ចក្រភពអង់គ្លេសបានបង្ហាញនូវការប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីចុងខែកញ្ញា គាំទ្រថវិកាប្រមាណជាង ៦,២ លានដុល្លារសហរដ្ឋអាមេរិក (៤,៨ លានផោន) ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារជំងឺកូវីដ ១៩ ដល់ប្រទេស ៤ នៅក្នុងអាស៊ាន។ ប្រទេសទាំង ៤ នោះគឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
លោក ប្រាក់ សុខុន និងសហការីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ រូបថត ក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេសតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣០ ខែកញ្ញា ស្ដីពីការឆ្លើយតបនឹងជំងឺកូវីដ ១៩ ដោយបានបង្ហាញថា កិច្ចប្រជុំបានបង្ហាញនូវសេចក្តីព្រួយបារម្ភអំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះដល់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅទូទាំងពិភពលោក។
ក្នុងបរិការណ៍នេះកិច្ចប្រជុំបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេសលើការស្រាវជ្រាវ អភិវឌ្ឍ ផលិតកម្ម និងការចែកវ៉ាក់សាំង និងផ្តល់ការព្យាបាលជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវត្ថុបំណងប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាព ទទួលបានវ៉ាក់សាំង និងការព្យាបាលស្មើៗគ្នា និងមានតម្លៃសមរម្យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ប្រទេសសមាជិកអាស៊ានបានលើកទឹកចិត្តដល់ចក្រភពអង់គ្លេសឲ្យជួយគាំទ្រ និងចូលរួមចំណែកដល់ការបម្រុងទុកការផ្គត់ផ្គង់វេជ្ជសាស្ត្រក្នុងតំបន់ ដើម្បីជួយឲ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះតម្រូវការផ្គត់ផ្គង់វេជ្ជសាស្ត្រជាបន្ទាន់។
ក្នុងអំឡុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជាបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជា ចំពោះការស្នើសុំរបស់ចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនា និងបញ្ជាក់ថា អាស៊ាន និងចក្រភពអង់គ្លេស នៅតែអាចធ្វើការជាមួយគ្នាបានក្នុងអំឡុងពេលកំពុងរង់ចាំការយល់ព្រមលើសំណើ ជាពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគដែលមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន និងចក្រភពអង់គ្លេស។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញសុទិដ្ឋិនិយមថា ចក្រភពអង់គ្លេសនឹងរួមចំណែកផ្តល់ជូនទាន់ពេលវេលានូវវ៉ាក់សាំងប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ»។ ក្នុងកិច្ចប្រជុំនោះចក្រភពអង់គ្លេស ចូលរួមចំណែកបរិច្ចាគថវិកាចំនួនប្រមាណជាង ១ លានដុល្លារ (១ លានផោន) ដល់មូលនិធិអាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ ១៩ ក៏ដូចជាការគាំទ្រជាយុទ្ឋសាស្ត្រនូវថវិកាចំនួនប្រមាណជាងកន្លះលានដុល្លារ (០,៥ លានផោន) ដល់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើត និងដាក់ចេញនូវគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺកូវីដ ១៩។
លោក ប្រាក់ សុខុន ក៏បានថ្លែងទៅកាន់អង្គប្រជុំផងដែរអំពីលទ្ធភាពសម្រាប់ភាគីទាំង ២ ដើម្បីរិះរកវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនានាក្នុងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិបើកចំហ និងការបង្កើតច្រកធ្វើដំណើរសុវត្ថិភាព សម្រាប់អ្នកជំនួញដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរពាណិជ្ជកម្ម និងវិនិយោគរវាងចក្រភពអង់គ្លេស និងតំបន់អាស៊ាន។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានឲ្យដឹងថា ជំនួយថវិការបស់ចក្រភពអង់គ្លេសដល់ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងនោះ គឺជាកាយវិការសប្បុរសចំពោះបណ្ដាប្រទេសក្រីក្រ លំបាក ពិសេសក្នុងពេលកំពុងប្រឈមនឹងវិបត្ដិជំងឺកូវីដ ១៩ នេះ។
លោកថ្លែងថា៖ «ធនធាន (ជំនួយ) ទាំងនេះអាចជួយកម្ពុជាក៏ដូចជាប្រទេសទទួលបានជំនួយផ្សេងទៀត អាចទប់ស្កាត់នូវការរីករាលដាល និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងដោយជំងឺកូវីដ ១៩ បានមួយផ្នែក»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងដែរថា ចក្រភពអង់គ្លេសបានបង្ហាញជំហរក្នុងការគាំទ្រដល់ប្រទេសអាស៊ាន និងចង់ឲ្យមានកិច្ចសន្ទនាជាមួយអាស៊ានគឺជាកិច្ចសហប្រតិបត្ដិការល្អដល់ប្រទេសអាស៊ានក្នុងការសន្ទនាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
លោកថ្លែងថា៖ «វាជាច្រកការទូតដ៏សំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ានធ្វើឲ្យទំនាក់ទំនង អាស៊ាន និងចក្រភពអង់គ្លេសរឹតតែល្អថែមទៀត។ យើងដឹងហើយថា ចក្រភពអង់គ្លេសគឺជាទីផ្សារធំនៅអឺរ៉ុប ជាក់ស្ដែងការនាំចេញ សម្លៀកបំពាក់ ទៅអឺរ៉ុបរបស់កម្ពុជាគឺនាំទៅកាន់ចក្រភពអង់គ្លេស»៕
(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: MFAIC/Postkhmer)