យុគសម័យ - ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ មិនត្រឹមតែជាការថែរក្សាបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភារកិច្ចនយោបាយ និងសង្គមដ៏សំខាន់មួយ រួមចំណែកពង្រឹងប្លុកមហាសាមគ្គីទូទាំងជាតិ និងបង្កើតជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាសារដែលត្រូវបានសង្កត់ធ្ងន់នៅក្នុងសន្និសីទ «ការអភិរក្ស, ពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែឧសភា នៅទីក្រុង Can Tho។
សន្និសីទនេះបានទាក់ទាញការចូលរួមពីសំណាក់អ្នកគ្រប់គ្រង, អ្នកជំនាញការ, សិល្បករ, ឥស្សរជនសាសនា និងតំណាងបងប្អូនរួមជាតិខ្មែរជាច្រើនរូប ដើម្បីរួមគ្នាមើលឃើញពីស្ថានភាពជាក់ស្ដែង និងស្នើឡើងនូវបណ្ដាដំណោះស្រាយអភិរក្ស ព្រមទាំងពង្រីកបណ្ដាតម្លៃវប្បធម៌ប្រពៃណីនៅក្នុងបរិបទថ្មី។
ការអភិរក្សវប្បធម៌ខ្មែរ មិនត្រឹមតែជាភារកិច្ចវប្បធម៌ប៉ុណ្ណោះទេ
ថ្លែងមតិបើកសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Trinh Thi Thuy បានសង្កត់ធ្ងន់ថា បងប្អូនរួមជាតិខ្មែរមានប្រពៃណីវប្បធម៌ដ៏វិសេសវិសាល រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឡើងនូវភាពសម្បូរបែប និងឯកភាពនៃខឿនវប្បធម៌វៀតណាម។ បណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនរួមជាតិខ្មែរ ដូចជាប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ (មហានិកាយ), ពិធីបុណ្យប្រពៃណី, សិល្បៈទស្សនីយភាពប្រជាប្រិយ, ភាសា, អក្សរសាស្ត្រ និងចំណេះដឹងប្រជាប្រិយ គឺជាបណ្ដាបេតិកភណ្ឌដ៏មានតម្លៃដែលចាំបាច់ត្រូវតែថែរក្សា និងពង្រីកនៅក្នុងបរិបទនៃសមាហរណកម្មនាពេលបច្ចុប្បន្ន។
យោងតាមអនុរដ្ឋមន្ត្រី លោកស្រី Trinh Thi Thuy នារយៈពេលកន្លងមក ការអនុវត្តបណ្ដាមគ្គុទ្ទេសក៍របស់បក្ស, គោលនយោបាយច្បាប់របស់រដ្ឋស្តីពីការងារជនជាតិ និងការអភិវឌ្ឍវប្បធម៌ ជាពិសេសគឺបណ្ដាកម្មវិធីគោលដៅជាតិ និងគម្រោងអភិរក្សវប្បធម៌ជនជាតិភាគតិច គឺសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ បេតិកភណ្ឌជាច្រើនប្រភេទត្រូវបានធ្វើសារពើភ័ណ្ឌ និងស្តារឡើងវិញ; ពិធីបុណ្យ និងប្រភេទសិល្បៈប្រពៃណីជាច្រើនត្រូវបានរក្សាការពារ; ជីវភាពរស់នៅខាងវប្បធម៌របស់បងប្អូនរួមជាតិខ្មែរត្រូវបានលើកកម្ពស់ជាជំហានៗ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីក៏បានចង្អុលបង្ហាញនូវការលំបាក និងការប្រឈមជាច្រើនដែលកំពុងដាក់ចេញ។ វប្បធម៌ប្រពៃណីមួយចំនួនមានហានិភ័យប្រឈមនឹងការបាត់បង់; ជួរអ្នកសិល្បករកាន់តែមានអាយុច្រើន; ការផ្ទេរចំណេះដឹងវប្បធម៌ជូនដល់ជំនាន់វ័យក្មេងជួបការលំបាកជាច្រើន។ ដំណើរការនគរូបនីយកម្ម, ការធ្វើចំណាកស្រុកនៃកម្លាំងពលកម្ម និងឥទ្ធិពលនៃសេដ្ឋកិច្ចទីផ្សារ ក៏កំពុងធ្វើឱ្យប្រែប្រួលលំហវប្បធម៌ប្រពៃណីរបស់បងប្អូនរួមជាតិខ្មែរផងដែរ។
«ការងារអភិរក្សវប្បធម៌ខ្មែរ មិនត្រឹមតែជាភារកិច្ចវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភារកិច្ចនយោបាយ និងសង្គមដ៏សំខាន់មួយ រួមចំណែកពង្រឹងប្លុកមហាសាមគ្គីទូទាំងជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព» អនុរដ្ឋមន្ត្រី លោកស្រី Trinh Thi Thuy បានសង្កត់ធ្ងន់។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោកស្រី Nguyen Thi Ngoc Diep បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងបានអនុវត្តស្របគ្នានូវមគ្គុទ្ទេសក៍ និងគោលនយោបាយជាច្រើនអំពីការងារជនជាតិ និងគោលនយោបាយជនជាតិ ជាពិសេសគឺកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់បងប្អូនរួមជាតិជនជាតិភាគតិច និងតំបន់ភ្នំ។ ទីក្រុងទន្ទឹមនឹងនោះក៏បានយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅខាងសម្ភារៈ, ស្មារតី, បង្កើតការងារធ្វើ និងលក្ខណៈងាយស្រួលដើម្បីឱ្យបងប្អូនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពជីវភាពរស់នៅ។
ការងារអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនរួមជាតិខ្មែរនៅ Can Tho សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ បេតិកភណ្ឌវប្បធម៌ជាច្រើនត្រូវបានថែរក្សា, ពិធីបុណ្យប្រពៃណីជាច្រើនត្រូវបានស្តារឡើងវិញ និងរៀបចំឡើងយ៉ាងសមរម្យ; តួនាទីរបស់បណ្ដាឥស្សរជនសាសនា, សិល្បករ, អ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ បន្តត្រូវបានពង្រីកនៅក្នុងការផ្ទេរចំណេះដឹង និងផ្សព្វផ្សាយតម្លៃវប្បធម៌ជូនដល់ជំនាន់វ័យក្មេង។
នាពេលបច្ចុប្បន្ន ទីក្រុង Can Tho មានវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ១២០ វត្ត; ក្នុងនោះមានវត្តចំនួន ២ ត្រូវបានចាត់ថ្នាក់ជាទម្រង់កេរដំណែលថ្នាក់ជាតិ គឺវត្ត Kh'Leang និងវត្ត Do i; វត្តចំនួន ៩ ត្រូវបានចាត់ថ្នាក់ជាទម្រង់កេរដំណែលថ្នាក់ទីក្រុង។ ទីក្រុងក៏មានសិល្បករចំនួន ៦ រូបជាជនជាតិភាគតិច ដែលត្រូវបានប្រធានរដ្ឋប្រគល់ជូននូវគោរមងារ «សិល្បករប្រជាជន» និង «សិល្បករឆ្នើម» នៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបី។
ក្នុងចំណោមបេតិកភណ្ឌវប្បធម៌អរូបីទាំង ១៦ របស់ Can Tho គឺមានបេតិកភណ្ឌវប្បធម៌អរូបីតំណាងឱ្យមនុស្សជាតិចំនួន ១ គឺ "Don ca tai tu Nam Bo" និងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ១៥ ក្នុងនោះមាន «សិល្បៈទស្សនីយភាពប្រជាប្រិយការច្រៀង Aday របស់ប្រជាជនខ្មែរ ឃុំ Xa Phien»។
![]() |
| ការអភិរក្សវប្បធម៌ខ្មែរ ចាំបាច់ត្រូវតែមើលឃើញដោយផ្នត់គំនិតដ៏ទូលំទូលាយជាងមុន ដោយមិនត្រឹមតែឈប់ត្រឹមការថែរក្សាបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ |
ការបារម្ភពីហានិភ័យនៃការដាច់ដោចខ្សែស្រឡាយផ្ទេរចំណេះដឹងក្នុងចំណោមជំនាន់វ័យក្មេង
មិនត្រឹមតែចំពោះ Can Tho ប៉ុណ្ណោះទេ មូលដ្ឋានជាច្រើនដែលមានបងប្អូនរួមជាតិខ្មែររស់នៅកុះករ ក៏កំពុងខិតខំប្រឹងប្រែងអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Nguyen Hoang Hanh អនុប្រធាននាយកដ្ឋានឃោសនាការងារជនជាតិ និងសាសនា (ក្រសួងជនជាតិ និងសាសនា) អ្វីដែលគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន មិនត្រឹមតែជាហានិភ័យនៃការបាត់បង់វប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែចំណុចស៊ីជម្រៅជាងនេះទៅទៀត គឺហានិភ័យនៃការដាច់ដោចខ្សែស្រឡាយផ្ទេរចំណេះដឹងវប្បធម៌នៅក្នុងចំណោមជំនាន់វ័យក្មេង។
កន្លែងមួយចំនួននៅតែមានអត្ថិភាពនូវស្ថានភាពគោលនយោបាយនៅរាយប៉ាយ, ខ្វះការតភ្ជាប់; សកម្មភាពអភិរក្សនៅធ្ងន់ធ្ងរខាងលក្ខណៈរដ្ឋបាល ឬចលនា។ តម្លៃវប្បធម៌មួយចំនួនមានហានិភ័យត្រូវបានធ្វើពាណិជ្ជកម្ម, «ធ្វើជាលក្ខណៈឆាកល្ខោន» ដោយផ្ដាច់ខ្លួនចេញពីលំហវប្បធម៌ដើមដំបូងរបស់សហគមន៍។
យោងតាមលោក បរិបទថ្មីតម្រូវឱ្យមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវផ្នត់គំនិតគ្រប់គ្រងវប្បធម៌ និងការងារជនជាតិ, សាសនា; ទន្ទឹមនឹងនោះ បំពេញបន្ថែមនូវរបបស្ថាប័ន, គោលនយោបាយតាមទិសដៅធ្វើសមាហរណកម្ម, អន្តរវិស័យ, ស្របគ្នា និងសមស្របតាមតម្រូវការអភិវឌ្ឍន៍ថ្មី។
លោក Nguyen Hoang Hanh បានសង្កត់ធ្ងន់លើតម្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិត «ការអភិរក្សវប្បធម៌សុទ្ធសាធ» ទៅជា «ការគ្រប់គ្រងការអភិវឌ្ឍផ្អែកលើតម្លៃវប្បធម៌»។ ក្នុងនោះ រដ្ឋរក្សាតួនាទីស្ថាបនា ចំណែកឯសហគមន៍ត្រូវតែជាម្ចាស់កណ្តាលពិតប្រាកដនៅក្នុងដំណើរការអភិរក្ស, ច្នៃប្រឌិត និងផ្សព្វផ្សាយវប្បធម៌។
«ក្រៅពីនេះ ការធ្វើបរិវត្តកម្មឌីជីថល មិនត្រឹមតែជាការធ្វើឌីជីថលភាវូបនីយកម្មទិន្នន័យវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាការធ្វើឌីជីថលភាវូបនីយកម្មលើលទ្ធភាពផ្សព្វផ្សាយអត្តសញ្ញាណ, តភ្ជាប់ជំនាន់វ័យក្មេងជាមួយឫសគល់វប្បធម៌ជនជាតិ តាមរយៈបណ្ដាវិធីសាស្ត្រថ្មីៗ ប្រកបដោយលក្ខណៈទំនើប និងទាក់ទាញជាងមុន» លោក Nguyen Hoang Hanh បានសង្កត់ធ្ងន់។
![]() |
| អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោកស្រី Nguyen Thi Ngoc Diep ថ្លែងមតិនៅក្នុងសន្និសីទ។ |
ការនាំយកវប្បធម៌ខ្មែរឲ្យក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
នៅក្នុងជ្រុងជ្រោយនៃការអប់រំ និងការបណ្តុះបណ្តាល បណ្ឌិត Ngo So Phe សាកលវិទ្យាធិការនៃសាលាភាសា - វប្បធម៌ - សិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ Tra Vinh) យល់ឃើញថា ចាំបាច់ត្រូវតែបន្តពង្រីកតួនាទីរបស់បណ្ដាមូលដ្ឋានអប់រំ នៅក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សខាងវប្បធម៌សិល្បៈ, បំប៉នសមត្ថភាពគ្រូបង្រៀន និងអភិវឌ្ឍជួរបញ្ញវន្ត, សិល្បករដែលយល់ដឹងស៊ីជម្រៅអំពីភាសា និងវប្បធម៌ខ្មែរ។
យោងតាមបណ្ឌិត Ngo So Phe ការជំរុញខ្លាំងលើការស្រាវជ្រាវវិទ្យាសាស្ត្រ, ការធ្វើឌីជីថលភាវូបនីយកម្មលើបណ្ដាតម្លៃវប្បធម៌តំបន់បងប្អូនរួមជាតិខ្មែរ នឹងរួមចំណែកបង្កើតបន្ថែមនូវប្រភពធនធានសម្រាប់ការងារអភិរក្ស និងពង្រីកអត្តសញ្ញាណជាតិនៅក្នុងដំណាក់កាលថ្មី។
នៅក្នុងសន្និសីទ តំណាងជាច្រើនរូបក៏មានទស្សនៈស្របគ្នាថា ស្ថិតក្នុងបរិបទនាពេលបច្ចុប្បន្ន ការអភិរក្សវប្បធម៌ខ្មែរចាំបាច់ត្រូវតែមើលឃើញដោយផ្នត់គំនិតដ៏ទូលំទូលាយជាងមុន ដោយមិនត្រឹមតែឈប់ត្រឹមការថែរក្សាបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ វប្បធម៌មិនត្រឹមតែជាគ្រឹះស្ថានខាងស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាប្រភពធនធានដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ផ្អែកតាមទិន្នន័យស្ថិតិ ប្រជាជនខ្មែរគឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចដែលមានចំនួនប្រជាជនច្រើននៅវៀតណាម ជាមួយនឹងចំនួនប្រជាជនជាង ១,៣ លាននាក់ ដោយរស់នៅជាចម្បងនៅតាមបណ្ដាមូលដ្ឋានភាគខាងត្បូង (ណាមបូ) ដូចជា An Giang, Ca Mau, ទីក្រុង Can Tho, Dong Nai, Dong Thap, Tay Ninh, ទីក្រុង Ho Chi Minh និង Vĩnh Long។ នេះគឺជាសហគមន៍ដែលមានប្រវត្តិសាស្ត្ររស់នៅតាំងទីលំនៅដ៏យូរលង់ណាស់មកហើយ ដោយបានបង្កើតឡើងនូវលំហវប្បធម៌ដ៏វិសេសវិសាល និងរក្សាតួនាទីដ៏សំខាន់នៅក្នុងខឿនវប្បធម៌វៀតណាមដែលឯកភាពនៅក្នុងភាពសម្បូរបែប៕
យុគសម័យ - ចាប់ពីឆ្នាំ ២០២៦ វៀតណាមនឹងចាប់ផ្តើមបង្រៀនឡាវនៅតាមសាលារៀនដែលត្រូវការជំនួយ បន្ទាប់មកគឺកម្ពុជា ថៃ និងឥណ្ឌូនេស៊ី នេះបើយោងតាមសំណើរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ |
យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែសីហា នៅវត្ត Rach Giong ឃុំ Ho Thi Ky មន្ទីរជនជាតិ និងសាសនាខេត្តបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ Ho Thi Ky, Tri Phai, Tan Loc និងឃុំ Thoi Binh រៀបចំពិធីបិទថ្នាក់រៀនភាសាខ្មែររដូវក្តៅឆ្នាំ ... |


មតិពីមិត្តអ្នកអាន