នាថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុង Da Nang រដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរលើវិស័យដែលរដ្ឋសភានៃប្រទេសទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
![]() |
| ទិដ្ឋភាពនៃសិក្ខាសាលា |
លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម លោកឧត្តមសេនីយ៍ឯក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម នៃរដ្ឋសភាកម្ពុជា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម នៃព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាសហអធិបតីនៃសិក្ខាសាលា។
ថ្លែងមតិនៅសិក្ខាសាលានេះ លោក Nguyen Duc Hai បានអះអាងថា ឆ្នាំ ២០២២ គឺជាឆ្នាំពិសេសបំផុតសម្រាប់ប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ និងមានស្ថិរភាព។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ បានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ ភាគីទាំងពីរបានសម្របសម្រួលរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងក្របខ័ណ្ឌនៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២ ខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ / ២៤ មិថុនា ២០២២)។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភា/ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរក្សាយ៉ាងល្អក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
នៅក្នុងសិក្ខាសាលានេះ រដ្ឋសភាវៀតណាម និងកម្ពុជា បានឯកភាពចែករំលែកបទពិសោធន៍លើប្រធានបទដូចខាងក្រោម៖ តួនាទីរបស់រដ្ឋសភាក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍; កិច្ចសហប្រតិបត្តិការក្នុងអនុតំបន់មេគង្គ; ទិសដៅ និងវិធានការពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរនិយាយរួម និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរនិយាយដោយឡែក រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។
លោកជំទាវ ម៉ែន សំអន រំពឹងថា ប្រទេសទាំងពីរនឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមសមាជិកសភាមិត្តភាព និងសមាជិកសភាជាស្ត្រីជាដើម។ ទន្ទឹមនឹងនោះ លោកជំទាវបានស្នើឱ្យភាគីវៀតណាមជួយជំរុញការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងក្នុងតំបន់ទន្លេមេគង្គ ប្រែក្លាយកន្លែងនេះទៅជាឃ្លាំងបម្រុងស្បៀងក្នុងតំបន់ និងពិភពលោក និងរួមចំណែកដល់សកម្មភាពមនុស្សធម៌៕

មតិពីមិត្តអ្នកអាន