យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៩ នៃសមាគមកសិករវៀតណាម អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៧-៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ទីក្រុងហាណូយ) ក្រោមប្រធានបទ “សាមគ្គីភាព - ប្រជាធិបតេយ្យ - ការទម្លុះទម្លាយ - កិច្ចសហប្រតិបត្តិការ - ការអភិវឌ្ឍន៍”។ មហាសន្និបាតនេះត្រូវបានរំពឹងថានឹងបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយរបស់សមាគម ព្រមទាំងបន្តអះអាងនូវតួនាទីជាមជ្ឈមណ្ឌលនិងជាម្ចាស់ការរបស់កសិករ នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី។
នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់របស់វណ្ណៈកសិករវៀតណាម ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ស្របពេលដែលប្រព័ន្ធនយោបាយទាំងមូលកំពុងផ្តោតលើការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់គណបក្ស និងបណ្ដាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
ផ្តល់ព័ត៌មានអំពីខ្លឹមសារនៃមហាសន្និបាត លោកស្រី Nguyen Thi Viet Ha អនុប្រធានគណៈការងារកសិករ (គណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម) បានឱ្យដឹងថា មហាសន្និបាតលើកទី ៩ នឹងមានការអញ្ជើញចូលរួមពីតំណាងផ្លូវការចំនួន ៦០០ នាក់ ដែលតំណាងឱ្យសមាជិកសមាគមនិងកសិករជាង ១០ លាននាក់នៅទូទាំងប្រទេស។ ក្នុងនោះ មានតំណាងដោយសិទ្ធិស្វ័យប្រវត្តិចំនួន ៦៦ នាក់ ជាសមាជិកគណៈកម្មាធិការមជ្ឈិមសមាគមអាណត្តិទី ៨ និងតំណាងចាត់តាំងចំនួន ៥៣៤ នាក់។
នៅក្នុងមហាសន្និបាត គណៈប្រតិភូទាំងឡាយនឹងពិភាក្សា និងផ្តល់មតិយោបល់លើឯកសារសំខាន់ៗជាច្រើន ដូចជារបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមសមាគមអាណត្តិទី ៨ របាយការណ៍ត្រួតពិនិត្យការងាររបស់គណៈកម្មាធិការនាយកអាណត្តិទី ៨ សេចក្តីព្រាងលក្ខន្តិកៈសមាគមធ្វើការកែសម្រួលនិងបំពេញបន្ថែម និងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាត។
មហាសន្និបាតក៏នឹងសម្រេចលើទិសដៅ គោលដៅ សូចនាករសម្រាប់អាណត្តិ ២០២៦-២០៣១ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមសមាគមអាណត្តិថ្មីផងដែរ។
![]() |
| លោកស្រី Nguyen Thi Viet Ha អនុប្រធានគណៈការងារកសិករ (គណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម) បានផ្តល់ព័ត៌មានអំពីខ្លឹមសារគ្រឹះនានានៃមហាសន្និបាត។ |
យោងតាមលោកស្រី Nguyen Thi Viet Ha ការកែសម្រួលលក្ខន្តិកៈសមាគមលើកនេះ គឺសំដៅធ្វើឱ្យជាក់ស្តែងនូវបណ្ដាបទប្បញ្ញត្តិថ្មីរបស់គណបក្ស រដ្ឋ និងរដ្ឋធម្មនុញ្ញដែលបានកែសម្រួលនាឆ្នាំ ២០២៥ ឱ្យស្របទៅនឹងគោលការណ៍រៀបចំ បង្រួមយន្តការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ និងគំរូនៃបណ្ដាការចាត់តាំងនយោបាយ - សង្គម ដែលស្ថិតនៅក្រោមរណសិរ្សមាតុភូមិវៀតណាម។
ចំពោះទិសដៅសម្រាប់អាណត្តិថ្មី មហាសន្និបាតបានកំណត់គោលដៅកសាងសមាគមកសិករវៀតណាមឱ្យរឹងមាំ ពង្រីកតួនាទីរបស់កសិករក្នុងនាមជាម្ចាស់ការ និងជាមជ្ឈមណ្ឌលនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី ព្រមទាំងដាស់ឡើងនូវសេចក្តីប្រាថ្នាចង់អភិវឌ្ឍប្រទេសជាតិឱ្យមានភាពមានបាន ថ្កុំថ្កើង រុងរឿង វីល័យ និងប្រកបដោយសុភមង្គលនៅក្នុងយុគសម័យថ្មី។
ផ្អែកតាមនោះ សមាគមនឹងបន្តប្តូរថ្មីតាមទិសដៅបង្រួមរចនាសម្ព័ន្ធចាត់តាំង ភាពរឹងមាំខាងនយោបាយនិងសកម្មភាព ដោយយកសមាជិកសមាគមនិងកសិករធ្វើជាមជ្ឈមណ្ឌល គោលដៅ និងជាកម្លាំងចលករនៃការប្តូរថ្មីសកម្មភាព ព្រមទាំងពង្រីកតួនាទីរបស់កសិករផលិតកម្មអាជីវកម្មពូកែ និងកសិករឆ្នើម ក្នុងនាមជាស្នូលដើម្បីផ្សព្វផ្សាយនូវស្មារតីប្តូរថ្មីនិងការច្នៃប្រឌិតនៅក្នុងសហគមន៍។
រាល់សកម្មភាពរបស់សមាគមត្រូវបានតម្រង់ទិសដៅយ៉ាងខ្លាំងក្លាឆ្ពោះទៅកាន់មូលដ្ឋាន ដោយផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់កសិករ ជំរុញការតភ្ជាប់ផលិតកម្ម ការអភិវឌ្ឍសហករណ៍ ការកែច្នៃ ការពង្រីកទីផ្សារ ការកសាងម៉ាកយីហោផលិតផលកសិកម្ម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃ។ ទន្ទឹមនឹងនោះ សមាគមបន្តអះអាងនូវតួនាទីជាស្ពានចម្លងរវាងកសិករជាមួយគណបក្សនិងរដ្ឋ ចូលរួមក្នុងការកសាងប្រព័ន្ធនយោបាយ ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល ពង្រីកកិច្ចការបរទេសប្រជាជន និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
យោងតាមការគ្រោងទុក មហាសន្និបាតលើកទី ៩ នឹងពិភាក្សា និងអនុម័តលើគោលដៅធំៗចំនួន ៥ សូចនាករគន្លឹះចំនួន ១១ ព្រមទាំងក្រុមភារកិច្ចនិងដំណោះស្រាយសំខាន់ៗចំនួន ៦ សម្រាប់អាណត្តិ ២០២៦-២០៣១ ក្នុងនោះកំណត់យកភារកិច្ចទម្លុះទម្លាយចំនួន ៤ សំដៅបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងកិច្ចការសមាគម និងចលនាកសិករនាពេលខាងមុខ។
មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីមហាសន្និបាត លោកស្រី Bui Thi Thom អនុប្រធានសមាគមកសិករវៀតណាម បានឱ្យដឹងថា មហាសន្និបាតលើកទី ៩ ប្រព្រឹត្តទៅក្នុងបរិបទដែលសមាគមគ្រប់លំដាប់ថ្នាក់ និងវណ្ណៈកសិករនៅទូទាំងប្រទេសកំពុងខិតខំប្រឹងប្រែងប្រកួតប្រជែងយ៉ាងសកម្ម និងអនុវត្តសកម្មភាពជាច្រើន ដើម្បីរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវបណ្ដាគោលដៅអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។
យោងតាមលោកស្រី Bui Thi Thom ទោះបីជាទើបតែឈានចូលពាក់កណ្តាលអាណត្តិ ២០២៣-២០២៨ និងស្ថិតនៅក្នុងបរិបទដែលប្រព័ន្ធនយោបាយចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋានកំពុងអនុវត្តការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនតាមទិសដៅបង្រួម មានសុពលភាព និងប្រសិទ្ធភាព ព្រមទាំងសមាគមកសិករវៀតណាមដំណើរការតាមគំរូថ្មីស្ថិតនៅក្រោមរណសិរ្សមាតុភូមិវៀតណាម ផ្សារភ្ជាប់ទៅនឹងគំរូរដ្ឋបាលមូលដ្ឋានពីរថ្នាក់ក៏ដោយ ប៉ុន្តែកិច្ចការសមាគម និងចលនាកសិករនៅតែសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។
រហូតមកដល់ពេលនេះ សមាគមបានអនុវត្តសម្រេចបាននិងលើសសូចនាករចំនួន ១៦ ក្នុងចំណោម ១៨ នៃអាណត្តិ ដោយមានសូចនាករពិបាកៗជាច្រើនត្រូវបានបំពេញលើសផែនការដែលបានដាក់ចេញ។ កិច្ចការធ្វើឱ្យប្រព័ន្ធចាត់តាំងក្បាលម៉ាស៊ីន និងកម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់មានភាពសុក្រឹត ត្រូវបានអនុវត្តដោយព្រមៗគ្នា ចំណែកឯការចាត់តាំងមហាសន្និបាតសមាគមកសិករគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៥-២០៣០ ត្រូវបានបំពេញរួចរាល់តាមផែនការ និងធានាបាននូវគុណភាព។
![]() |
| លោកស្រី Bui Thi Thom អនុប្រធានសមាគមកសិករវៀតណាម បានថ្លែងសុន្ទរកថាបើក។ |
ទន្ទឹមនឹងនោះ កិច្ចការសេនាធិការកសាងយន្តការ និងគោលនយោបាយ បន្តកត់ត្រានូវលទ្ធផលលេចធ្លោជាច្រើន ដោយមានគម្រោងដ៏មានសារៈសំខាន់ចំនួន ៤ ត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័ត ដែលបង្កើតជាគ្រឹះស្ថានជំរុញការប្តូរថ្មីសកម្មភាពសមាគម និងចលនាកសិករ។
ជាការគួរឱ្យកត់សម្គាល់ ខ្លឹមសារនិងរបៀបវារៈសកម្មភាពរបស់សមាគម បន្តត្រូវបានប្តូរថ្មីតាមទិសដៅផ្លាស់ប្តូរពីការបំផុសចលនា ទៅជាការដឹកនាំ គាំទ្រ និងរួមដំណើរជាមួយសមាជិកសមាគម និងកសិករ។ បណ្ដាចលនាកសិករត្រូវបានចាត់តាំងឡើងប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន ដោយផ្ដោតការយកចិត្តទុកដាក់ទាំងលើទំហំនិងជម្រៅ រួមចំណែកលើកកម្ពស់គុណភាពសមាជិកសមាគម កម្រិតផលិតកម្ម ជំនាញអាជីវកម្ម និងកែលម្អជីវភាពរស់នៅខាងសម្ភារៈព្រមទាំងស្មារតីរបស់ប្រជាជននៅជនបទ។
លោកស្រី Bui Thi Thom បានសង្កត់ធ្ងន់ថា៖ «មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៩ នៃសមាគមកសិករវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់របស់វណ្ណៈកសិករវៀតណាម ក្រោមការដឹកនាំរបស់គណបក្ស។ ជាមួយស្មារតី “សាមគ្គីភាព - ប្រជាធិបតេយ្យ - ការទម្លុះទម្លាយ - កិច្ចសហប្រតិបត្តិការ - ការអភិវឌ្ឍន៍” មហាសន្និបាតនឹងកំណត់នូវទិសដៅធំៗ សំដៅកសាងប្រព័ន្ធចាត់តាំងសមាគមឱ្យបានរឹងមាំ ពង្រឹងតួនាទីជាម្ចាស់ការរបស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី»៕
យុគសម័យ - ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។ |
យុគសម័យ - នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានទទួលជំនួយជាង ៦,៦ ពាន់លានដុងពីគម្រោង “យុវជនគឺជាអនាគត” ដែលឧបត្ថម្ភដោយអង្គការ Save the Children International (SCI) ដើម្បីផ្តល់ដំបូន្មានចំណេះដឹង និងបំណិនជីវិតសម្រាប់ស្ត្រី សិស្សនៅវិទ្យាល័យចំនួន ១០ នៅស្រុក Dong Hoi និង Quang ... |
thoidai.com.vn


មតិពីមិត្តអ្នកអាន