យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែមីនា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Lu Xinshe លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang (ចិន) ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម និងចូលរួមកម្មវិធីជួបប្រាស្រ័យនាដើមនិទាឃរដូវជាមួយលេខានៃគណៈកម្មាធិការបក្សខេត្ត Quang Ninh, Lang Son, Cao Bang, Ha Giang (វៀតណាម)។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Lu Xinshe លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangzi Zhuang (ចិន) (រូបថតៈ VNA)
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូងនិងចូលរួមកម្មវិធីជួបប្រាស្រ័យដើមនិទាឃៈរដូវ របស់លោក Lu Xinshe ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងយ៉ាងល្អប្រសើររវាងវៀតណាមនិងចិននិងរវាងខេត្ត Guangzi ជាមួយតំបន់ជាប់ព្រំដែនរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា ភាគីទាំងពីរនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងយ៉ាងល្អប្រសើរនេះ។
ចំណែកខ្លួនវិញ លោក Lu Xinshe បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅសម្រាប់រូបលោកផ្ទាល់និងគណៈប្រតិភូ និងបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងខេត្ត Guangxi និងតំបន់នានានៃប្រទេសវៀតណាម។
ទន្ទឹមជាមួយគ្នានេះ លោកលេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangzi Zhuang (ចិន) ក៏បានសម្តែងគោលបំណង ចង់ឲ្យរដ្ឋាភិបាលវៀតណាមគាំទ្រការបង្កើន ការតភ្ជាប់ផ្លូវគោក ផ្លូវសមុទ្រជាមួយចិននិយាយរួមនិងខេត្ត Guangxi និយាយដោយឡែក។ ហេតុដូច្នេះ ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុកដាក់សម្រាប់ការកសាងមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន។
រូបថតៈ VGP/Quang Hieu
អញ្ជើញឆ្លើយតបវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល នាពេលថ្មីៗនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងចិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យភាគីទាំងពីរ ពង្រឹងនិងពង្រីកនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាពដ៏ល្អប្រសើរ រវាងបណ្តាខេត្តជាប់ព្រំដែន ជាពិសេសគឺការជួបប្រាស្រ័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយខេត្ត Guangxi តែម្តង។
ស្តីពីមណ្ឌលសហប្រតិបត្តិការឆ្លងដែន លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមគាំទ្រនិងមានបំណងជំរុញយ៉ាងឆាប់ៗនូវបញ្ហានេះ។ រួមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមនឹងបញ្ជាណែនាំឲ្យបណ្តាខេត្តជាប់ព្រំដែន ពង្រឹងនិងពង្រីកនូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ដើម្បីបង្កើនការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយតំបន់នានារបស់ចិន។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យបង្កើនការសម្របសម្រួលរួមសហការក្នុងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Guangxi និងបណ្ដាតំបន់ផ្សេងៗទៀតរបស់វៀតណាម ដូចជាទីក្រុងហូជីមិញ ខេត្ត Quang Nam ខេត្ត Nghe An និងខេត្ត Hai Phong ជាដើម៕
មតិពីមិត្តអ្នកអាន