យុគសម័យ - កម្ពុជាបានបើកទំព័រប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀតក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងទៀត លើវិញ្ញាសា Ski Modified នាយបេសកកម្ម ។
រូបថតៈ freshnewsasia
នេះគឺជាមេដាយមាសទី២ ហើយដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងបេសកកម្មប្រកួតកីឡា Asian Games ឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីវ័យក្មេង ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១គ្រឿងកាលពីថ្ងៃទី២៤ខែសីហា ប៉ុន្ដែសមិទ្ធិផលបណ្ដោះអាសន្ននេះ គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង។
រូបថតៈ freshnewsasia
កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នៃកីឡា Ju-Jitsu បានឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅឥណ្ឌូណេស៊ី បន្ទាប់ពីបានយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Mahra Alhinaai ១០០-០ នៅវគ្គផ្តាច់ព្រ័ត្រ។
រូបថតៈ Thmeythmey
កីឡាការិនី ខាន់ ចេសា នៃកីឡាJu-Jitsu បានឈានទៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាការិនីហ្វីលីពីន Jenna Kaila Napolis ១០០-០ នៅសង្វៀន JCC - Assembly Hall ប្រទេសឥណ្ឌូណេស៊ី។
រូបថតៈ freshnewsasia
ចេសា បើកឆាកជាមួយនឹងជ័យជម្នះ ១០០-០ លើកីឡាការិនីថៃ Suwanan Boonsorn នៅវគ្គ៣២នាក់ បន្ទាប់មកឈ្នះកីឡាការិនីចិន Yi-Wen La ដែលបានបោះបង់ចោលការប្រកួត។ ឈានទៅវគ្គបន្ត ចេសា យកឈ្នះកីឡាការិនីអ៊ីរ៉ង់ Nahid Pirhady មុននឹងបន្តឈ្នះកីឡាការិនីហ្វីលីពីន Jenna Kaila Napolis។
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)