Trending now

ព្រះសង្ឃគ្រប់វត្ដអារាម គាំទ្រការសម្រេចរបស់សម្តេចតេជោ លើកពេលឈប់សម្រាប់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

15:43 | 14/04/2020

បន្ទាប់ពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយគ្រាន់តែទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លូន ព្រះសង្ឃតាមទីវត្ដអារាម បានមានសង្ឃដិកាគាំទ្រទាំងស្រុង ទៅលើការសម្រេចដ៏ឈ្លាសវៃរបស់សម្ដេចតេជោ។

ព្រះពោធិវង្សា ពៅ រតនា ព្រះរាជាគណៈថ្នាក់កិត្ដិយស ព្រះសមុហ៍គណខេត្ដកណ្ដាល និងជាព្រះវិន័យអនុគណស្រុកកៀនស្វាយ បានមានសង្ឃដិកាថា «ក្នុងនាមព្រះសង្ឃ ក៏ដូចជាអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំនុះជើងវត្ដកៀនស្វាយក្រៅទាំងមូល ឯកភាពគាំទ្រទាំងស្រុង ទៅលើអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាទ្រង់ទ្រាយធំ ដើម្បីចូលរួមការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឱ្យរីករាលដាលជាលក្ខណៈសហគមន៍»

ការសម្រេចរបស់សម្ដចតេជោ គឺជាការប្រពៃណាស់ សម្រាប់ព្រះសង្ឃ អាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំនុះជើងវត្ដកៀនស្វាយក្រៅទាំងមូល ដែលអាចរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា។

ព្រះពោធិវង្សា ពៅ រតនា មានសង្ឃដិកាថា ត្បិតតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាទ្រង់ទ្រាយធំ ប៉ុន្ដែសម្ដេច មិនបានហាមអំពីការរៀបចំពិធីទទួលទេវតាឆ្នាំថ្មីនោះទេ។ ដូច្នេះ នៅតាមទីវត្ដអារាម ដែលជាទីសក្ការៈបូជា បានចំតុបតែង ដើម្បីទទួលទេវតាឆ្នាំថ្មីធម្មតា តែមិនមានការជួបជុំទ្រង់ទ្រាយធំ មិនប្រារព្ធពិធីតាមទំនៀមទម្លាប់ដូចរាល់ឆ្នាំនោះទេ ទាំងលេងល្បែងប្រពៃណី និងរាំវង់កំសាន្ដនានផងដែរ។

ជាមួយគ្នានោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា បានមានព្រះសង្ឃដិកាផងដែរថា «ក្នុងនាមព្រះសង្ឃក៏ដូចជាអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទចំនុះជើងវត្ដ សូមថ្លែងគាំទ្រ និងអរគុណដ៏ជ្រាលជ្រៅបំផុត ដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្ដទុក្ខដាក់ដល់សុខទុក្ខរបស់ប្រជារាស្ដ្រ ដោយបានចេញសារាចរផាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩»

នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា ក៏ដូចជាវត្ដអារាមនានាផងដែរ គឺមានមិនប្រារព្ធពិធីបែបទំនៀមទម្លាប់ប្រពៃណីជាតិសាសនាដូចឆ្នាំមុនៗនោះទេ គឺមានតែរៀបចំតុបតែងសម្រាប់ទទួលទេវតាឆ្នាំថ្មីតែប៉ុណ្ណោះ។

ក្នុងឱកាសនោះ ព្រះសង្ឃ ក៏បានចម្រើនពរ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាការពារទប់ស្កាត់នឹងជំងឺកូវីដ១៩ កុំទៅកាន់ទីប្រជុំជនមានមនុស្សច្រើន ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិចជាង២ម៉ែត្រ និងត្រូវប្រកាន់ភ្ជាប់នូវអនាម័យជានិច្ច។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសសំណូមពរទៅដល់មន្ត្រីរាជការ អ្នកបម្រើការក្នុងវិស័យឯកជន កម្មករនិយោជិត ក៏ដូចជាស្ថាប័នសាធារណៈ និងក្រុមហ៊ុនឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា សូមពន្យារពេលថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ «ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ប៉ុន្តែការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាង «គោរាគទេវី» ត្រូវធ្វើនៅតាមគេហដ្ឋានរៀងៗខ្លួនដូចរៀងរាល់ឆ្នាំ។

លើសពីនោះ ក្រៅពីផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ក៏បានសំណូមពរដល់ស្ថាប័នរដ្ឋ និងឯកជន ត្រូវបន្តធ្វើការងារធម្មតា កាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកវិញនៅពេលសមស្រប៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន