យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតបានអោយដឹងថា នៅខាងក្រៅនៃមហាសន្និបាតអន្តរសភាពិភពលោក លើកទី ៤១ (IPU 41 ) នៅរដ្ឋធានីប៊ែលក្រែននៃប្រទេសស៊ែប៊ី នាថ្ងៃទី ១៦ ខែតុលា (ម៉ោងក្នុងតំបន់) អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម្ចាស់ផ្ទះ លោកស្រី Maja Gokkovic។
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស៊ែប៊ី លោកស្រី Maja Gokkovic (រូបថតៈ TTXVN)
ក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម បានសម្តែងក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ីជាលើកដំបូងនិងមានការកោតសរសើរចំពោះប្រទេសនិងប្រជាជនស៊ែប៊ី ដែលជាប្រទេសសំបូរទៅដោយវប្បធម៌ប្រវត្តិសាស្រ្តនិងប្រពៃណី ព្រមទាំងថ្លែងអំណរគុណដល់សភាស៊ែប៊ី ចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅសម្រាប់គណៈប្រតិភូរដ្ឋសភាវៀតណាម។
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអះអាងថាវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តប្រពែណីនៅតំបន់អឺរ៉ុបកណ្តាល អឺរ៉ុបខាងកើតរួមទាំងស៊ែប៊ីផងដែរ។ ប្រទេសទាំងពីរមានសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំនិងកីឡាផងដែរ។ យ៉ាងណាមិញ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន សម្រេចបានត្រឹមតែ ២៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលមិនសមនឹងសក្តានុពលនៃប្រទេសទាំងពីរឡើយ។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ប្រទេសទាំងពីរគួរតែផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វប្បធម៌និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ប្រទេសទាំងពីរត្រូវបង្កើតឱកាសជាច្រើនថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូររវាងធុរកិច្ចនៃប្រទេសទាំងពីរ ដោយចាប់យកនូវទីផ្សារនិងឧត្តមភាពរបស់ខ្លួន ជាពិសេស ស្វែងរកឱកាសសហប្រតិបត្តិការថ្មី ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ភាគីទាំងពីរត្រូវពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកបទពិសោធន៍ស្តីពីច្បាប់ ការត្រួតពិនិត្យនិងការប្រតិបត្តិច្បាប់ ក៏ដូចជាបង្កើតរបៀងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការវិនិយោគផងដែរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបណ្តាវេទិកាពហុភាគី អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានថ្លែងអំណរគុណចំពោះស៊ែប៊ីដែលបានជួយគាំទ្រវៀតណាមក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិដើម្បីចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅលើពិភពលោក។
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងគណៈប្រតិភូរដ្ឋសភាស៊ែប៊ី (រូបថត៖ TTXVN)
រីឯខ្លួនវិញ ប្រធានរដ្ឋសភាស៊ែប៊ី លោកស្រី Maja Gojkovic បានសម្តែងក្តីរីករាយដោយបានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភាអចិន្ត្រៃយ៍គឺលោកស្រី Tong Thi Phong ចូលរួមមហាសន្និបាត IPU-141។ លោកស្រី Maja Gojkovic បានសង្កត់ធ្ងន់ថា នេះគឺជាជំនួបមានចរិតលក្ខណៈប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងនិងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។
ប្រធានរដ្ឋសភាស៊ែប៊ីបានចែករំលែកថា មហាសន្និបាត IPU-141 លើកនេះ គឺជាមហាសន្និបាតមួយដែលទាក់ទាញចំនួនសមាជិកសភា IPU ច្រើនបំផុត តាំងពីមុនមក ដោយមានប្រធានរដ្ឋសភាជិត ៨០ រូប និង អនុប្រធានរដ្ឋសភាជិត ៦០ រូប រួមទាំងតំណាងរាស្ត្រនិងប្រតិភូតំណាងជាង ២៥០០ នាក់ដែលតំណាងឱ្យអង្គការអន្តរជាតិទៀតផង។ ដោយឡែក វៀតណាមនិងស៊ែប៊ីសុទ្ធតែជាសមាជិកដែលមានការទទួលខុសត្រូវរបស់ IPU ហើយប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ខ្លួន ដើម្បីរួមចំណែកពង្រឹងតួនាទីនិងឋានៈរបស់ IPU ផងដែរ។
ប្រធានរដ្ឋសភាស៊ែប៊ីបានឯកភាពជាមួយមតិរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរ ដោយបញ្ជាក់ថា ប្រទេសស៊ែប៊ីតែងតែយកចិត្តទុកដាក់និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងការពារជាតិជាដើម។ ក្នុងឱកាសនេះ តាមរយៈអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភាស៊ែប៊ី បានគោរពអញ្ជើញលោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសស៊ែប៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាក៏ដូចជារវាងប្រទេសទាំងពីរផងដែរ។
នៅថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូអូស្រ្តាលី លោក Lucy Wicks ។ ក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានសម្តែងនូវការសប្បាយរីករាយ ចំពោះការអភិវឌ្ឍដ៏ល្អប្រពៃនៃទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលីនាពេលកន្លងមក ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអប់រំ - បណ្តុះបណ្តាល។ ។ ជាពិសេស ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីតាមរយៈការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងខែមីនាឆ្នាំ ២០១៨ ដែលជាព្រឹត្តិការណ៍សំខាន់ រួមចំណែគបង្កើតក្របខ័ណ្ឌថ្មីសម្រាប់នាំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ទាំងទ្វេភាគីនិងពហុភាគី។
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបជាប្រធានប្រតិភូសភាអូស្ត្រាលី (រូបថត៖ TTXVN)
លោកស្រី Tong Thi Phong បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងគាំទ្រគោលជំហររបស់វៀត ណាមលើបញ្ហាសមុទ្រខាងកើត។ វៀតណាមចង់ឲ្យអូស្ត្រាលីបន្តគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាននិងយន្តការដឹកនាំអាស៊ាន ជាពិសេសសម្របសម្រួលជំហរយ៉ាងជិតស្និទ្ធក្នុងបញ្ហាសមុទ្រខាងកើត ដើម្បីរួមចំណែកធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់។
ចំណែកខ្លួនវិញ លោកប្រធានគណៈប្រតិភូអូស្រ្តាលីបានឯកភាពជាមួយនឹងការវាយតម្លៃរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរដោយលើកឡើងថា ការចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរលើបញ្ហាយុទ្ធសាស្ត្រនៃប្រទេសទាំងពីរនិយាយដោយឡែកនិងក្នុងតំបន់និយាយរួម។ លោកប្រធានគណៈប្រតិភូអូស្ត្រាលីរូបនេះ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអូស្ត្រាលីនិងវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងអូស្ត្រាលីនិងអាស៊ាន។ នាពេលខាងមុខ អូស្ត្រាលីមានបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំនិងបណ្តុះបណ្តាលរួមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនផងដែរ។ ជាពិសេស ប្រទេសអូស្រ្តាលីតែងតែគាំទ្រនិងប្តេជ្ញាលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងមានបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអោយបានច្រើនថែមទៀត៕
(បកប្រែដោយស្រីព្រេជ)



មតិពីមិត្តអ្នកអាន