យុគសម័យ - នៅក្នុងចរន្តនៃការផ្លាស់ប្តូរថ្មី និងការឈានឡើងរបស់ប្រទេសជាតិ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម (សហភាព) បានបើកចេញនូវដំណាក់កាលថ្មីមួយចំពោះសហភាពក្នុងការអនុវត្តការងារកិច្ចការបរទេសប្រជាជន។ នៅមុនឱកាសមហាសន្និបាត មិត្តភក្តិ ដៃគូអន្តរជាតិមកពីតំបន់ជាច្រើនបានផ្ញើសំបុត្រ និងសារលិខិតអបអរសាទរ កត់សម្គាល់ការរួមចំណែកនានារបស់សហភាព និងសម្តែងនូវបំណងចង់បន្តរួមដំណើរជាមួយគ្នានាពេលខាងមុខ។
| សមាគមមិត្តភាពឡាវ - វៀតណាម អបអរសាទរមហាសន្និបាតសហភាពបណ្តាអង្គការមិត្តភាពវៀតណាម បន្តវេនប្រពៃណី សរសេរបន្តនូវជោគជ័យក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ |
សហភាពបានទទួលសំបុត្រ សារលិខិត និងសារអបអរសាទរមហាសន្និបាតយ៉ាងច្រើនលើសលប់ពីដៃគូ និងមិត្តភក្តិអន្តរជាតិនៅទូទាំងទ្វីបទាំងប្រាំ។ បណ្តាសំបុត្រ និងសារលិខិតបានផ្ញើមកពីស្ថាប័នការទូត អង្គការមិត្តភាព អង្គការប្រជាជន សាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូនានារបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមនៅតាមតំបន់ជាច្រើន។
![]() |
| សំបុត្រ សារលិខិត និងសារមួយចំនួនរបស់មិត្តភក្តិ ដៃគូអន្តរជាតិផ្ញើមកអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។ |
«ដៃគូគួរឱ្យទុកចិត្ត» «ស្ពានតភ្ជាប់ដ៏សំខាន់» «មិត្តភក្តិ និងដៃគូយូរអង្វែង» «ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងអង្គការទាំងពីរ»... គឺជារបៀបដែលមិត្តភក្តិ និងដៃគូបានលើកឡើងអំពីសហភាព។ សំបុត្រ និងសារលិខិតជាច្រើនបានផ្សារភ្ជាប់ការវាយតម្លៃនោះទៅនឹងការងារនានាដែលភាគីទាំងពីរបានរួមគ្នាអនុវត្ត៖ បណ្តាវេទិកា មហោស្រពមិត្តភាពប្រជាជន ការផ្លាស់ប្តូរយុវជន ការតភ្ជាប់មូលដ្ឋាន ការជួយគាំទ្រអង្គការអន្តរជាតិធ្វើសកម្មភាពនៅវៀតណាម កម្មវិធីអភិវឌ្ឍន៍សហគមន៍ និងការជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម។
សំបុត្រជាច្រើនបានវាយតម្លៃថា មហាសន្និបាតគឺជាព្រឹត្តិការណ៍ដ៏សំខាន់បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មី ព្រមទាំងសម្តែងនូវជំនឿជាក់ថាសហភាពនឹងបន្តអនុវត្តបេសកកម្មពង្រឹងមិត្តភាព សន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្មវិធីនានាដែលមានស្រាប់ត្រូវបានស្នើឱ្យបន្ត រីឯបណ្តាច្រកទំនាក់ទំនង និងបណ្តាញដែលបានបង្កើតឡើងត្រូវបានរំពឹងថានឹងពង្រីកឥទ្ធិពល ដើម្បីបើកបន្ថែមនូវសកម្មភាពសហប្រតិបត្តិការនានាក្នុងអាណត្តិថ្មី។
តភ្ជាប់ការងារជាក់ស្តែង
នៅក្នុងបណ្តាសំបុត្រ និងសារលិខិត តួនាទីរបស់សហភាពត្រូវបានកត់សម្គាល់តាមរយៈការរក្សាបណ្តាញផ្លាស់ប្តូរប្រជាជន ការតភ្ជាប់ដៃគូអន្តរជាតិជាមួយស្ថាប័ន មូលដ្ឋាន និងសហគមន៍វៀតណាម ព្រមទាំងការជួយគាំទ្រដើម្បីឱ្យសកម្មភាពនានាចូលទៅក្នុងការអនុវត្តជាក់ស្តែង។ ការកត់សម្គាល់ទាំងនោះបានគ្របដណ្តប់យ៉ាងទូលំទូលាយចាប់ពីទំនាក់ទំនងរវាងបណ្តាអង្គការមិត្តភាព ការតភ្ជាប់មូលដ្ឋាន រហូតដល់ការជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ និងការជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម។
![]() |
| ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son (ខាងស្តាំ) ទទួលជួបលោក Truong Cuong ប្រធានគណៈការងាររណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សក្រុង Dien An (ប្រទេសចិន) នៅ Ha Noi ខែមីនា ឆ្នាំ ២០២៦។ |
វិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាប្រជាជាតិ (ICAP) បានប្រសិទ្ធនាមសហភាពថាជា «អង្គការបងប្អូន» ដោយសម្តែងនូវការគោរពដឹងគុណចំពោះការគាំទ្រ និងសាមគ្គីភាពដែលសហភាពបានផ្តល់ជូនគុយបា និង ICAP។ វិទ្យាស្ថានក៏បានរំឭកដល់វត្តមានរបស់សហភាពនៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នានា ដែលបានបង្ហាញពីសាមគ្គីភាពជាមួយគុយបា ដោយចាត់ទុកទីនេះជាសក្ខីភាពនៃសកម្មភាពទាំងឡាយដែលរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចការបរទេសប្រជាជន។
សំបុត្ររបស់សមាគមមិត្តភាពប្រជាជនកិច្ចការបរទេសទីក្រុង Dien An (ខេត្ត Shaanxi ប្រទេសចិន) បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែមីនា ឆ្នាំ ២០២៦ គណៈប្រតិភូទីក្រុង Dien An បានបំពេញការងារជាមួយសហភាព ពិភាក្សាផ្លាស់ប្តូរយោបល់អំពីការចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាន ការផ្លាស់ប្តូរមនុស្សសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ដល់ខែមិថុនា ឆ្នាំ ២០២៦ ភាគីទាំងពីរបានបន្តបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញស្តីពី «ទេសចរណ៍ក្រហម» ការអភិវឌ្ឍវិស័យកសិកម្មតាមឧត្តមភាពនៃមូលដ្ឋាន និងការកសាងទីក្រុង - ជនបទ។ យោងតាមសមាគម ក្រោយមកសហភាពបានម្ចាស់ការឧទ្ទេសនាម និងតភ្ជាប់ Dien An ជាមួយបណ្តាមូលដ្ឋានសមស្របរបស់វៀតណាម បង្កើតមូលដ្ឋានគ្រឹះដើម្បីបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃភាគីទាំងពីរ។
![]() |
| ប្រធានក្រុមនៃក្រុមពហុភារកិច្ច NPA Hue ត្រួតពិនិត្យគ្រាប់កាំភ្លើងធំដែលត្រូវបានរកឃើញនៅតំបន់ផ្ទះប្រជាពលរដ្ឋក្នុងទីក្រុង Hue ខែសីហា ឆ្នាំ ២០២៥។ |
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហភាពក្នុងការជួយគាំទ្រដល់បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេស។ ឯកអគ្គរដ្ឋទូតបានឱ្យដឹងថា មានអង្គការមិនមែនរដ្ឋាភិបាលបារាំងជាង ៥០ កំពុងធ្វើសកម្មភាពនៅវៀតណាម។ អង្គការទាំងនេះបានរួមចំណែកយ៉ាងសកម្មក្នុងការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ និងតំបន់ជួបការលំបាក។ លោកបានសម្តែងនូវជំនឿជាក់ថា ជាមួយនឹងការជួយគាំទ្ររបស់សហភាព បណ្តាអង្គការមិនមែនរដ្ឋាភិបាលបារាំងនឹងបន្តមានលក្ខខណ្ឌអំណោយផលដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម។
អង្គការជំនួយប្រជាជនន័រវែស (NPA) ប្រចាំនៅវៀតណាមបានឱ្យដឹងថា ខ្លួនបានអនុវត្តសកម្មភាពបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅវៀតណាមជិត ២០ ឆ្នាំមកហើយ រួមដំណើរជាមួយវៀតណាមក្នុងការជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម និងជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតាមមូលដ្ឋាន។ NPA បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់សហភាព ព្រមទាំងបញ្ជាក់ថា ការណែនាំ និងការសម្របសម្រួលនោះមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគោលដៅរួមរបស់ភាគីទាំងពីរ ព្រមទាំងលើកទឹកចិត្តឱ្យ NPA បន្តផ្សារភ្ជាប់ និងជួយឧបត្ថម្ភដល់វៀតណាមទៅមុខទៀត។
![]() |
| គណៈប្រតិភូសិល្បករឥណ្ឌាចូលរួមមហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌា លើកទី ១២ នៅ Vinh Phuc (បច្ចុប្បន្នជាខេត្ត Phu Tho) ខែធ្នូ ឆ្នាំ ២០២៤។ |
បន្តវេននូវការងារដែលបានរួមគ្នាអនុវត្ត
ដៃគូជាច្រើនមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនង យន្តការ និងបណ្តាញដែលបានបង្កើតឡើងជាមួយសហភាព។ សំណើនានាបានផ្តោតលើការរក្សាបណ្តាវេទិកា មហោស្រព កម្មវិធីផ្លាស់ប្តូរប្រជាជន និងយុវជន ពង្រីកការតភ្ជាប់មូលដ្ឋាន សាកលវិទ្យាល័យ អតីតនិស្សិត ព្រមទាំងអនុវត្តបន្ថែមនូវគំនិតផ្តួចផ្តើមរួមនានា។
សមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិនមានបំណងរួមជាមួយសហភាពបន្តរៀបចំកម្មវិធីដំណើរក្រហមស្រាវជ្រាវ សិក្សារបស់យុវជនវៀតណាមនៅប្រទេសចិន វេទិកាប្រជាជនចិន - វៀតណាម មហោស្រពប្រជាជនព្រំដែនចិន - វៀតណាម កសាងបន្ថែមនូវស្ពានផ្លាស់ប្តូរប្រជាជន កិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្លាស់ប្តូរមនុស្សសាស្ត្រ និងមិត្តភាពយុវជន-កុមារ។ សមាគមបានចាត់ទុកថា សកម្មភាពទាំងនេះនឹងរួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរបន្តសម្រេចបាននូវលទ្ធផលថ្មីៗ។
អង្គការសន្តិភាព និងសាមគ្គីភាពទូទាំងប្រទេសឥណ្ឌា (AIPSO) បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធ យូរអង្វែងជាមួយសហភាព ដែលត្រូវបានកសាងឡើងឆ្លងកាត់ជាច្រើនទសវត្សរ៍លើមូលដ្ឋានគ្រឹះនៃទំនុកចិត្ត សាមគ្គីភាព និងរួមគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ។ AIPSO បានរំឭកជាពិសេសដល់បណ្តាមហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌា ដោយចាត់ទុកទីនេះជាវេទិកាដ៏វិសេសវិសាល ពោរពេញដោយភាពរស់រវើក ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរបង្កើនការយល់ដឹង រួមគ្នាគោរពដឹងគុណចំពោះការផ្សារភ្ជាប់ជាប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ អង្គការមានបំណងឱ្យភាគីទាំងពីរបន្តពង្រីកសកម្មភាពផ្លាស់ប្តូរនានា និងអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ។
![]() |
| បណ្តាប្រតិភូកាត់ខ្សែបូរបើកពិព័រណ៍ «លោកប្រធាន Ho Chi Minh - អ្នកបង្កើតគ្រឹះស្ថានសម្រាប់ចំណងមិត្តភាពវៀតណាម និងសហព័ន្ធរុស្ស៊ី» នៅវិទ្យាស្ថាន Ho Chi Minh នៃសាកលវិទ្យាល័យជាតិ Saint Petersburg ខែកញ្ញា ឆ្នាំ ២០២៥។ |
សាកលវិទ្យាល័យជាតិ Saint Petersburg (សហព័ន្ធរុស្ស៊ី) បានឱ្យដឹងថា ការស្រាវជ្រាវអំពីវៀតណាម និងការបង្រៀនភាសាវៀតណាមនៅសាលាបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៣១ មកម្ល៉េះ។ យោងតាមសាលា វិទ្យាស្ថាន Ho Chi Minh នៅទីនេះគឺជាវិទ្យាស្ថានស្រាវជ្រាវដំបូងគេបង្អស់ និងតែមួយគត់លើពិភពលោកនៅក្រៅទឹកដីវៀតណាម។ វិទ្យាស្ថានបាននិងកំពុងរួមចំណែកក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្សព្វផ្សាយកេរដំណែលរបស់លោកប្រធាន Ho Chi Minh។ សាកលវិទ្យាល័យជាតិ Saint Petersburg បានអះអាងថានឹងបន្តធ្វើជាស្ពានតភ្ជាប់ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងគាំទ្របណ្តាគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង រុស្ស៊ី - វៀតណាម។
សមាគមអតីតនិស្សិតកម្ពុជាសិក្សានៅវៀតណាមបានវាយតម្លៃសហភាពថាជា «ដៃគូគួរឱ្យទុកចិត្ត» និងជា «ស្ពានតភ្ជាប់ដ៏សំខាន់» ក្នុងការរួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ សមាគមបានសម្តែងនូវការគោរពដឹងគុណចំពោះការសម្របសម្រួល និងការជួយគាំទ្ររបស់សហភាពនៅក្នុងបណ្តាសកម្មភាពផ្លាស់ប្តូរប្រជាជន វប្បធម៌ អប់រំ យុវជន និងអតីតនិស្សិត។ ឆ្ពោះទៅកាន់ការរំឭកខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា - វៀតណាម ក្នុងឆ្នាំ ២០២៧ សមាគមបានប្តេជ្ញាបន្តរួមដំណើរជាមួយសហភាព ពង្រីកតួនាទីរបស់បណ្តាជំនាន់អតីតនិស្សិតដែលធ្លាប់បានសិក្សានៅវៀតណាម ដូចជា «បេសកជនមិត្តភាព» រួមចំណែកអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។
| ១០ ឆ្នាំនៃការផ្សះផ្សា និងការតភ្ជាប់ ក្រោយរយៈពេល ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយសហភាព អង្គការគម្រោងសងខាង (2 Sides Project/សហរដ្ឋអាមេរិក) បានឱ្យដឹងថា ទំនាក់ទំនងរវាងភាគីទាំងពីរត្រូវបានកសាងឡើងលើចំណងមិត្តភាព ទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព ការយល់ដឹងរវាងបណ្តាប្រជាជាតិ។ ទំនាក់ទំនងជាមួយសហភាពដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មរបស់ 2SP សំដៅជំរុញការផ្សះផ្សា ការផ្សះផ្សាជាតិ និងការតភ្ជាប់ប្រជាជនតាមរយៈការចែករំលែករឿងរ៉ាវនានា ការបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងខឿនវប្បធម៌នានា។ ចេញពីអតីតកាលសង្គ្រាម រហូតដល់ក្លាយជាមិត្តភក្តិ និងដៃគូដ៏ជិតស្និទ្ធ សមាគមពាណិជ្ជកម្មអាមេរិកប្រចាំនៅវៀតណាម (AmCham) បានរំឭកដល់ដំណើរផ្លូវដែលវៀតណាម និងសហរដ្ឋអាមេរិកបានឆ្លងកាត់ចេញពីអតីតកាលសង្គ្រាម រហូតដល់ក្លាយជាមិត្តភក្តិ ដៃគូដ៏ជិតស្និទ្ធ - ដែលជារឿងមួយធ្លាប់តែពិបាកនឹងស្រមៃដល់។ ជាមួយនឹងតួនាទីជាមិត្តភក្តិ និងជាដៃគូយូរអង្វែងរបស់សហភាព AmCham បានសម្តែងការគាំទ្រចំពោះបេសកកម្មពង្រឹងចំណងមិត្តភាព និងការយល់ដឹងរវាងប្រជាជនវៀតណាមជាមួយប្រជាជនបណ្តាប្រទេស ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តយូរអង្វែងចំពោះការអភិវឌ្ឍរបស់វៀតណាម។ ជិតបួនទសវត្សរ៍រួមដំណើរជាមួយគ្នា អង្គការ GRET (បារាំង) បានឱ្យដឹងថា ក្នុងរយៈពេលជិតបួនទសវត្សរ៍ធ្វើសកម្មភាពនៅវៀតណាម អង្គការបានបំពេញការងាររួមជាមួយសហភាព និងដៃគូវៀតណាមជាច្រើន។ GRET បានវាយតម្លៃខ្ពស់ចំពោះការណែនាំ ទំនុកចិត្ត និងការជួយគាំទ្រប្រកបដោយនិរន្តរភាពរបស់សហភាព ដោយចាត់ទុកថារឿងរ៉ាវទាំងនោះបានបង្កើតលក្ខខណ្ឌឱ្យអង្គការអនុវត្តបណ្តាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលនាំមកនូវផលប្រយោជន៍ដល់សហគមន៍នៅតាមមូលដ្ឋានជាច្រើនលើទូទាំងប្រទេស។ |
យុគសម័យ - ទទួលការអញ្ជើញរបស់គណបក្សកុម្មុយនីស្តបារាំង (PCF) គណៈប្រតិភូគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយសមមិត្ត Nguyen Kim Son សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បានអញ្ជើញចូលរួមមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង ដែលត្រូវបានចាត់តាំងឡើងនៅទីក្រុង Lille ភាគខាងជើងប្រទេសបារាំង ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា។ |
យុគសម័យ - ថ្ងៃទី ២២ ខែកក្កដា សម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត ភូថោះ បានចាត់តាំងមហាសន្និបាតតំណាងលើកទី ១ អាណត្តិ ២០២៦-២០៣១។ |





មតិពីមិត្តអ្នកអាន