រដ្ឋសភាជំរុញការផ្លាស់ប្តូរថ្មីខាងនីតិបញ្ញត្តិ ដោះស្រាយការកកស្ទះសម្រាប់ការអភិវឌ្ឍ

09:01 | 28/08/2026 វ៉ាន់ណាំ

យុគសម័យ - សម័យប្រជុំវិសាមញ្ញលើកទីមួយ រដ្ឋសភានីតិកាលទី XVI បានអនុម័តច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន ព្រមទាំងផ្តល់យោបល់ជំហានដំបូងចំពោះសេចក្តីព្រាងច្បាប់ចំនួន ៧។ រាល់ការសម្រេចចិត្តទាំងឡាយបានផ្តោតសំខាន់លើការដោះស្រាយការលំបាក បើកផ្លូវឱ្យប្រភពធនធាន បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សហគ្រាស និងជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព។

ទីក្រុង Hai Phong បង្កើនការគាំទ្រការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ ទីក្រុង Can Tho តភ្ជាប់ធនធាន បង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឯកភាព

នារសៀលថ្ងៃទី ២៤ ខែសីហា ខុទ្ទកាល័យរដ្ឋសភាបានរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកទីមួយ រដ្ឋសភានីតិកាលទី XVI។

អនុម័តច្បាប់ចំនួន ១៥ និងសេចក្តីសម្រេចចិត្តបទដ្ឋានគតិយុត្តចំនួន ៦

នៅក្នុងសន្និសីទសារព័ត៌មាន លោក Nguyen Van Hien អនុប្រធានខុទ្ទកាល័យរដ្ឋសភា បានឱ្យដឹងថា បន្ទាប់ពីរយៈពេល ១៧ ថ្ងៃនៃការបំពេញការងារយ៉ាងបន្ទាន់ ម៉ត់ចត់ ប្រជាធិបតេយ្យ ទទួលខុសត្រូវ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ សម័យប្រជុំបានបញ្ចប់ទាំងស្រុងនូវរាល់ខ្លឹមសារ និងកម្មវិធីដែលបានគ្រោងទុក។

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។

រដ្ឋសភាបានពិនិត្យ អនុម័តច្បាប់ចំនួន ១៥ និងសេចក្តីសម្រេចចិត្តបទដ្ឋានគតិយុត្តចំនួន ៦ ពិនិត្យ សម្រេចលើការងារបុគ្គលិក បញ្ហាសំខាន់ៗចំនួន ៧ ស្ថិតក្រោមសមត្ថកិច្ច និងបានផ្តល់យោបល់ជំហានដំបូងចំពោះសេចក្តីព្រាងច្បាប់ចំនួន ៧ ផ្សេងទៀត។

ក្នុងលក្ខខណ្ឌនៃទំហំការងារដ៏ច្រើន សំណូមពរខ្ពស់អំពីគុណភាព និងវឌ្ឍនភាព តំណាងរាស្ត្រទាំងឡាយបានផ្តោតលើការស្រាវជ្រាវ បំពេញការងារយ៉ាងបន្ទាន់ ដោយមិនឈប់សម្រាកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទាំងពីរវគ្គនៃសម័យប្រជុំ។

មានការបញ្ចេញមតិយោបល់ជាង ២.០០០ លើក នៅតាមក្រុមពិភាក្សា និងនៅក្នុងសាលប្រជុំពេញអង្គ។ ស្ថាប័ននានារបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានប្រញាប់ប្រញាល់បូកសរុប ស្រាវជ្រាវ ទទួលយក និងបកស្រាយពន្យល់នូវរាល់មតិយោបល់ចំពោះសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្ត។

«លទ្ធផលនៃសម័យប្រជុំបន្តបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខាងនយោបាយ ស្មារតីម្ចាស់ការ ទំនួលខុសត្រូវ និងសកម្មភាពជាក់ស្តែងរបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើស្ថាប័នូបនីយកម្មឱ្យបានទាន់ពេលវេលានូវរាល់គោលមាគ៌ា មាគ៌ានយោបាយរបស់បក្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បង្កើតមូលដ្ឋានគ្រឹះឱ្យប្រទេសជាតិអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព» លោក Nguyen Van Hien បានអះអាងបែបនេះ។

រដ្ឋសភាក៏បានពិនិត្យ និងសម្រេចលើខ្លឹមសារជាច្រើនដែលទាក់ទងនឹងបណ្តាគម្រោងសំខាន់ៗថ្នាក់ជាតិ មានអត្ថន័យជាយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

លោក Nguyen Van Hien អនុប្រធានខុទ្ទកាល័យរដ្ឋសភា ជម្រាបជូនព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន។
លោក Nguyen Van Hien អនុប្រធានខុទ្ទកាល័យរដ្ឋសភា ជម្រាបជូនព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន។

ក្នុងនោះរួមមាន សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលគោលការណ៍វិនិយោគលើគម្រោងវិនិយោគសាងសង់ខ្សែផ្លូវដែក Lao Cai - Ha Noi - Hai Phong; សេចក្តីសម្រេចចិត្តស្តីពីការបំបែកគម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuan ទៅជាបណ្តាគម្រោងឯករាជ្យ; សេចក្តីសម្រេចចិត្តអនុម័តគោលការណ៍វិនិយោគលើកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌ - សង្គម ជនបទ ជនជាតិ និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២៦-២០៣៥។

ពីផ្នត់គំនិតគ្រប់គ្រងទៅកាន់ការបង្កើតការអភិវឌ្ឍ

លោក Nguyen Cong Long សមាជិកបំពេញការងារពេញម៉ោងនៅគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃរដ្ឋសភា បានឱ្យដឹងថា ក្នុងចំណោមច្បាប់ និងសេចក្តីសម្រេចចិត្តដែលត្រូវបានអនុម័ត គោលនយោបាយថ្មីៗជាច្រើនត្រូវបានរំពឹងថានឹងបង្កើតផលប៉ះពាល់ជាវិជ្ជមានយ៉ាងខ្លាំងក្លា។

យោងតាមលោក គោលនយោបាយដែលមានផលប៉ះពាល់យ៉ាងឆាប់រហ័ស និងច្បាស់លាស់ គឺសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូលបុគ្គល និងពន្ធលើប្រាក់ចំណូលសហគ្រាស សម្រាប់រូបវន្តបុគ្គល និងសហគ្រាស។

សេចក្តីសម្រេចចិត្តនេះ មិនត្រឹមតែបង្កើតផលប៉ះពាល់ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំហានផ្លាស់ប្តូរថ្មីក្នុងសកម្មភាពនីតិបញ្ញត្តិ ដោយបង្ហាញពីសមត្ថភាពឆ្លើយតបគោលនយោបាយយ៉ាងរហ័សរហួន និងទាន់ពេលវេលា ចំពោះការលំបាកក្នុងផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក Nguyen Cong Long សមាជិកបំពេញការងារពេញម៉ោងនៅគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃរដ្ឋសភា។
លោក Nguyen Cong Long សមាជិកបំពេញការងារពេញម៉ោងនៅគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃរដ្ឋសភា។

គោលនយោបាយកាត់បន្ថយពន្ធសំដៅជួយគាំទ្រដល់សហគ្រាស ជាពិសេសគឺក្រុមសហគ្រាសធុនតូច និងមីក្រូសហគ្រាស ត្រូវបានរំពឹងថានឹងបង្កើតជា «កម្លាំងរុញច្រាន» សម្រាប់បរិយាកាសវិនិយោគ និងអាជីវកម្ម ជួយឱ្យវិស័យនេះស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍប្រកបដោយស្ថិរភាព។

ទន្ទឹមនឹងដំណោះស្រាយសេដ្ឋកិច្ចទាំងឡាយ លោក Nguyen Cong Long បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយផ្លាស់ប្តូរថ្មីអំពីយន្តការធនធានមនុស្ស បង្កើតកម្លាំងចលករ និងការពារបុគ្គលទាំងឡាយណាដែលហ៊ានផ្លាស់ប្តូរថ្មី និងច្នៃប្រឌិត។

រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយ ដើម្បីដោះស្រាយការបំពានច្បាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចឯកជន និងវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍។

យោងតាមលោក Nguyen Cong Long ចំណុចគួរឱ្យកត់សម្គាល់ គឺបណ្តាគោលការណ៍ជាក់ស្តែងសំដៅលើកលែងការទទួលខុសត្រូវព្រហ្មទណ្ឌ ចៀសវាងការធ្វើនីតិព្រហ្មទណ្ឌកម្មចំពោះតួអង្គដែលធ្វើសកម្មភាពនៅក្នុងវិស័យសេដ្ឋកិច្ចរដ្ឋ និងឯកជន។

យោងតាមនោះ ប្រសិនបើសកម្មភាពវិនិយោគ អាជីវកម្ម ឬការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ពិតជាបាននាំមកនូវតម្លៃនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម សម្រាប់មូលដ្ឋាន និងប្រទេសជាតិមែននោះ សកម្មភាពទាំងនោះនឹងត្រូវបានដោះលែងចេញពីរបាំងគតិយុត្តនានា។

«នេះគឺជាយន្តការមួយ ជាកម្លាំងចលករដ៏ល្អប្រសើរ និងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ ទាំងចំពោះមុខ និងយូរអង្វែង» លោក Nguyen Cong Long បានសង្កត់ធ្ងន់បែបនេះ។

លោកស្រី Pham Thi Hong Yen តំណាងរាស្ត្របំពេញការងារពេញម៉ោងនៅគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា។
លោកស្រី Pham Thi Hong Yen តំណាងរាស្ត្របំពេញការងារពេញម៉ោងនៅគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា។

ទាក់ទងនឹងបណ្តាសេចក្តីព្រាងច្បាប់ស្តីពីដីធ្លី (វិសោធនកម្ម) ច្បាប់ស្តីពីលំនៅឋាន (វិសោធនកម្ម) និងច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ (វិសោធនកម្ម) លោកស្រី Pham Thi Hong Yen តំណាងរាស្ត្របំពេញការងារពេញម៉ោងនៅគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានឱ្យដឹងថា នេះជាសេចក្តីព្រាងច្បាប់ចំនួន ៣ ក្នុងចំណោមសេចក្តីព្រាងច្បាប់សំខាន់ពិសេសចំនួន ៧ ដែលត្រូវបានរដ្ឋសភាផ្តល់យោបល់ជំហានដំបូងនៅក្នុងសម័យប្រជុំ។

យោងតាមលោកស្រី ទិសដៅគោលនយោបាយនៅក្នុងសេចក្តីព្រាងច្បាប់ទាំងបី សំដៅបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សហគ្រាស បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន កសាងប្រព័ន្ធទិន្នន័យមូលដ្ឋានស្តីពីដីធ្លី លំនៅឋាន អចលនទ្រព្យ ព្រមទាំងបង្កើនការធ្វើវិមជ្ឈការ វិភាជន៍អំណាចរវាងថ្នាក់មជ្ឈិម និងមូលដ្ឋាន។

បណ្តាសេចក្តីព្រាងច្បាប់ក៏បានកំណត់គោលដៅកាត់បន្ថយ និងធ្វើឱ្យសាមញ្ញនូវបែបបទរដ្ឋបាល ព្រមទាំងលក្ខខណ្ឌអាជីវកម្ម។ ច្បាប់នឹងផ្តោតលើការកំណត់នូវបញ្ហាទាំងឡាយណាដែលមានលក្ខណៈជាគោលការណ៍ ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋសភា រីឯបញ្ហាដែលតែងតែមានការប្រែប្រួលជាប្រចាំ នឹងត្រូវប្រគល់ជូនរដ្ឋាភិបាល ក្រសួង ស្ថាប័ន ឬមូលដ្ឋានជាអ្នកកំណត់ ដើម្បីធានានូវភាពបត់បែន និងសមស្របតាមការអនុវត្តជាក់ស្តែង។

យោងតាមលោកស្រី Pham Thi Hong Yen វិធីសាស្ត្រនៃការលើកយកមកដោះស្រាយបែបនេះ បង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតនីតិបញ្ញត្តិ ដោយផ្ទេរពីការគ្រប់គ្រងទៅកាន់ការបង្កើតការអភិវឌ្ឍ។

ដោយសារតែសេចក្តីព្រាងច្បាប់ទាំងបីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា នាពេលខាងមុខ ស្ថាប័ននានារបស់រដ្ឋាភិបាល និងរដ្ឋាភិបាល នឹងបន្តស្រាវជ្រាវ ទទួលយក កែសម្រួល និងបំពេញបន្ថែមសំណុំឯកសារឱ្យបានពេញលេញ ដើម្បីដាក់ជូនរដ្ឋសភាបន្តពិភាក្សា ផ្តល់យោបល់ និងពិនិត្យអនុម័តនៅក្នុងសម័យប្រជុំលើកទី ២ ដែលគ្រោងនឹងបើកឡើងនៅខែតុលាខាងមុខ៕

សម័យប្រជុំលើកទីមួយ វគ្គទី ២៖ រដ្ឋសភានឹងអនុម័តសេចក្តីសម្រេចចិត្តស្តីពីយន្តការពិសេសសម្រាប់ដោះស្រាយការរំលោភច្បាប់ដីធ្លី សម័យប្រជុំលើកទីមួយ វគ្គទី ២៖ រដ្ឋសភានឹងអនុម័តសេចក្តីសម្រេចចិត្តស្តីពីយន្តការពិសេសសម្រាប់ដោះស្រាយការរំលោភច្បាប់ដីធ្លី
យុគសម័យ - បន្តកម្មវិធីនៃសម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី XVI វគ្គទី ២ នៃសម័យប្រជុំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែមេសា។ រដ្ឋសភានឹងផ្តល់មតិលើខ្លឹមសារសំខាន់ៗជាច្រើន និងធ្វើការបោះឆ្នោតអនុម័តលើបណ្តាច្បាប់ ដែលតំណាងរដ្ឋសភាបានផ្តល់មតិរួចហើយនៅក្នុងក្រុម និងនៅក្នុងសាលប្រជុំ អំឡុងសប្តាហ៍ការងារដំបូងនៃសម័យប្រជុំ។
រដ្ឋសភានៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយភាពប្រាកដប្រជា និងមានប្រសិទ្ធភាព រដ្ឋសភានៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយភាពប្រាកដប្រជា និងមានប្រសិទ្ធភាព
យុគសម័យ - នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅវិមានរដ្ឋសភា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភា Tran Thanh Man បានជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ha Noi បាញ់កាំជ្រួចនៅទីតាំងចំនួន ៥ អបអរសាទរទិវាបុណ្យជាតិ ២ កញ្ញា
រដ្ឋសភាជំរុញការផ្លាស់ប្តូរថ្មីខាងនីតិបញ្ញត្តិ ដោះស្រាយការកកស្ទះសម្រាប់ការអភិវឌ្ឍ
វៀតណាម - សិង្ហបុរី រួមគ្នាពង្រីកលំហកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី
ក្រុម K52 ស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ រូប នៅកម្ពុជា
ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា

អានច្រើនបំផុត

ពង្រីកតួនាទីរបស់មនុស្សចាស់នៅក្នុងខឿន "សេដ្ឋកិច្ចប្រាក់" ដោយបច្ចេកវិទ្យាឌីជីថល
ពីការបន្ស៊ាំ ឆ្ពោះទៅកាន់ការម្ចាស់ការកសាងលំហអភិវឌ្ឍន៍
ចិនអនុម័តបន្ថែមតំបន់ដាំដុះចំនួន ៤០១ កន្លែង និងគ្រឹះស្ថានវេចខ្ចប់ផ្លែទុរេនវៀតណាមចំនួន ១៦៦ កន្លែង
ទីក្រុង Ho Chi Minh ជំរុញសណ្ឋាគារធ្វើបរិវត្តកម្មបៃតង លើកកម្ពស់គុណភាពបម្រើសេវាកម្ម
ត្រួតពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យក្នុងសកម្មភាពធនាគារ