស់នៃតម្លៃ ក្លាយជាស្ពានតភ្ជាប់ជាក់ស្តែងជួយឱ្យមូលដ្ឋាន សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល ស្រាវជ្រាវ តភ្ជាប់ជាមួយពិភពលោក។ រាល់កម្មវិធីកៀងគរប្រភពធនធានអន្តរជាតិ ជំនួយមិនមែនរដ្ឋាភិបាលបរទេស ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាប់ជាមួយតម្រូវការជាក់ស្តែងនៃមូលដ្ឋាននីមួយៗ តម្រង់ទិសទៅលើបណ្តាវិស័យស្នូល ដូចជា៖ បរិវត្តកម្មឌីជីថល កំណើនបៃតង ការអប់រំប្រកបដោយគុណភាពខ្ពស់ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ...
ទីបីគឺ អនុវត្តព្រមៗគ្នានូវវិធានការទម្លុះទម្លាយនានា សំដៅពង្រីកលំហកិច្ចការបរទេស ពង្រឹងយ៉ាងរឹងមាំនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ឋានៈពហុភាគី។ ស្នើឱ្យសមមិត្តទាំងឡាយផ្តោតលើការត្រួតពិនិត្យឡើងវិញ ពង្រឹង និង «ធ្វើឱ្យថ្មី» នូវប្រព័ន្ធដៃគូនៅតាមភូមិសាស្ត្រសំខាន់ៗ ស្នើឡើងនូវគំនិតផ្តួចផ្តើម កំណត់របៀបវារៈនៅតាមបណ្តាវេទិកាប្រជាជនអន្តរជាតិធំៗ ឈានឡើងទៅកាន់តួនាទី «ដឹកនាំ» ក្នុងវិស័យសមស្របនានា ម្ចាស់ការតភ្ជាប់ជាមួយមជ្ឈដ្ឋានបញ្ញវន្ត សហគ្រិន វិទ្យាស្ថានស្រាវជ្រាវ ជាពិសេសយកចិត្តទុកដាក់កសាងកម្លាំងយុវជនដែលស្រឡាញ់វៀតណាមនៅតាមបណ្តាប្រទេសជាមិត្ត សំដៅធានានូវនិរន្តរភាពបន្តវេននៃទំនាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹងនោះ ត្រូវបង្កើតឱ្យមានជំហានលោតផ្លោះក្នុងការងារព័ត៌មានកិច្ចការបរទេស លើកកម្ពស់សមត្ថភាពរៀបរាប់ដំណើររឿងអំពីវៀតណាមទៅកាន់ពិភពលោក។
ទីបួនគឺ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងព្រមៗគ្នាជាមួយកិច្ចការបរទេសបក្ស និងការទូតរដ្ឋ ធានាឱ្យសសរស្តម្ភទាំងបីដំណើរការដូចជា «ជើងក្រានបី» ដ៏រឹងមាំ ព្រមទាំងពង្រីកតួនាទីទទួលបន្ទុកជំនាញដើម្បីផ្តល់យោបល់ប្រឹក្សាយ៉ាងសកម្មជូនគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្នុងការប្រមូលផ្តុំ សាមគ្គីភាព និងតម្រង់ទិសបណ្តាកម្លាំងធ្វើការងារកិច្ចការបរទេសប្រជាជននៅលើទូទាំងប្រទេស។
ទីប្រាំគឺ បន្តកសាងកាលានុវត្តភាពរចនាសម្ព័ន្ធចាត់តាំងធ្វើការងារកិច្ចការបរទេសប្រជាជនឱ្យមានភាពបង្រួម ប្រសិទ្ធភាព ឈានឡើងដល់កម្រិតនៃអង្គការកិច្ចការបរទេសទំនើប និងប្រកបដោយវិជ្ជាជីវៈ។ សហភាពត្រូវតែមានភាពម៉ឺងម៉ាត់ក្នុងការធ្វើឱ្យពេញលេញនូវគំរូរចនាសម្ព័ន្ធចាត់តាំងចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន តាមទិសដៅបង្រួម វិជ្ជាជីវៈ មានប្រសិទ្ធផល និងប្រសិទ្ធភាព ប្រព័ន្ធទាំងមូលត្រូវតែឆាប់បញ្ចប់ការកសាងប្រព័ន្ធទិន្នន័យរួមស្តីពីដៃគូ អាណិកជន ក្រុមអ្នកជំនាញ និងដំណើរការ ១០០% នៃនីតិវិធីនៅលើថ្នាលឌីជីថល។
សូមគោរពអង្គមហាសន្និបាតទាំងមូលជាទីគោរព!
ក្នុងឱកាសនេះ ខ្ញុំសូមស្នើដោយក្តីគោរពដល់បណ្តាគណៈ ក្រសួង ស្ថាប័ន អង្គការមហាជននៅថ្នាក់មជ្ឈិម គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងរណសិរ្សមាតុភូមិនៅតាមបណ្តាមូលដ្ឋាន ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវសារៈសំខាន់នៃកិច្ចការបរទេសប្រជាជន បង្កើតលក្ខខណ្ឌជាអតិបរមាដើម្បីឱ្យសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងបណ្តាអង្គការសមាជិកនៅថ្នាក់មជ្ឈិម និងមូលដ្ឋានពង្រីកបានល្អបំផុតនូវតួនាទីស្នូល និងទទួលបន្ទុកជំនាញរបស់ខ្លួននៅក្នុងសភាពការណ៍ថ្មី។
ប្រទេសយើងកំពុងឈានចូលទៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីមួយ បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងប្រជាជនបានផ្ញើទុកនូវជំនឿទុកចិត្តលើភាពអង់អាចក្លាហានខាងនយោបាយ បញ្ញាញាណ ស្មារតីផ្លាស់ប្តូរថ្មី និងសេចក្តីប្រាថ្នាលះបង់របស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឈានចូលក្នុងអាណត្តិថ្មី ជាមួយនឹងសន្ទុះថ្មី ផ្នត់គំនិតថ្មី និងកម្លាំងចលករថ្មី សហភាពបណ្តាអង្គការមិត្តភាពវៀតណាមនឹងបន្តចារឹកនូវទំព័រប្រវត្តិសាស្ត្រដ៏រុងរឿង នាំយកការងារកិច្ចការបរទេសប្រជាជនឈានឡើងដល់កម្រិតខ្ពស់ថ្មីមួយ រួមចំណែកយ៉ាងស័ក្តិសមទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
ក្នុងឱកាសនៃមហាសន្និបាតថ្ងៃនេះ ខ្ញុំសូមអបអរសាទរចំពោះសមមិត្តទាំង ៩៧ រូប ដែលត្រូវបានមហាសន្និបាតផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងចូលក្នុងគណៈប្រតិបត្តិការ សូមអបអរសាទរចំពោះសមមិត្តទាំងឡាយដែលត្រូវបានគណៈប្រតិបត្តិការផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងចូលក្នុងកាលានុវត្តភាពដឹកនាំនៃសហភាពបណ្តាអង្គការមិត្តភាពនីតិកាលទី VII អាណត្តិ ២០២៦ - ២០៣១។ សូមជូនពរឱ្យសមមិត្តទាំងអស់មានសាមគ្គីភាព បញ្ញាញាណ ដឹកនាំសហភាពបំពេញភារកិច្ចបានយ៉ាងឆ្នើម អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតដែលបានដាក់ចេញ។
ម្តងទៀត សូមគោរពជូនពរចំពោះសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ភ្ញៀវកិត្តិយសអន្តរជាតិ ព្រមទាំងប្រតិភូទាំងអស់ដែលចូលរួមមហាសន្និបាត សូមឱ្យមានសុខភាពបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យនៅគ្រប់តួនាទីភារកិច្ចការងារ។
សូមជូនពរឱ្យមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦ - ២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់!
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ!
លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់មេដឹកនាំពិភពលោកថា កម្ពុជាធ្លាប់មានបទពិសោធន៍លំបាកវេទនាឆ្លងកាត់សម័យសង្គ្រាម ហើយការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យនៅពេលនេះ ដោយសារតែមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំកំពូលសហព័ន្ធសន្តិភាពពិភពលោកដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ពិភពលោកកំពុងតែជួបប្រទះបញ្ហាប្រឈមក្នុងការក្សាសន្តិភាព និងអត្រានៃការរីកចម្រើនសេដ្ឋកិច្ច។ |
ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត នៃក្តីសង្ឃឹមក្រោមប្រធានបទ ៖«ការកសាង និង បង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ |


មតិពីមិត្តអ្នកអាន