យុគសម័យ - បន្ទាប់ពីគ្រោះទឹកជំនន់នាចុងឆ្នាំ ២០២៥ គ្រួសារជាច្រើននៅឃុំវ៉ាធិញ (Hoa Thinh) ខេត្តដាក់ឡាក់ (Dak Lak) បានធ្លាក់ក្នុងស្ថានភាពបាត់បង់ផ្ទះសម្បែង។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ ផ្ទះថ្មីជាច្រើនខ្នងត្រូវបានសាងសង់រួចរាល់ទាន់ពេលមុនរដូវផ្ការីកឈានចូលមកដល់ ក្រោមប្រភពជំនួយឧបត្ថម្ភពីរដ្ឋ ការរួមចំណែកពីសហគមន៍ និងដំណើរការចលនាផ្សារភ្ជាប់ជំនួយពីប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាម (MTTQ)។
នាបច្ចុប្បន្ននេះ គ្រួសារលោក Tran Van Khanh (អាយុ ៧៥ ឆ្នាំ នៅភូមិភូហ៊ូ ឃុំវ៉ាធិញ) បានធ្វើឱ្យជីវភាពរស់នៅមានស្ថិរភាពឡើងវិញ នៅក្នុងផ្ទះថ្មីដែលត្រូវបានសាងសង់ឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់កាលពីចុងឆ្នាំមុន។ សម្ភារៈប្រើប្រាស់ក្នុងផ្ទះចាំបាច់ជាច្រើនដូចជា ចង្ក្រានហ្គាស ទូទឹកកក តុ និងកៅអី... ត្រូវបានទិញយកមកប្រើប្រាស់ជាថ្មី។
ត្រឹមតែប៉ុន្មានខែមុនប៉ុណ្ណោះ ទីកន្លែងនេះនៅតែពោរពេញដោយភក់ និងកម្ទេចឥដ្ឋថ្ម បន្ទាប់ពីគ្រោះទឹកជំនន់នាចុងខែវិច្ឆិកា ឆ្នាំ ២០២៥។ លោក Khanh បានរៀបរាប់ថា នារសៀលថ្ងៃនោះ ទឹកទន្លេបានហក់ឡើងយ៉ាងលឿន បោកបក់ចូលក្នុងផ្ទះ លាយឡំនឹងសំឡេងខ្យល់បោកបក់ និងរលកវាយប្រហារជញ្ជាំងផ្ទះឥតឈប់ឈរ។ លោកបានរំលឹកថា៖ “មិនទាន់ទាំងដឹងខ្លួនផង ផ្ទះក៏ញ័ររញ្ជួយ រួចក៏រលំបាក់បែកអស់។ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ... គឺបាត់បង់ទាំងអស់”។ សម្ភារៈប្រើប្រាស់ជាច្រើនដែលសន្សំទុកជាច្រើនឆ្នាំ និងប្រាក់កាសដែលខំសន្សំ ក៏ត្រូវបានទឹកជំនន់បោកបក់ទៅបាត់អស់។ លោកបន្តទាំងក្តុកក្តួលថា៖ “សូម្បីតែអាសនៈដូនតាក៏យកចេញមកមិនទាន់ដែរ”។
![]() |
| លោក Tran Van Khanh (ទី ៤ ពីរាប់ពីខាងស្តាំ) ក្នុងពិធីសម្ពោធ និងប្រគល់ផ្ទះក្នុង "យុទ្ធនាការក្វាងទ្រុង” (Quang Trung) ជូនដល់បណ្តាគ្រួសារដែលមានផ្ទះរងការបាក់បែក និងរលំដោយសារទឹកជំនន់ នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៦។ |
អ្វីដែលលោក Khanh បារម្ភបំផុតក្រោយទឹកជំនន់ គឺមិនដឹងជាទៅរកប្រាក់ឯណាដើម្បីសាងសង់ផ្ទះឡើងវិញ ខណៈដែលសុខភាពចុះខ្សោយ ហើយជីវភាពក៏ជួបការលំបាកស្រាប់។ មានពេលខ្លះ គ្រួសារលោកថែមទាំងគិតចង់ទៅស្នាក់នៅផ្ទះគេបណ្តោះអាសន្ន រហូតដល់ផុតបុណ្យចូលឆ្នាំថ្មី។
បន្ទាប់ពី "យុទ្ធនាការក្វាងទ្រុង" ត្រូវបានប្រកាសដាក់ចេញ កម្លាំងកងទ័ពបានចុះមកសាងសង់ផ្ទាល់ រីឯរដ្ឋអំណាចមូលដ្ឋានបានជួយត្រួតពិនិត្យ រៀបចំទីតាំងដី និងកៀរគរធនធានក្នុងសង្គម ដើម្បីទិញសម្ភារៈសំណង់ សាងសង់ផ្ទះជូនប្រជាជនឡើងវិញ។
ជាងមួយខែក្រោយមក ផ្ទះថ្មីរបស់គ្រួសារលោក Khanh ត្រូវបានសាងសង់រួចរាល់។ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ គ្រួសារលោកបានរៀបចំចូលស្នាក់នៅផ្ទះថ្មីទាន់ពេលវេលា វេចនំអន្សម (Banh Chung) រៀបចំអាសនៈដូនតា និងទទួលអំណរឆ្នាំថ្មី។
យោងតាមលោក Le Chi Hoai ប្រធានគណៈកម្មាធិការប្រជាជនឃុំវ៉ាធិញ គ្រោះទឹកជំនន់នាចុងឆ្នាំ ២០២៥ បានធ្វើឱ្យផ្ទះចំនួន ២៨ ខ្នងនៅក្នុងមូលដ្ឋានរងការបាក់បែកទាំងស្រុង ឬត្រូវបានទឹកហូរនាំយកទៅបាត់។ ផ្ទះដែលសាងសង់ថ្មីនីមួយៗមានតម្លៃប្រមាណ ១៧០ លានដុង ក្នុងនោះរដ្ឋឧបត្ថម្ភ ៦០ លានដុង ហើយថវិកាដែលនៅសល់គឺបានមកពីការកៀរគរប្រភពសង្គមភាវូបនីយកម្ម។
ដើម្បីធានាសុវត្ថិភាពយូរអង្វែងសម្រាប់ប្រជាជននៅក្នុងតំបន់ដែលតែងតែរងគ្រោះដោយធម្មជាតិ មន្ទីរសំណង់ខេត្តដាក់ឡាក់ បានរចនាគំរូផ្ទះទប់ទល់នឹងទឹកជំនន់ចំនួន ៣ ប្រភេទ ដែលមានផ្ទៃក្រឡាប្រមាណ ៤៤ ម៉ែត្រការ៉េ។ ផ្ទះទាំងអស់សុទ្ធតែមានគ្រឹះទប់ទល់នឹងទឹកជំនន់ ដែលត្រូវបានលើកកម្ពស់ជាងកម្រិតទឹកពី ០,២ ដល់ ០,៥ ម៉ែត្រ។ ផ្ទះជាច្រើនខ្នងថែមទាំងត្រូវបានរៀបចំឱ្យមានឡៅតឿសម្រាប់គេចពីទឹកជំនន់ ដើម្បីឱ្យប្រជាជនអាចជញ្ជូនទ្រព្យសម្បត្តិទៅទុកទីនោះនៅពេលចាំបាច់។
![]() |
| បណ្តាផ្ទះថ្មីដែលត្រូវបានសាងសង់យ៉ាងរឹងមាំ នៅឃុំវ៉ាធិញ (Hoa Thinh) ខេត្តដាក់ឡាក់ (Dak Lak)។ |
នៅពេលមានកន្លែងស្នាក់នៅថ្មី គ្រួសារជាច្រើនក៏បានប្រើប្រាស់ប្រាក់ឧបត្ថម្ភ ដើម្បីទិញសម្ភារៈប្រើប្រាស់ឡើងវិញ រៀបចំកន្លែងសក្ការបូជា និងធ្វើឱ្យជីវភាពមានស្ថិរភាពឡើងវិញក្រោយគ្រោះមហន្តរាយ។
ដើម្បីឱ្យផ្ទះទាំងនោះអាចសាងសង់រួចរាល់ក្នុងរយៈពេលត្រឹមតែជាងមួយខែ ការត្រួតពិនិត្យការខូចខាត ការកៀរគរជំនួយ និងការបែងចែកធនធាន ត្រូវបានអនុវត្តស្ទើរតែក្នុងពេលតែមួយ ចាប់ពីថ្នាក់មូលដ្ឋាន។ នៅក្នុងសន្និសីទបូកសរុប "យុទ្ធនាការក្វាងទ្រុង" កាលពីខែមករា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីយុទ្ធនាការត្រូវបានដាក់ចេញ រណសិរ្សមាតុភូមិវៀតណាមបានដឹកនាំ និងសម្របសម្រួលជាមួយបណ្តាអង្គការនយោបាយ-សង្គម និងអង្គការមហាជន ដើម្បីបង្កើតក្រុមយុវជនស្ម័គ្រចិត្តជួយប្រជាជនក្នុងការជញ្ជូនទ្រព្យសម្បត្តិ ជួសជុល និងសាងសង់ផ្ទះសម្បែង ព្រមទាំងគាំទ្រដល់កម្លាំងនានាដែលចូលរួមក្នុងយុទ្ធនាការនេះផងដែរ។
ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានណែនាំដល់រណសិរ្សបណ្តាខេត្ត ជាពិសេសគឺបណ្តាខេត្តដែលរងគ្រោះធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ និងទឹកជំនន់ ឱ្យប្រញាប់ប្រញាល់សម្របសម្រួលជាមួយរដ្ឋអំណាច និងផ្នែកមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងធ្វើស្ថិតិឱ្យបានច្បាស់លាស់នូវរាល់គ្រួសារដែលមានផ្ទះសម្បែងរងការខូចខាត ឬបាក់រលំ; អនុវត្តឱ្យបានល្អនូវតួនាទីត្រួតពិនិត្យក្នុងដំណើរការសាងសង់ និងជួសជុលផ្ទះសម្បែងជូនប្រជាជន; ព្រមទាំងបុរេសកម្មក្នុងការចលនា ទទួល និងបែងចែកប្រភពធនធានសង្គ្រោះ ដោយធានាបាននូវភាពចំហ ជឿទុកចិត្តបាន តម្លាភាព និងចំគោលដៅ។
ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ តាមរយៈគណៈកម្មាធិការចលនាសង្គ្រោះមជ្ឈិម រណសិរ្សបានទទួលថវិកាជាង ៧០០ ពាន់លានដុង ដើម្បីគាំទ្រដល់បងប្អូនរួមជាតិនៅភាគកណ្តាល និងតំបន់ខ្ពង់រាបតៃង្វៀន ក្នុងការជម្នះផលវិបាកនៃគ្រោះទឹកជំនន់។ ប្រភពធនធាននេះ ត្រូវបានបែងចែកទៅកាន់បណ្តាមូលដ្ឋាន ដើម្បីជួយសាងសង់ផ្ទះ ជួសជុលផ្ទះសម្បែង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់រងគ្រោះមានស្ថិរភាពឡើងវិញ។
![]() |
| លោកស្រី Ha Thi Nga សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយបុណ្យចូលឆ្នាំថ្មី នៅឃុំចូវហ្វេ (Chau Que) ខេត្តឡាវកាយ (Lao Cai) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ២០២៦។ |
យោងតាមរណសិរ្សមាតុភូមិវៀតណាម ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកទទួលជំនួយ ត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា ដើម្បីកាត់បន្ថយស្ថានភាពត្រួតគ្នា ឬការមើលរំលងបណ្តាគ្រួសារដែលជួបការលំបាក។
ការងារយកចិត្តទុកដាក់លើសុខុមាលភាពរបស់រណសិរ្សមាតុភូមិវៀតណាម ក៏ត្រូវបានដាក់ឱ្យអនុវត្តជាប្រចាំ តាមរយៈសកម្មភាពជាច្រើនដែលឆ្ពោះទៅរកអ្នកក្រីក្រ អ្នកងាយរងគ្រោះ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានដាក់ចេញនូវកម្មវិធីសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នកក្រីក្រ និងអ្នកដែលមានស្ថានភាពលំបាកនៅតាមមូលដ្ឋានជាច្រើន ជាមួយនឹងអំណោយប្រមាណ ៣០.០០០ កញ្ចប់។
យោងតាមលោក Cao Xuan Thao សមាជិកក្រុមប្រឹក្សាភិបាល ប្រធានផ្នែកការងារសង្គមនៃស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឱ្យដឹងថា ក្នុងបរិបទដែលគ្រោះមហន្តរាយធម្មជាតិកាន់តែមានភាពស្មុគស្មាញ ការងារសុខុមាលភាពតម្រូវឱ្យមានលក្ខណៈជាក់ស្តែង ប្រសិទ្ធភាព និងអាច "វាស់វែង" បាន។ រណសិរ្សកំពុងសិក្សាស្រាវជ្រាវ កសាង និងដាក់ឱ្យដំណើរការនូវ ផែនទីឌីជីថលស្តីពីបញ្ហាជីវភាពរស់នៅ ដើម្បីធ្វើបច្ចុប្បន្នភាពនូវតម្រូវការជំនួយ និងហានិភ័យនៅតាមតំបន់នីមួយៗ ដែលតាមរយៈនោះជួយឱ្យការអំពាវនាវ និងការសម្របសម្រួលជំនួយប្រព្រឹត្តទៅបានលឿនជាងមុន នៅពេលមានស្ថានភាពអាសន្នកើតឡើង៕
| លទ្ធផលមួយចំនួននៃការងារសុខុមាលភាពសង្គមរបស់រណសិរ្សមាតុភូមិវៀតណាម (MTTQ) ឆ្នាំ ២០២៤៖ កៀរគរថវិកាបានជាង ៥.៣០០ ពាន់លានដុង ដើម្បីគាំទ្រដល់បងប្អូនរួមជាតិដែលរងគ្រោះដោយសារខ្យល់ព្យុះទី ៣ (Yagi)។ ឆ្នាំ ២០២៥៖ កៀរគរថវិកាបានជាង ៤.២០០ ពាន់លានដុង ដើម្បីគាំទ្រដល់បងប្អូនរួមជាតិដែលរងគ្រោះដោយសារខ្យល់ព្យុះទី ១០ (Bualoi) និងគ្រោះទឹកជំនន់នៅភាគកណ្តាល។ ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន៖ រួមចំណែកជាមួយរដ្ឋាភិបាល បណ្តាថ្នាក់ និងបណ្តាវិស័យ សម្រេចបាននូវការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅលើទូទាំងប្រទេស មុនកាលកំណត់ ៤ ខែ; ក្នុងនោះបានលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមបានចំនួន ៣៣៤.២៣៤ ខ្នង; កៀរគរថវិកាបានជាង ២៤.៧០០ ពាន់លានដុង និងកម្លាំងពលកម្មជាង ២,៧ លានថ្ងៃ ដើម្បីគាំទ្រ។ គម្រោងផ្ទះមហាសាមគ្គី៖ សម្រេចបាននូវគោលដៅសាងសង់ផ្ទះ "មហាសាមគ្គី" ចំនួន ៥.៥០០ ខ្នង ជូនដល់បងប្អូនជនជាតិភាគតិច និងគ្រួសារក្រីក្រ នៅក្នុងភូមិសាស្ត្រខេត្តឌៀនបៀន (Dien Bien) និងខេត្តមួយចំនួនទៀតនៅតំបន់តៃបាក់ (Tay Bac) មុនកាលកំណត់៕ |
នៅទីលានទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រព្រឹត្តទៅព្រឹត្តិការណ៍ “មិទ្ទីង និងដង្ហែរក្បួនឆ្លើយតបនឹងសប្តាហ៍ជាតិបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិ”។ |
យុគសម័យ - ការអភិវឌ្ឍការធានារ៉ាប់រងគ្រោះមហន្តរាយធម្មជាតិ; ការផ្ទេរបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ; កែលម្អប្រព័ន្ធព្រមានគ្រោះមហន្តរាយធម្មជាតិដំបូង; បង្កើតក្រុមឆ្លើយតបរហ័ស ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ... |
thoidai.com.vn



មតិពីមិត្តអ្នកអាន