យុគសម័យ - ប្រធាន Ho Chi Minh គឺជាប្រភពបំផុសគំនិតឥតចេះរីងស្ងួតសម្រាប់បណ្ដាគណបក្សនយោបាយឆ្វេងនិយម ជឿនលឿន បណ្ដាចលនាបដិវត្តន៍ និងប្រជាជននៃបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន ដែលក្នុងនោះមានបក្ស PSUV និងប្រជាជន Venezuela។
| ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព ទីក្រុង Ha Noi - ទីក្រុង Ho Chi Minh បន្តស្ថិតក្នុងផ្លូវរត់ក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅលើពិភពលោក |
យោងតាមឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅតំបន់អាមេរិក នាព្រឹកថ្ងៃទី ១៥ ខែឧសភា តាមម៉ោងក្នុងស្រុក នៅរដ្ឋធានី Caracas បក្សសង្គមនិយមឯកភាព Venezuela, ក្រសួងការបរទេស Venezuela, អាជ្ញាធរក្រុង Caracas និងស្ថានទូតវៀតណាម បានសហការរៀបចំយ៉ាងមហោឡារិកនូវពិធីដាក់កម្រងផ្កានៅវិមានប្រធាន Ho Chi Minh ក្នុងឱកាសរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតរបស់លោកតា ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។
![]() |
| ពិធីដាក់កម្រងផ្កានៅវិមានប្រធាន Ho Chi Minh ក្នុងឱកាសរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតរបស់លោកតា ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។ |
អញ្ជើញចូលរួមក្នុងពិធីនេះមាន អនុប្រធានបក្សសង្គមនិយមឯកភាពកាន់អំណាច លោក Jesus Faria; អនុរដ្ឋមន្ត្រីក្រសួងការបរទេស Venezuela លោកស្រី Andrea Corao; អនុប្រធានក្រុមសមាជិកសភាមិត្តភាព Venezuela-វៀតណាម លោក Carolus Wimmer; តំណាងថ្នាក់ដឹកនាំបណ្ដាក្រសួង ផ្នែក និងស្ថាប័នមជ្ឈិមរបស់ Venezuela, ក្រុមសមាជិកសភាមិត្តភាព, ផ្ទះមិត្តភាព Venezuela-វៀតណាម, សភាពាណិជ្ជកម្ម Venezuela-វៀតណាម, កម្មាភិបាលនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅ Venezuela និងប្រជាជនយ៉ាងកុះករនៃរដ្ឋធានី Caracas។
ថ្លែងមតិនៅក្នុងពិធីនេះ អនុប្រធានបក្ស PSUV លោក Jesus Faria បានសម្តែងនូវក្តីរំភើបយ៉ាងជ្រាលជ្រៅដែលបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh ព្រមទាំងសង្កត់ធ្ងន់លើមនោសញ្ចេតនាពិសេស និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះលោកតា និងស្មារតីតស៊ូមិនចុះញ៉មរបស់ប្រជាជាតិវៀតណាម ក្នុងសង្រ្គាមតស៊ូប្រឆាំងពួកអាណានិគម និងចក្រពត្តិដើម្បីដណ្តើមឯករាជ្យ។ ប្រធាន Ho Chi Minh ដែលជានិមិត្តរូបអមតៈនៃចលនារំដោះជាតិក្នុងសតវត្សរ៍ទី ២០ មិនត្រឹមតែជាមោទនភាពរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពបំផុសគំនិតឥតចេះរីងស្ងួតសម្រាប់បណ្ដាគណបក្សនយោបាយឆ្វេងនិយម ជឿនលឿន បណ្ដាចលនាបដិវត្តន៍ និងប្រជាជននៃបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន ដែលក្នុងនោះមានបក្ស PSUV និងប្រជាជន Venezuela ផងដែរ។
លោក Jesus Faria បានឱ្យដឹងថា លោកមានឱកាសជាច្រើនលើកដើម្បីមកបំពេញទស្សនកិច្ចនៅវៀតណាម និងបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេង និងមហិមារបស់វៀតណាម ដែលជាភស្តុតាងដ៏រស់រវើកសម្រាប់ការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សកុម្មុយនីស្តវៀតណាម ដោយមានគំនិតរបស់ប្រធាន Ho Chi Minh ជាអ្នកបំភ្លឺផ្លូវ និងនាំផ្លូវ។ ពីប្រទេសមួយដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម វៀតណាមបានផ្លាស់ប្តូរខ្លួនប្រាណយ៉ាងខ្លាំងក្លា ក្លាយជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចមានភាពរស់រវើកឈានមុខគេនៅអាស៊ី រក្សាបាននូវកំណើនប្រកបដោយស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់។ វៀតណាមនាថ្ងៃនេះ ជានិមិត្តរូបនៃឯករាជ្យ សេរីភាព សេចក្តីថ្លៃថ្នូរ និងការបោះជំហានទៅមុខយ៉ាងរឹងមាំ ជាប្រទេសមួយដ៏ខ្លាំងក្លា និងសម្បូរសប្បាយរុងរឿង។
![]() |
| អនុរដ្ឋមន្ត្រីក្រសួងការបរទេស Venezuela លោកស្រី Andrea Corea។ |
ចំពោះភាគីខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Venezuela លោកស្រី Andrea Corea បានបញ្ជាក់ថា ប្រធាន Ho Chi Minh គឺជាថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមនៃបដិវត្តន៍វៀតណាម ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិរបស់ប្រជាជនវៀតណាម បង្កើតបាននូវបណ្ដាជ័យជម្នះប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ និងរួមចំណែកចូលក្នុងសង្រ្គាមតស៊ូរួមរបស់បណ្ដាប្រជាជាតិ ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកស្រី Andrea បានសម្តែងនូវក្តីរីករាយចំពោះមុខទំនាក់ទំនងមិត្តភាពប្រពៃណីរវាង Venezuela និងវៀតណាម ក្នុងរយៈពេលកន្លងមក ដែលមិនឈប់ឈរត្រូវបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើច្រើនវិស័យ។ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បន្តមានជំហានរីកចម្រើនជាវិជ្ជមាន ផ្អែកលើគ្រឹះស្ថាននៃទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការចែករំលែកនូវបណ្ដាតម្លៃស្នូលអំពីវិថីអភិវឌ្ឍន៍ ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូរសប្បាយរុងរឿងនៅក្នុងតំបន់។
ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Venezuela លោក Vu Trung My បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរ សាមគ្គីភាព និងការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ដែលថ្នាក់ដឹកនាំបក្ស PSUV, បណ្ដាគណបក្សនយោបាយ, ចលនាជឿនលឿន, រដ្ឋាភិបាល និងប្រជាជន Venezuela តែងតែផ្តល់ជូនប្រធាន Ho Chi Minh និងប្រទេសវៀតណាម។
![]() |
| ឯកអគ្គរដ្ឋទូត Vu Trung My ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។ |
ឯកអគ្គរដ្ឋទូត លោក Vu Trung My បានបញ្ជាក់ថា ប្រធាន Ho Chi Minh មិនត្រឹមតែជាថ្នាក់ដឹកនាំដ៏លេចធ្លោនៃប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបអមតៈនៃចលនាតស៊ូដណ្តើមឯករាជ្យ និងសេរីភាពសម្រាប់បណ្ដាប្រជាជាតិដែលរងការជិះជាន់នៅទូទាំងពិភពលោក។
មនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងការកោតសរសើរយ៉ាងជ្រាលជ្រៅពីសំណាក់បណ្ដាថ្នាក់ដឹកនាំ, គណបក្សនយោបាយ, ចលនាឆ្វេងនិយម, ជឿនលឿន និងប្រជាជនអាមេរិកឡាទីន ដែលក្នុងនោះមានប្រជាជន Venezuela គឺជាភស្តុតាងដ៏រស់រវើកសម្រាប់តម្លៃ និងកម្លាំងរស់អមតៈនៃគំនិត, បុគ្គលិកលក្ខណៈ និងបុព្វហេតុដ៏មហិមារបស់លោកតា។
ឯកអគ្គរដ្ឋទូត លោក Vu Trung My បានឱ្យដឹងថា នាពេលថ្មីៗនេះ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម ត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យ ហើយនៅក្នុងមហាសន្និបាតនេះ គំនិត Ho Chi Minh បន្តត្រូវបានបញ្ជាក់ថាជាគ្រឹះស្ថានមនោគមវិជ្ជា និងជាទ្រនិចបង្ហាញផ្លូវសម្រាប់សកម្មភាព ដោយរួមផ្សំគ្នាយ៉ាងម៉ឺងម៉ាត់ជាមួយនឹងការអនុវត្តប្រកបដោយការច្នៃប្រឌិត។ ចំណុចស្នូលគឺការកសាងបក្សឱ្យមានភាពស្អាតស្អំ រឹងមាំ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងអនុវត្តគោលដៅដល់ឆ្នាំ ២០៣០ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។
ក្នុងថ្ងៃដដែល សារព័ត៌មាន និងបណ្ដាមធ្យោបាយផ្សព្វផ្សាយព័ត៌មានមហាជនរបស់ Venezuela ដូចជា ទីភ្នាក់ងារសារព័ត៌មាន Venezuela (AVN), ស្ថានីយទូរទស្សន៍ជាតិ Venezuela (VTV), ស្ថានីយទូរទស្សន៍ភាគខាងត្បូង (TeleSUR), ប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន Globovision រួមទាំងសារព័ត៌មានប្រចាំថ្ងៃធំៗដូចជា Correo del Orinoco, El Universal... បានចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាតអំពីពិធីរំលឹកខួប ក៏ដូចជាអំពីឆាកជីវិត និងបុព្វហេតុរបស់ប្រធាន Ho Chi Minh ដែលជាវីរជនរំដោះជាតិ និងជាអ្នកវប្បធម៌ដ៏លេចធ្លោរបស់វៀតណាម ព្រមទាំងរបស់ទូទាំងប្រជាជនជឿនលឿន និងអ្នកស្រឡាញ់សន្តិភាពនៅលើពិភពលោក៕
យុគសម័យ - យោងតាម TasteAtlas វៀតណាមមានទីក្រុងចំនួន ២ ក្នុងចំណោមទីក្រុងអាហារឆ្ងាញ់បំផុតទាំង ១០០ នៅលើពិភពលោក គឺ ទីក្រុង Ho Chi Minh និងទីក្រុង Hue។ |
យុគសម័យ - វៀតណាមត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាចំណុចភ្លឺក្នុងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជាប្រទេសត្រួសត្រាយផ្លូវក្នុងការអភិក្រម និងអនុវត្តវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រពហុភាគី ដើម្បីសម្រេចបាននូវគោលដៅសន្តិសុខសង្គម សង្គមសកល និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន