យុគសម័យ - បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសមិត្តភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រគល់ជូនដល់សមូហភាពកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ និងនាយទាហានជាន់ខ្ពស់នានា ដើម្បីកត់ត្រានូវការរួមចំណែកក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងកម្ពុជា។
| កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា ថ្នាក់ដឹកនាំវៀតណាម បារាំង និងកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Metfone |
![]() |
| នាយឧត្តមសេនីយ៍ ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បំពាក់គ្រឿងឥស្សរិយយសមិត្តភាព ថ្នាក់មហាសេនា ជូនសមូហភាពកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៧។ |
នៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ខៀវ ឆេន បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាព ថ្នាក់មហាសេនា របស់ព្រះមហាក្សត្រកម្ពុជា ជូនសមូហភាពកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៧ លោកឧត្តមសេនីយ៍ឯក Le Xuan The មេបញ្ជាការយោធភូមិភាគទី ៧ និងលោកឧត្តមសេនីយ៍ឯក Tran Vinh Ngoc ស្នងការនយោបាយយោធភូមិភាគទី ៧។
ក្រៅពីនេះ គ្រឿងឥស្សរិយយសមិត្តភាព ថ្នាក់ធិបឌិន្ទ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូននាយទាហានជាន់ខ្ពស់ចំនួន ៨ រូប ចំណុះឱ្យយោធភូមិភាគទី ៧ ដើម្បីកត់ត្រានូវការរួមចំណែកក្នុងដំណើរការពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។
ការប្រគល់គ្រឿងឥស្សរិយយសទាំងនេះ បង្ហាញពីការវាយតម្លៃខ្ពស់របស់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែករបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៧ ក្នុងការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម - កម្ពុជា។ ទន្ទឹមនឹងនេះ ក៏បញ្ជាក់ពីតួនាទីនៃកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងការបង្កើនទំនុកចិត្ត និងភាពស្អិតរមួតរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។
ថ្លែងនៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Tran Vinh Ngoc ស្នងការនយោបាយយោធភូមិភាគទី ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការទទួលស្គាល់របស់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ។
លោកឧត្តមសេនីយ៍ឯក Tran Vinh Ngoc បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៧ តែងតែកំណត់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកងយោធពលខេមរភូមិន្ទ ជាភារកិច្ចដ៏សំខាន់។ តាមរយៈសកម្មភាពសហប្រតិបត្តិការនានា ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្ត រឹតចំណងសាមគ្គីភាពឱ្យកាន់តែរឹងមាំ និងរួមចំណែកថែរក្សា អភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
ចំពោះភាគីកម្ពុជា នាយឧត្តមសេនីយ៍ ខៀវ ឆេន បានសម្តែងនូវការថ្លែងអំណរគុណចំពោះការគាំទ្រនានារបស់យោធភូមិភាគទី ៧ ដែលបានផ្តល់ជូនដល់កងយោធពលខេមរភូមិន្ទលើវិស័យជាច្រើន។ លោកបានវាយតម្លៃខ្ពស់ចំពោះស្មារតីសហប្រតិបត្តិការរវាងកងកម្លាំងកងទ័ពនៃប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងនាពេលខាងមុខ។
នាយឧត្តមសេនីយ៍ ខៀវ ឆេន ព្រមទាំងបានសម្តែងនូវជំនឿទុកចិត្តថា យុវជនជំនាន់ក្រោយ និងក្រុមនាយទាហានវៀតណាម - កម្ពុជា នឹងបន្តស្នង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព ដែលត្រូវបានពូនជ្រំឆ្លងកាត់ជាច្រើនជំនាន់មកហើយ។
យោងតាមលោក ការថែរក្សា និងការអភិវឌ្ឍទំនាក់ទំនងនេះ មានអត្ថន័យយ៉ាងសំខាន់ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិ ដែលរួមចំណែកកសាងបរិយាកាសសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសជាតិទាំងពីរ។
ពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាព គឺជាការកត់ត្រាចំពោះការរួមចំណែករបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៧ ព្រមទាំងបង្ហាញពីបំណងប្រាថ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាម និងកម្ពុជា។
តាមរយៈសកម្មភាពនេះ ភាគីទាំងពីរបន្តបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងមិត្តភាព ការពង្រឹងទំនុកចិត្ត និងការលើកកម្ពស់ទំនួលខុសត្រូវរបស់នាយទាហានគ្រប់ជំនាន់ ក្នុងការពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការការពារជាតិយូរអង្វែងរវាងប្រទេសទាំងពីរ៕
កម្ពុជាប្រារព្ធខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៅរាជធានីភ្នំពេញ យុគសម័យ - នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយ៉ាងមហោឡារិកនូវពិធីបុណ្យខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ |
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក យុគសម័យ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅខេត្ត An Giang សន្និសីទ «តភ្ជាប់ពាណិជ្ជកម្ម វៀតណាម - កម្ពុជា ឆ្នាំ ២០២៦» និងសកម្មភាពជំរុញពាណិជ្ជកម្មនានានឹងត្រូវបានរៀបចំឡើង សំដៅជួយគាំទ្រសហគ្រាសនៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូ ពង្រីកទីផ្សារ ជំរុញពាណិជ្ជកម្មតាមព្រំដែន ឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ |

មតិពីមិត្តអ្នកអាន