លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានស្នើរដ្ឋាភិបាលថៃអនុញ្ញាតឱ្យពលករកម្ពុជាអាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ និងជួយបញ្ចុះថ្លៃការធ្វើចត្តាឡីស័ក និងបានលើកទឹកចិត្តឱ្យវិនិយោគិនថៃមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងជំនួបតាមវីដេអូជាមួយសមភាគីថៃ។ រូប ក្រសួងការបរទេស
លោក ប្រាក់ សុខុន បានស្នើបែបនេះក្នុងជំនួបតាមប្រព័ន្ធវីដេអូរជាមួយលោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសថៃកាលពីថ្ងៃទី ២ ខែតុលា ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសការរំឭកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាកិច្ចការតំបន់ និងសកលលោកដែលជាប្រយោជន៍ និងជាក្ដីកង្វល់រួម។
លោក សុខុន ថ្លែងថា៖ «កម្ពុជាស្នើភាគីថៃឱ្យអនុញ្ញាតដល់ពលករកម្ពុជា ដែលកាន់បណ្ណព្រំដែន (Border passes) និងពលករដែលចុះឈ្មោះធ្វើការតាមអនុស្សរណៈស្តីពីការយោគយល់គ្នា (MoU) អាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ និងជួយបញ្ចុះថ្លៃចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ»។
លោក សុខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃសម្រាប់ការផ្ដល់ជំនួយថវិកា និងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ រួមទាំងការជួយសម្រួលឱ្យនិស្សិត និងអ្នកជំងឺសង្គ្រោះបន្ទាន់កម្ពុជាចេញ-ចូល ប្រទេសថៃ។
លោក ដន ប្រាម៉ាត់វិណៃ ក៏បានថ្លែងតាមរយៈជំនួបតាមប្រព័ន្ធវីដេអូនេះដែរ ដោយបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ ទូទាំងប្រទេស។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេសកម្ពុជា ចំពោះការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋថៃក្នុងអំឡុងពេលកូវីដ ១៩។
លោក ប្រាក់ សុខុន បានអរគុណអាជ្ញាធរថៃចំពោះការជួយសម្រួលក្នុងការពន្យារសុពលភាពទិដ្ឋាការស្នាក់នៅ និងបណ្ណអនុញ្ញាតឱ្យធ្វើការងារដល់ពលករកម្ពុជាព្រមទាំងបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកបាត់បង់ការងារ និងអត្ថប្រយោជន៍ផ្នែកសង្គមនានាដល់ពលករដែលត្រូវបានព្យួរការងារ។
ជាមួយគ្នានេះ កម្ពុជាក៏កត់សម្គាល់ដោយក្តីរីករាយចំពោះតួលេខវិនិយោគថៃនៅកម្ពុជាដែលបានកើនឡើងជិត ៣ ដងក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២០ បើធៀបនឹងតួលេខឆ្នាំមុន។ កម្ពុជាលើកទឹកចិត្តឱ្យវិនិយោគិនថៃមកធ្វើការវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ភាគីទាំង ២ ក៏បានសម្តែងនូវក្តីរីករាយដោយកត់សម្គាល់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរលើវិស័យសំខាន់ៗដទៃទៀត រួមមាន សន្តិសុខ អប់រំ ទេសចរណ៍ ថាមពលជាដើម។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបនេះបញ្ជាក់ថា ភាគីទាំង ២ រីករាយចំពោះពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំបើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយកម្ពុជាបានស្នើភាគីថៃជួយសម្រួលការដឹកជញ្ជូនទំនិញឆ្លងដែនបង្កើនការនាំចូលកសិផលរបស់កម្ពុជា ព្រមទាំងពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការដឹកជញ្ជូនឆ្លងដែន និងការងារសំខាន់ៗដទៃទៀត។
ភាគីទាំង ២ ក៏បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការបើកច្រកព្រំដែនតំបន់ និងអន្តរជាតិថ្មីៗបន្ថែមទៀត និងការដំឡើងកម្រិតច្រកព្រំដែនតំបន់ដែលមានស្រាប់ទៅជាច្រកព្រំដែនអន្តរជាតិ។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់ មើលឃើញថា ប្រទេសថៃ នៅបន្តបិទប្រទេសនៅឡើយហើយស្ថានភាពការងារនៅក្នុងប្រទេសនេះក៏នៅមិនទាន់មានស្ថិរភាពនៅឡើយដែរ។ ដូច្នេះទើបពលករខ្មែរមួយចំនួននៅបន្តត្រឡប់មកកម្ពុជាវិញ ដើម្បីស្វែងរកការងារធ្វើនៅក្នុងស្រុក។ ចំណែកពលករមួយចំនួនដែលនៅបន្តធ្វើការងារក្នុងប្រទេសថៃ គឺមិនទទួលបានការងារជាប់លាប់ទេ។
លោកថ្លែងថា៖ «ដូច្នេះអ្វីដែលជាការស្នើសុំរបស់ក្រសួងការបរទេសយើងទៅដល់ភាគីថៃនេះ បើសិនជាបានជោគជ័យវាជារឿងមួយល្អ។ ប៉ុន្ដែយើងមិនសូវសង្ឃឹមថា ទទួលបានលទ្ធផលនោះទេព្រោះភាគីថៃស្ថានភាពនៅមិនទាន់មានតម្រូវការពលករនៅឡើយ ហើយបើមានតម្រូវការកើតឡើងក៏មានពលករខ្មែរនៅទីនោះខ្លះស្រាប់ហើយដែរ កំពុងត្រូវការការងារ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា លើកឡើងថាប្រទេសកម្ពុជា និងថៃតាមរយៈបទពិសោធទំនាក់ទំនងចាស់ទុំជាមួយគ្នាជាង ៧០ ឆ្នាំកន្លងមកនេះ ប្រទេសទាំង ២ មានតម្រូវការគ្នាទៅវិញទៅមក ក្នុងនោះទំហំពាណិជ្ជកម្មមានរហូតដល់រាប់ពាន់លានដុល្លារផងដែរ។
លោកថ្លែងថា៖ «ប្រទេសថៃ មានទីផ្សារការងារសម្រាប់ពលករកម្ពុជា។ ប៉ុន្ដែប្រទេសថៃមានកង្វះខាតកម្លាំងពលកម្ម ដូច្នេះត្រូវការកម្លាំងពលកម្មពីកម្ពុជា។ ដូច្នេះមិនមែនថៃមានភាពខ្លាំងមកលើកម្ពុជាតែម្ខាងនោះទេ។ យើងមើលស្ថានភាពបច្ចុប្បន្នថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ត្រូវការគ្នា ហើយមានលក្ខណៈនៃការដឹកនាំក៏ប្រហាក់ប្រហែលគ្នាដែរ»៕
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន