Trending now

អង្គការ CHAI (សហរដ្ឋអាមេរិក)៖ កិច្ចសហប្រតិបត្តិការសុខាភិបាលកសាងជំនឿចិត្ត និងបង្កើតទំនាក់ទំនងប្រកបដោយនិរន្តរភាព

08:36 | 12/06/2026 ឌឹកអាញ់

យុគសម័យ - ចាប់ពីការព្យាបាលជំងឺ HIV សម្រាប់កុមារ ការបង្ការនិងបង្ក្រាបជំងឺរបេង រហូតដល់ការគាំទ្រគ្រប់គ្រងទិន្នន័យ និងខ្សែច្រវាក់ផ្គត់ផ្គង់ អង្គការ Clinton Health Access Initiative (CHAI/សហរដ្ឋអាមេរិក) បានរួមដំណើរជាមួយប្រទេសវៀតណាមនៅក្នុងសកម្មភាពថែទាំសុខភាពសហគមន៍។ នៅក្នុងការផ្លាស់ប្តូរមតិជាមួយទស្សនាវដ្តីយុគសម័យ អនុប្រធានអង្គការ CHAI លោក Zachary Katz បានវាយតម្លៃខ្ពស់ចំពោះជំហានរីកចម្រើនរបស់វៀតណាមនៅក្នុងវិស័យសុខាភិបាល ព្រមទាំងបានសម្តែងនូវជំនឿចិត្តលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

អង្គការ Sunflower Mission (សហរដ្ឋអាមេរិក) ឧបត្ថម្ភគម្រោងអប់រំតម្លៃ ៤,៩ ប៊ីលីយូនដុង នៅខេត្ត An Giang វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក

- ក្រឡេកមើលឡើងវិញនូវរយៈពេលជិត ២០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម តាមលោក តើលទ្ធផលលេចធ្លោបំផុតដែលអង្គការ CHAI សម្រេចបានរួមគ្នាជាមួយបណ្តាដៃគូវៀតណាមគឺជាអ្វី?

អង្គការ CHAI តែងតែធ្វើសកម្មភាពទៅតាមគោលការណ៍រួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេស។ ហេតុដូច្នេះហើយ រាល់សមិទ្ធផលទាំងឡាយដែលសម្រេចបាន មុនដំបូងបង្អស់គឺជារបស់រដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាម។ យើងខ្ញុំមានមោទនភាពដែលបានរួមចំណែកនៅក្នុងបណ្តាលទ្ធផលទាំងនោះ។

ស្នាមញញឹមនិងការចងចាំដ៏គួរឱ្យកត់សម្គាល់បំផុតមួយ គឺការដែលយើងខ្ញុំបានជួយជ្រោមជ្រែងរដ្ឋាភិបាលក្នុងការកសាង និងពង្រីកកម្មវិធីព្យាបាលជំងឺ HIV សម្រាប់កុមារ។ នៅពេលដែល CHAI ចាប់ផ្តើមធ្វើសកម្មភាពនៅប្រទេសវៀតណាម ការឈានទៅទទួលបានការព្យាបាលគឺនៅមានកម្រិតនៅឡើយ។ តែត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ អត្រាគ្របដណ្តប់នៃការព្យាបាលជំងឺ HIV លើកុមារសម្រេចបានប្រមាណ ៨៦% ហើយបច្ចុប្បន្ននេះ ស្ទើរតែគ្រប់កុមារទាំងអស់ដែលត្រូវការការព្យាបាល សុទ្ធសឹងតែអាចឈានទៅទទួលបានសេវាសុខាភិបាល ជាមួយនឹងអត្រារស់រានមានជីវិតខ្ពស់។ នេះគឺជាសមិទ្ធផលមួយដែលមានអត្ថន័យជាពិសេស ដែលបានជួយឱ្យកុមារជាច្រើនរូប ដែលធ្លាប់តែមានឱកាសរស់រានមានជីវិតតិចតួចបំផុត អាចមានលទ្ធភាពលូតលាស់ រីកចម្រើន និងរស់នៅស្ទើរតែជាធម្មតាឡើងវិញនាពេលបច្ចុប្បន្ន។

អង្គការ CHAI (សហរដ្ឋអាមេរិក)៖ កិច្ចសហប្រតិបត្តិការសុខាភិបាលកសាងជំនឿចិត្ត និងបង្កើតទំនាក់ទំនងប្រកបដោយនិរន្តរភាព
អនុប្រធានអង្គការ Clinton Health Access Initiative (CHAI) លោក Zachary Katz។

ទន្ទឹមនឹងនោះ អង្គការ CHAI ក៏បានរួមដំណើរជាមួយប្រទេសវៀតណាមនៅក្នុងការងារបង្ការ និងបង្ក្រាបជំងឺរបេងផងដែរ។ យើងខ្ញុំបានជួយជ្រោមជ្រែងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ប្រព័ន្ធទិន្នន័យ និងសកម្មភាពស្វែងរកករណីអ្នកជំងឺ ដែលរួមចំណែកសម្រេចបាននូវគោលដៅបញ្ចប់ជំងឺរបេងដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញ។ ក្រៅពីនេះ នៅក្នុងដំណាក់កាលនៃមហាភ័យរាតត្បាតកូវីដ-១៩ អង្គការ CHAI ក៏បានចូលរួមជួយជ្រោមជ្រែងដល់បណ្តាកម្មវិធីដែលពាក់ព័ន្ធនឹងវ៉ាក់សាំងផងដែរ។

- តាមលោក តើការខិតខំប្រឹងប្រែងណាដទៃទៀតរបស់វៀតណាមនៅក្នុងការលើកកម្ពស់សុខភាពសហគមន៍ ត្រូវបានចាត់ទុកថាមានភាពលេចធ្លោ និងនាំមកនូវផលជះដ៏ស៊ីជម្រៅបំផុត?

បណ្តាជោគជ័យនៅក្នុងវិស័យព្យាបាលជំងឺ HIV បានឆ្លុះបញ្ចាំងពីនិន្នាការទូទៅនៃវិស័យសុខាភិបាលវៀតណាម។ សមត្ថភាពនៃការផ្តល់សេវាសុខាភិបាលកាន់តែត្រូវបានលើកកម្ពស់ខ្ពស់ឡើង ខណៈពេលដែលវិសាលភាពគ្របដណ្តប់នៃបណ្តាកម្មវិធីថែទាំសុខភាពត្រូវបានពង្រីកជាបន្តបន្ទាប់។

តាមរយៈដំណើរការត្រួតពិនិត្យឡើងវិញនាពេលថ្មីៗនេះ យើងខ្ញុំបានកត់សម្គាល់ឃើញថា វ៉ាក់សាំងថ្មីមួយចំនួនដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីចាក់ថ្នាំបង្ការក្នុងអំឡុងពេល ១ ដល់ ២ ឆ្នាំកន្លងមកនេះ គឺសម្រេចបានអត្រាគ្របដណ្តប់ជិត ៩០%។ ករណីនេះបានបង្ហាញឱ្យឃើញថា ប្រព័ន្ធសុខាភិបាលវៀតណាមដំណើរការទៅប្រកបដោយប្រសិទ្ធភាព មានលទ្ធភាពបន្សាំខ្លួន និងដាក់ឱ្យអនុវត្តបានយ៉ាងរហ័សនូវបណ្តាកម្មវិធីសុខាភិបាលថ្មីៗ។

ដោយបានធ្វើសកម្មភាពនៅប្រទេសវៀតណាមចាប់តាំងពីឆ្នាំ ២០០៦ មក អង្គការ Clinton Health Access Initiative (CHAI) បានពង្រីកការជួយជ្រោមជ្រែងរបស់ខ្លួនពីការបង្ការ និងបង្ក្រាបជំងឺ HIV/AIDS ទៅកាន់វិស័យសុខាភិបាលសាធារណៈជាច្រើនផ្សេងទៀត រួមមាន ជំងឺគ្រុនចាញ់ ជំងឺរបេង ជំងឺរលាកថ្លើមប្រភេទ C ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ទន្ទឹមនឹងការជួយជ្រោមជ្រែងក្នុងការកសាងកម្មវិធី និងគោលនយោបាយសុខាភិបាល អង្គការនេះក៏បានរួមចំណែកលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តបច្ចេកវិទ្យាឌីជីថល ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងថ្មីៗ និងការជំរុញហិរញ្ញវត្ថុសុខាភិបាលប្រកបដោយនិរន្តរភាព។

ការរីកចម្រើននោះបានធ្វើឱ្យបណ្តាអង្គការនានា ដូចជា CHAI ត្រូវតែធ្វើការកែសម្រួលវិធីសាស្ត្រជួយជ្រោមជ្រែងជាបន្តបន្ទាប់។ ក្នុងចំណោម ៣៥ ប្រទេសដែល CHAI កំពុងធ្វើសកម្មភាព វៀតណាមអាចត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធសុខាភិបាលសាធារណៈពេញលេញ និងល្អបំផុត។

នៅពេលធ្វើការងារនៅប្រទេសវៀតណាម អង្គការ CHAI មិនត្រឹមតែត្រូវការជំនាញកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវកសាងបណ្តាកម្មវិធីជួយជ្រោមជ្រែងឱ្យស្របទៅនឹងកម្រិតនៃការអភិវឌ្ឍនៃប្រព័ន្ធសុខាភិបាលនាពេលបច្ចុប្បន្នផងដែរ។ យើងខ្ញុំត្រូវតែពិចារណាលើកត្តានេះនៅក្នុងការជ្រើសរើសបុគ្គលិក ការកសាងយុទ្ធសាស្ត្រ និងការដាក់ឱ្យអនុវត្តបណ្តាសកម្មភាពសហប្រតិបត្តិការ។

ហេតុដូច្នេះហើយ នៅប្រទេសវៀតណាម អង្គការ CHAI ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជួយជ្រោមជ្រែងក្នុងការបំពេញបន្ថែមឱ្យកាន់តែល្អឥតខ្ចោះនូវបណ្តាប្រព័ន្ធ ដូចជា ការគ្រប់គ្រងទិន្នន័យ ភស្តុភារកម្ម បរិក្ខារបរិធាន និងខ្សែច្រវាក់ផ្គត់ផ្គង់សុខាភិបាល។ និយាយម្យ៉ាងទៀត យើងខ្ញុំកំពុងរួមដំណើរជាមួយរដ្ឋាភិបាលនៅក្នុងដំណើរការធ្វើឱ្យប្រសើរឡើងជាអតិបរមា និងលើកកម្ពស់ប្រសិទ្ធភាពនៃបណ្តាប្រព័ន្ធដែលត្រូវបានកសាងឡើងយ៉ាងរឹងមាំរួចជាស្រេច ជំនួសឱ្យការជួយជ្រោមជ្រែងចាប់តាំងពីដំណាក់កាលដំបូងបង្អស់ដូចជាលក្ខណៈនៅក្នុងបណ្តាប្រទេសដទៃទៀត។

ទោះជាយ៉ាងណាក៏ដោយ នៅតែមានក្រុមប្រជាជនងាយរងគ្រោះមួយចំនួននៅតាមតំបន់ខ្លះ ឬបណ្តាក្រុមប្រជាជនដែលមិនទាន់អាចឈានទៅទទួលបានសេវាសុខាភិបាលបានពេញលេញដូចកម្រិតមធ្យមទូទៅនៅឡើយ។ ហេតុដូច្នេះ ជំនួយនិងការគាំទ្ររបស់អង្គការ CHAI តែងតែត្រូវបានកែសម្រួលឱ្យសមស្របទៅនឹងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងសុខាភិបាលរបស់ប្រទេសវៀតណាម។

អង្គការ CHAI (សហរដ្ឋអាមេរិក)៖ កិច្ចសហប្រតិបត្តិការសុខាភិបាលកសាងជំនឿចិត្ត និងបង្កើតទំនាក់ទំនងប្រកបដោយនិរន្តរភាព
អាទិភាពចម្បងមួយក្នុងចំណោមអាទិភាពឈានមុខគេរបស់អង្គការ CHAI គឺការជួយជ្រោមជ្រែងប្រទេសវៀតណាម ឈានទៅសម្រេចបាននូវគោលដៅបញ្ចប់ជំងឺរបេង។

- តើបណ្តាកម្មវិធីរបស់អង្គការ CHAI បាននាំមកនូវផលប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់ប្រជាជនវៀតណាម ជាពិសេសគឺបណ្តាក្រុមប្រជាជនងាយរងគ្រោះ?

ភាគច្រើននៃបណ្តាវិស័យដែល CHAI ផ្តោតការយកចិត្តទុកដាក់ជួយជ្រោមជ្រែង សុទ្ធសឹងតែជាបញ្ហាសុខាភិបាលដែលមានផលជះដោយផ្ទាល់ទៅលើអ្នកក្រីក្រ និងក្រុមប្រជាជនងាយរងគ្រោះ។ ជំងឺ HIV និងជំងឺរបេង គឺជាបណ្តាជំងឺដែលជារឿយៗតែងតែជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុតទៅលើមនុស្សដែលមានជីវភាពជួបការលំបាក ឬមានលទ្ធភាពឈានទៅទទួលបានសេវាសុខាភិបាលនៅមានកម្រិតនៅឡើយ។

ទោះបីជាចំណុចស្នូលនៃសកម្មភាពរបស់ CHAI គឺការជួយជ្រោមជ្រែងបង្កើនសមត្ថភាពប្រព័ន្ធសុខាភិបាលក៏ដោយ ក៏យើងខ្ញុំតែងតែផ្តល់អាទិភាពដល់បណ្តាវិស័យដែលមានការលំបាកបំផុត និងបណ្តាក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ ឬងាយរងគ្រោះបំផុត។

រូបខ្ញុំផ្ទាល់ គឺទទួលបន្ទុកលើវិស័យសុខភាពកុមារនៅអង្គការ CHAI។ ហេតុដូច្នេះហើយ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមនៅក្នុងបណ្តាកម្មវិធីចាក់ថ្នាំបង្ការវ៉ាក់សាំង ឬការបង្ការនិងបង្ក្រាបជំងឺរបេងលើកុមារ គឺជាការងារទាំងឡាយដែលយើងខ្ញុំមានមោទនភាពជាពិសេស។ គោលដៅចុងក្រោយនៃការខិតខំប្រឹងប្រែងទាំងនោះ គឺការជួយជ្រោមជ្រែងឱ្យប្អូនៗអាចធំធាត់ឡើងក្នុងលក្ខខណ្ឌធម្មតា ក្លាយជាប្រជាពលរដ្ឋដែលមានសុខភាពល្អ មានសេចក្តីសុខ និងមានសមត្ថភាពរួមចំណែកដល់សង្គមជាតិ។

- តើអ្វីជាបណ្តាអាទិភាព និងទិសដៅសហប្រតិបត្តិការរបស់អង្គការ CHAI នៅប្រទេសវៀតណាមក្នុងបណ្តាឆ្នាំខាងមុខ ដែរឬទេលោក?

នៅក្នុងបណ្តាឆ្នាំខាងមុខ អាទិភាពឈានមុខគេមួយក្នុងចំណោមអាទិភាពឈានមុខគេទាំងឡាយរបស់អង្គការ CHAI គឺការជួយជ្រោមជ្រែងប្រទេសវៀតណាម ឈានទៅសម្រេចបាននូវគោលដៅបញ្ចប់ជំងឺរបេង។ នេះគឺជាគោលដៅសកលរបស់យើងខ្ញុំ ហើយក៏ជាវិស័យដែលយើងខ្ញុំជឿជាក់ថា វៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីសម្រេចបាន។

នាពេលបច្ចុប្បន្ន ការខិតខំប្រឹងប្រែងជាច្រើនកំពុងត្រូវបានដាក់ឱ្យអនុវត្ត សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការស្វែងរកករណីអ្នកជំងឺ កែលម្អគុណភាពនៃការព្យាបាល បង្កើនការស្វែងរក និងព្យាបាលជំងឺរបេងលាក់កំបាំង។ ទន្ទឹមនឹងនោះ បណ្តាឧបករណ៍ថ្មីៗកំពុងតែលេចរូបរាងឡើង ដែលក្នុងនោះមានវ៉ាក់សាំងបង្ការជំងឺរបេង ដែលបើកឡើងនូវទស្សនវិស័យថ្មីៗជាច្រើនសម្រាប់ការងារបង្ការ និងបង្ក្រាបជំងឺមួយនេះ។

ជាមួយនឹងប្រព័ន្ធសុខាភិបាលសាធារណៈដ៏រឹងមាំ និងកាន់តែមានភាពល្អឥតខ្ចោះដូចជាប្រទេសវៀតណាម យើងខ្ញុំជឿជាក់ថា បច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗអាចត្រូវបានទទួលយក និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពយ៉ាងរហ័ស។ នោះគឺជាមូលហេតុដែលវិស័យបង្ការ និងបង្ក្រាបជំងឺរបេង នៅតែបន្តជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់បំផុតមួយរបស់អង្គការ CHAI ក្នុងរយៈពេលខាងមុខ។

ទន្ទឹមនឹងនោះ ជំងឺ HIV នៅតែជាអាទិភាពមួយ។ នាពេលបច្ចុប្បន្ន CHAI កំពុងចូលរួមជំរុញការឈានទៅទទួលបានបណ្តាឧបករណ៍ថ្មីៗ ដូចជា Lenacapavir ដែលជាប្រភេទថ្នាំបង្ការជំងឺ HIV មានប្រសិទ្ធភាពយូរអង្វែង។ បណ្តាជំហានរីកចម្រើនខាងវិទ្យាសាស្ត្រនៅក្នុងវិស័យនេះ កំពុងបើកឡើងនូវលទ្ធភាពគ្រប់គ្រង ឬឈានទៅដល់ការបញ្ចប់ជំងឺ HIV ទៀតផង។

នៅប្រទេសវៀតណាម ភាគច្រើននៃអ្នកផ្ទុកមេរោគ HIV សុទ្ធសឹងតែអាចឈានទៅទទួលបានការព្យាបាលរួចរាល់ហើយ សកម្មភាពធ្វើតេស្តពិនិត្យត្រូវបានដាក់ឱ្យអនុវត្តយ៉ាងទូលំទូលាយ ហើយបណ្តាកម្មវិធីបង្ការកំពុងតែបញ្ចេញប្រសិទ្ធភាព។ នៅក្នុងបរិបទនោះ យើងខ្ញុំជឿជាក់ថា ការនាំយកជំងឺ HIV ឱ្យចូលទៅកៀកនឹងកម្រិតនៃការលុបបំបាត់ចោលក្នុងរង្វង់មនុស្ស ១ ជំនាន់ គឺវាជាគោលដៅដែលអាចសម្រេចទៅបានទាំងស្រុង។ អង្គការ CHAI នឹងមានមោទនភាពយ៉ាងខ្លាំង ប្រសិនបើអាចបន្តរួមចំណែកចំណែកមួយនៅក្នុងដំណើរមួយនោះ។

- តើលោកវាយតម្លៃយ៉ាងណាដែរចំពោះតួនាទីនៃកិច្ចសហប្រតិបត្តិការសុខាភិបាល ក្នុងការបង្កើនទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ?

ទោះបីជា CHAI គឺជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី លោក Bill Clinton ក៏ដោយ ក៏យើងខ្ញុំតែងតែចាត់ទុកខ្លួនឯងថាជាអង្គការដែលមានលក្ខណៈអន្តរជាតិ។ នាពេលបច្ចុប្បន្ន ជិត ៨៥% ដល់ ៩០% នៃបុគ្គលិករបស់ CHAI គឺជាជនជាតិដើមនៅក្នុងបណ្តាប្រទេសដែលអង្គការធ្វើសកម្មភាព។

តាមខ្ញុំ តម្លៃដ៏សំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការសុខាភិបាល គឺស្ថិតនៅលើលទ្ធភាពកសាងជំនឿចិត្ត និងបង្កើតទំនាក់ទំនងប្រកបដោយនិរន្តរភាពរវាងបណ្តាដៃគូ។ នេះក៏ជាគោលការណ៍ស្នូលនៅក្នុងវិធីសាស្ត្រធ្វើការងាររបស់ CHAI ផងដែរ។ យើងខ្ញុំប្រាថ្នាចង់ឱ្យគេចាត់ទុកដូចជាចំណែកមួយនៅក្នុងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃបណ្តាប្រទេស សំដៅសម្រេចបាននូវបណ្តាគោលដៅ និងការប្តេជ្ញាចិត្តអំពីសុខាភិបាលសាធារណៈ។

យើងខ្ញុំជឿជាក់ថា គឺដំណើរការសហប្រតិបត្តិការនោះហើយដែលរួមចំណែកពង្រឹងជំនឿចិត្ត បង្កើនទំនាក់ទំនងរវាងបណ្តាអង្គការ និងស្ថាប័នរដ្ឋ ទន្ទឹមនឹងនោះ បង្កើតនូវបណ្តាមូលដ្ឋានរួមដើម្បីរួមគ្នាឆ្ពោះទៅរកបណ្តាគោលដៅអភិវឌ្ឍន៍យូរអង្វែង។ នៅក្នុងជ្រុងមើលដែលទូលំទូលាយជាងនេះ នេះក៏ជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនង ក៏ដូចជាបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

- សូមថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅ!

ទីផ្សារ ០ ដុងចែករំលែកការលំបាកជាមួយកុមារជិត ១.០០០ នាក់នៅ Mu Cang Chai (Yen Bai) ទីផ្សារ ០ ដុងចែករំលែកការលំបាកជាមួយកុមារជិត ១.០០០ នាក់នៅ Mu Cang Chai (Yen Bai)

យុគសម័យ - ក្នុងឱកាសនៃពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ នារសៀលថ្ងៃទី ២៣ ខែកញ្ញា មូលនិធិកុមារវៀតណាមបានរៀបចំកម្មវិធី “ផ្សារ​ ០ ដុង” សម្រាប់កុមារនៅឃុំ Cao Pha ស្រុក Mu Cang Chai ខេត្ត Yen Bai។

វៀតណាម៖ បើកទេសចរណ៍រដូវមាស Mu Cang Chai ឆ្នាំ ២០២៣ វៀតណាម៖ បើកទេសចរណ៍រដូវមាស Mu Cang Chai ឆ្នាំ ២០២៣

ក្នុងឱកាសរំលឹកខួបលើកទី៧៨ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា នាយប់ថ្ងៃទី ១ ខែកញ្ញា ស្រុក Mu Cang Chai (ខេត្ត Yen Bai) បានរៀបចំកម្មវិធីសិល្បៈ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងបានបើកសកម្មភាពទេសចរណ៍រដូវមាស Mu Cang Chai ឆ្នាំ២០២៣។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - សិង្ហបុរី បង្កើនល្បឿនផ្សារភ្ជាប់ទំនាក់ទំនងនិងលើកថ្នាក់ទីផ្សារទុន
ការបើកសោរដងកំណើន - កម្លាំងរុញច្រានពីសេដ្ឋកិច្ចឯកជន
ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ