យុគសម័យ - នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ចាំបាច់ត្រូវផ្តោតសំខាន់លើការផ្តល់ជំនួយសម្រាប់គ្រួសារ ៥,៥៩២ គ្រួដែលមិនទាន់មានផ្ទះស្នាក់នៅឬកំពុងរស់នៅកន្លែងជាបណ្ដោះអាសន្ន ដើម្បីជំនេះពុះពារនូវស្ថានភាពលំបាកផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
នាព្រឹកថ្ងៃទី២៣សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននិងតំបន់មួយចំនួន ស្តីពីការផ្តល់ជំនួយបន្ទាន់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់និងការបាក់ដី។
យោងតាមការធ្វើស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បច្ចប្បន្នមាន គ្រួសារ ៥.៥៩២ គ្រួ គ្មានផ្ទះសម្បែងឬរស់នៅក្នុងផ្ទះបណ្តោះអាសន្ន។ ហើយគ្រួសារជាង ៤២ម៉ឺន កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ដោយសារផលប៉ះពាល់ដោយទឹកជំនន់ បាក់ដី ដែលត្រូវការវជម្លៀកចេញទៅកាន់ទីតាំងសុវត្ថភាពជាបន្ទាន់។ ទន្ទឹមនឹងការផ្តល់ជំនួយជាផ្ទះសម្បែង ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏បានស្នើឲ្យដំឡើងសាកពិសោធន៍នូវឧបករណ៍ឃ្លាំមើល ការព្រមានអំពីទឹកជំនន់ ការរអិលបាក់ដីនៅទីតាំងដែលមានគ្រោះថ្នាក់ខ្ពស់មួយចំនួន។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលជំហររបស់រដ្ឋ គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដែលមិនមានទីស្នាក់នៅអាស្រ័យដោយគ្រោះធម្មជាតិឡើយ។ កិច្ចប្រជុំនេះគឺសំដៅរិះរកវិធានការជួយឧបត្ថម្ភជាបន្ទាន់ សម្រាប់គ្រួសារដែលត្រូវបាត់បង់ផ្ទះសម្បែង ហើយកំពុងស្នាក់នៅកន្លែងជាបណ្ដោះ អាសន្ន។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ត្រូវដាក់ចេញវិធានការជួយឧបត្ថម្ភឲ្យបានទាន់ពេល វេលានិងសមស្របចំពោះក្រុមមុខសញ្ញានីមួយៗ។
សូមគូសបញ្ជាក់ថា ពីដើមឆ្នាំមក នៅវៀតណាមបានកើតមានឡើងគ្រោះទឹកជំនន់និងការបាក់ស្រុតដី១២លើក បណ្ដាលឲ្យមនុស្សប្រមាណ៤០ នាក់ស្លាប់ ១៤នាក់បាត់ខ្លួន និងបង្កការខូចខាតឡើងដល់ទៅ១លានលានដុង។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/ Quang Hieu)
ទាក់ទង់ទៅនឹងកម្រិតជំនួយ លោកនាយករដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដាក់ចេញកម្រិតសមស្របរវាងជំនួយលំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធ ដោយឈរលើស្មារតីសមភាពនិងតម្លាភាពហើយដាក់ជូនលោក នាយករដ្ឋមន្រ្តីឲ្យបានជ្រាប។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រូវដាក់សំណើជូនដល់នាយករដ្ឋមន្ត្រីជាបន្ទាន់ នូវគម្រោងមេស្តីពីការជម្លៀសប្រជាជនចេញពីតំបន់មានគ្រោះមហន្តរាយ។
លោកនាយករដ្ឋមន្ត្រី អញ្ជើញផ្លាស់ប្តូរមតិយោបល់ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន (រូបថតៈ VGP/Quang Hieu)
ក្រសួងផែនការនិងវិនិយោគត្រូវរួមសហការជាមួយក្រសួងហិរញ្ញវត្ថុក្នុងការស្នើសុំទុនបម្រុងសម្រាប់ការវិនិយោគរយៈពេលមធ្យមដើម្បីបែងចែកទុនសង្គ្រោះបន្ទាន់ទៅតំបន់ដែលត្រូវបានផ្លាស់ប្តូរទីតាំងនៅក្រោមគម្រោងនេះ។
ក្រសួងធនធានធម្មជាតិនិងបរិស្ថានត្រូវរួមសហការរជាមួយតំបន់នានាក្នុងការធ្វើផែនទីកំណត់កន្លែងមានគ្រោះមហន្តរាយ ទឹកជំនន់និងការរអិលបាក់ដី។ ក្រសួងសំណង់រួមសហការជាមួយបណ្តាក្រសួង មូលដ្ឋាននានាក្នុងការត្រួតពិនិត្យដើម្បីរៀបចំផែនការចំនួនប្រជាជនផងដែរ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)




មតិពីមិត្តអ្នកអាន