Trending now

សិល្បៈសំដែងអាយ៉ងទឹកដ៏វិសេសវិសាលរបស់ភូមិ Dong Ngu ខេត្ត Bac Ninh

13:37 | 29/03/2021

ភូមិ Dong Ngu ឃុំ Ngu Thai ស្រុក Thuan Thanh ខេត្ត Bac Ninh ជាកន្លែងល្បីឈ្មោះជាមួយនឹងក្រុមសម្តែងល្ខោនអាយ៉ងទឹក Dong Ngu។ ឆ្លងកាត់ការឡើងចុះនៃពេលវេលា រហូតមកដល់បច្ចុប្បន្ន Dong Ngu នៅតែជាវង់សម្តែងល្ខោនអាយ៉ងទឹកមួយក្នុងចំណោមក្រុមសម្តែងល្ខោនអាយ៉ងទឹកប្រជាប្រិយទាំង ១៤ ក្នុងប្រទេសនៅតែដំណើរការជាមួយនឹងឈុតសម្តែងវិសេសវិសាលជាច្រើននិងសម្បូរបែប។ ទាំងអស់នេះបានបញ្ជាក់ពីភាពរឹងមាំយូរអង្វែងនៃប្រភេទសិល្បៈដ៏វិសេសវិសាលនេះ។

អ្នកទស្សនាជាច្រើនរីករាយនឹងការបង្ហាញអាយ៉ងទឹក Dong Ngu នៅក្នុងអាគារអភិរក្សវប្បធម៌ប្រជាប្រិយ Luy Lau (រូបថត៖ baobacninh.com.vn)

ឆ្លងកាត់អស់រយៈពេលជាង ១០ សតវត្សដែលគងវង្សនិងអភិវឌ្ឍន៍មក សិល្បៈល្ខោនអាយ៉ងទឹក Dong Ngu នៅតែជាសោភ័ណភាពវប្បធម៌ ហើយបានបឆ្លុះបញ្ចាំងជាក់ស្តែងនូវជីវភាពរស់នៅដ៏សាមញ្ញរបស់ប្រជាជននៅតំបន់ដីសណ្តភាគខាងជើងវៀតណាម។ ការសម្តែងអាយ៉ងទឹក Dong Ngu មិនត្រឹមតែមានលក្ខណៈប្លែកៗ តាមរយៈឈុតសម្តែងនីមួយៗប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអ្នកទស្សនាតាមរយៈចង្វាក់ភ្លេងប្រជាប្រិយដោយរស់រវើកនិងគួរឱ្យស្រឡាញ់ ដែលពុំមានភូមិអាយ៉ងទឹកណាមួយប្រដូចបានឡើយ។ យោងទៅតាមប្រជាជនក្នុងតំបន់ ការសម្តែងអាយ៉ងទឹក បានមានវត្តមាននៅរាជវង្ស Ly (១០០៩-១២២៥) ប៉ុន្តែប្រភេទសិល្បៈនេះត្រឹមតែបានស្តារឡើងវិញនៅឆ្នាំ ១៩៥៨ មកតែប៉ុណ្ណោះ។ ក្នុងប៉ុន្មានឆ្នាំដំបូង វង់សម្តែងអាយ៉ងទឹក Dong Ngu ត្រឹមតែបម្រើប្រជាជនក្នុងឱកាសបុណ្យភូមិនិងតំបន់ក្បែរខាង តាមរយៈរឿងសម្តែងដូចជា៖ ការដុតកាំជ្រួចដើម្បីបើកទង់; អញ្ជើញពិសារស្លាម្លូរ; ទៅវត្តលេងយោងទោង ឬកង្វាលសត្វក្របីលេងផ្លុំខ្លុយជាដើម។ បច្ចុប្បន្ននេះ ក្នុងភូមិនៅតែរក្សារូបសំណាកមួយដែលមានលាបពណ៌ត្នោតធ្វើពីឈើខ្នុរ ដែលជារូបចម្លាក់របស់បុព្វបុរសភូមិ អ្នកដែលបានដើរតួយ៉ាងសំខាន់ក្នុងការបង្ហាត់បង្រៀននិងអភិវឌ្ឍសិល្បៈសម្តែងល្ខោនអាយ៉ងទឹក Dong Ngu។ លោក Nguyen Dang Dung ជាសិល្បៈករសម្តែងនៃក្រុមសិល្បៈអាយ៉ងទឹក Dong Ngu បានឲ្យដឹងថា៖ “ខ្ញុំបានលឺព្រឹទ្ធាចារ្យភូមិគេ ប្រាប់ថា ចាប់ពីសតវត្សទី ១០ ដល់ទី ១១ ប្រទេសយើងស្ថិតក្នុងភាពវឹកវរ ដោយសង្គ្រាម ហើយរឿងសម្តែងអាយ៉ងទឹកនានាត្រូវបានបាត់បង់ជាបណ្តើរៗ។ រហូតមកដល់ឆ្នាំ ១៩៥៤-១៩៥៥ ចាស់ទុំក្នុងភូមិទើបបានស្វែងរកឡើងវិញសាច់រឿងសម្តែងអាយ៉ងរបស់ជីដូនជីតា។ មកដល់ដំណាក់កាលឆ្នាំ ១៩៨៥-១៩៨៦ ប្រទេសជាតិអភិវឌ្ឍន៍ សេដ្ឋកិច្ចរីកចម្រើន ហើយព្រឹទ្ធាចារ្យក្នុងភូមិបានប្រមូលផ្តុំគ្នានិងរួមគ្នាស្តារឡើងវិញរឿងសម្តែងអាយ៉ងពីសម័យបុរាណ”។

ដោយមានបំណង ថែរក្សាវប្បធម៍ក្នុងតំបន់ វង់សិល្បៈសម្តែងអាយ៉ងទឹក Dong Ngu បានបង្កើតឡើង ដោយមានការចូលរួមចំណែកទាំងខាងស្មារតីនិងសម្ភារៈរបស់ប្រជាជនក្នុងតំបន់ទៀតផង។ បន្ទាប់ពីដំណើរការជិត ៣០ ឆ្នាំមក ហើយរហូតមកដល់ពេលនេះ វង់សម្តែងអាយ៉ងទឹក Dong Ngu បានទៅសម្តែងនៅគ្រប់ទីកន្លែង។ ជារៀងរាល់ឆ្នាំ វង់សិល្បៈ Dong Ngu នេះបានទៅសម្តែងប្រហែល ៤០ ដល់ ៥០ លើក ដោយបង្ហាញពីអត្តសញ្ញាណនៃស្រុកកំណើត ទៅគ្រប់តំបន់ និងផ្សព្វផ្សាយបទចំរៀងប្រជាប្រិយ Quan ho Bac Ninh ទៀតផង។ ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនូវចង្វាក់ភ្លេង និងផ្លុំបញ្ជូលព្រលឹងអាយ៉ង ដើម្បីអាយ៉ងអាចសម្តែងពីអារម្មណ៍របស់ប្រជាជននៅតំបន់ភាគខាងជើងវៀតណាម។ លោក Nguyen Thanh Lai ប្រធានវង់អាយ៉ងទឹក Dong Ngu បានឲ្យដឹងថា៖ “កាលពីដើមដំបូង នៅពេលវង់សម្តែងអាយ៉ងទឹក Dong Ngu ត្រូវបានស្តារឡើងវិញ គឺធ្លាប់ជួបការលំបាកនិងបញ្ហាប្រឈមមុខភាពកង្វះខាតជាច្រើន។ ប៉ុន្តែ អ្នកភូមិគេបានរួមគ្នា អ្នកខ្លះប្រមូលមែកឈើឬស្សី អ្នកខ្លះចូលរួមឈើ អ្នកខ្លះមានបាតដៃប្រសពដោយឆ្លាក់រូបរាងអាយ៉ង ហើយអ្នកខ្លះលាបថ្នាំ ពោលគឺគេរួមគ្នាដើម្បីបង្កើតជារូបរាងអាយ៉ងដើម្បីយកទៅសម្តែង”។

សិល្បករភូមិ Dong Ngu ឃុំ Ngu Thai ស្រុក Thuan Thanh ខេត្ត Bac Ninh ត្រៀមអាយ៉ងទឹកសម្រាប់សម្តែងបម្រើទស្សនិកជន

វង់អាយ៉ងទឹកផ្សេងទៀត តែងតែបញ្ជាអាយ៉ងទឹកដោយប្រើដំបង ប៉ុន្តែប្រជាជន Dong Ngu គេរួមបញ្ជូនការបញ្ជាអាយ៉ងដោយដំបងផងនិងខ្សែផង។ ហេតុដូច្នេះ តួអង្គអាយ៉ងអាចធ្វើចលនាបានច្រើនក្បាច់និងអាចខិតចូលមកជិតទស្សនិកជនជាង។ សម្រាប់វង់សម្តែងអាយ៉ងនីមួយៗ រឿងសម្តែងគឺជាព្រលឹង បង្កើតឡើងលក្ខណៈពិសេសនិងប្លែកនៃតំបន់នីមួយៗ និងវង់សម្តែងនីមួយៗ។ ដូចជាតំបន់ដែលមានវង់សម្តែងអាយ៉ងទឹក សិល្បៈអាយ៉ងទឹក Dong Ngu បានបញ្ជាឲ្យអាយ៉ងចលនាដូចមនុស្ស ហើយសម្តែងលើចង្វាក់តន្រ្តីដូចជាកំពុងរាំអញ្ជឹង។ យោងតាមសិល្បៈករ Nguyen Dang Dung ជាមួយនឹងចំណង់ចំណូលចិត្តរបស់ប្រជជនភូមិ Dong Ngu គ្រប់ជំនាន់ សិល្បៈសម្តែងអាយ៉ងទឹករបស់ភូមិកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីកាលវិភាគសម្តែងទៀងទាត់របស់វង់សម្តែងអាយ៉ងនៅទីនេះតែម្តង។ រឿងនិទានបុរាណជាង ២០០ រឿង អាយ៉ងជាង ២០០ ប្រភេទ ត្រូវបានស្តារឡើងវិញ។ ក្រុមសម្តែងអាយ៉ងទឹក Dong Ngu បានទៅសម្តែងនៅគ្រប់ទីកន្លែងដោយនាំយកអត្តសញ្ញាណនៃស្រុកកំណើតទៅគ្រប់តំបន់។ សិល្បករ Duong Van Giao សមាជិកមានវ័យច្រើនជាងគេនៃវង់សម្តែងអាយ៉ងទឹក Dong Ngu បានចែករំលែកថា៖ “ដើម្បីបង្កើតតួរអាយ៉ងទឹកមួយ អ្នកត្រូវយល់ថាអាយ៉ងទឹកនោះដើរតួរអ្វី ពោលគឺត្រូវមានទំហំនិងអារម្មណ៍ផ្ទាល់ខ្លួន។ មានតួរអង្គខ្លះគឺមានស្នាមញញឹមនិងរីករាយ ខណៈពេលដែលតួអង្គច្រៀង គឺត្រូវផ្តោតលើសម្លៀកបំពាក់ ការតុបតែងកាយដើម្បីឱ្យសមនឹងអ្នកចំរៀង។ ក្រៅពីនេះ អ្នកច្នៃអាយ៉ងត្រូវមានភាពអត់ធ្មត់និងមានជំនាញពេលបង្កើតអាយ៉ង”។

បច្ចុប្បន្ននេះ ភូមិ Dong Ngu មានវង់សម្តែងអាយ៉ងប្រជាប្រិយពីរគឺ Dong Ngu និង Luy Lau។ ឆ្លងកាត់ពេលឡើងចុះជាច្រើនឆ្នាំនៃមក ដោយចំណង់ចំណូលចិត្ត និងជំនាញ អាយ៉ងទឹក Dong Ngu ឈានដល់ក្រិត្យក្រម នាំយកវប្បធម៌ប្រពៃណីរបស់តំបន់ដីភាគខាងជើង ទៅដល់តំបន់ជាច្រើនទូទាំងប្រទេស៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR