យុគសម័យ - អនុនាយករដ្ឋមន្ត្រី លោកស្រី Pham Thi Thanh Tra ទើបតែបានចុះហត្ថលេខាដាក់ចេញនូវសារាចរណែនាំលេខ ១៧/CT-TTg ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រី ស្តីពីការរៀបចំការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺ ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ។
| ទទួលស្វាគមន៍ភ្ញៀវទេសចរ ១២ លាននាក់ក្នុងឱកាសបុណ្យ វិស័យទេសចរណ៍មានភាពរីកចម្រើនមុនឈានចូលរដូវក្តៅឆ្នាំ ២០២៦ បើកមហោស្រពកីឡានិស្សិតវៀតណាមនៅប្រទេសរុស្ស៊ី ឆ្នាំ ២០២៦ |
![]() |
| ចាប់ពីឆ្នាំ ២០២៦ តទៅ ការរៀបចំពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ |
សារាចរណែនាំបានគូសបញ្ជាក់ថា៖ សេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយទម្លាយភាពទាល់ច្រកមួយចំនួន ដើម្បីបង្កើនការការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាជន បានដាក់ចេញនូវតម្រូវការឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការយល់ដឹង និងសកម្មភាព ចំពោះការងារការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាជន សំដៅឆ្លើយតបនឹងតម្រូវការបន្ទាន់ពីជាក់ស្តែង។ ក្នុងនោះ ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីទស្សនទានដែលផ្តោតលើការពិនិត្យ និងព្យាបាលជំងឺ មកជាការម្ចាស់ការបង្ការជំងឺវិញ; យកចិត្តទុកដាក់លើការការពារ ថែទាំ និងលើកកម្ពស់សុខភាពគ្រប់ជ្រុងជ្រោយ និងបន្តបន្ទាប់តាមវដ្តជីវិត។ សេចក្តីសម្រេចចិត្តបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ៖ “ចាប់ពីឆ្នាំ ២០២៦ តទៅ ប្រជាពលរដ្ឋនឹងទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ យ៉ាងហោចណាស់ ១ ដងក្នុង ១ ឆ្នាំ ត្រូវបានបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក ដើម្បីគ្រប់គ្រងសុខភាពតាមវដ្តជីវិត និងឈានទៅកាត់បន្ថយបន្ទុកចំណាយលើវិស័យសុខាភិបាលជាជំហានៗ”។
នៅលើមូលដ្ឋាននោះ រដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេចចិត្តលេខ ២៨២/NQ-CP ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ស្តីពីកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW; រដ្ឋសភាបានដាក់ចេញនូវសេចក្តីសម្រេចចិត្តលេខ ២៦១/២០២៥/QH១៥ ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បីបង្កើតការទម្លាយភាពទាល់ច្រកសម្រាប់ការងារការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាជន។ ក្នុងរយៈពេលកន្លងមក ក្រសួងសុខាភិបាល, ក្រសួងនគរបាល និងខេត្ត-ក្រុងមួយចំនួនដូចជា៖ រដ្ឋធានីហាណូយ, ទីក្រុងហូជីមិញ, ខេត្ត Tuyên Quang... បានម្ចាស់ការកសាងផែនការ ចាត់ចែងប្រភពធនធាន និងរៀបចំការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ដែលរួមចំណែកផ្សព្វផ្សាយការយល់ដឹងអំពីការការពារសុខភាព និងការម្ចាស់ការបង្ការជំងឺតម្កាត់ ព្រមទាំងលើកកម្ពស់សុខភាពរបស់ប្រជាជន។
ត្រឹមដំណាច់ឆ្នាំ ២០២៦ ប្រជាពលរដ្ឋទូទាំងប្រទេសនឹងទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ
ដើម្បីចាត់តាំងអនុវត្តប្រកបដោយភាពព្រមៗគ្នា និងមានប្រសិទ្ធភាពនូវការងារពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ យ៉ាងហោចណាស់ ១ ដងក្នុង ១ ឆ្នាំ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាប់ពីឆ្នាំ ២០២៦ តទៅ នាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្តាលោកជារដ្ឋមន្ត្រី, ប្រមុខស្ថាប័នថ្នាក់ក្រសួង, ប្រធានគណៈកម្មាធិការប្រជាជនខេត្ត-ក្រុង ផ្តោតលើការដឹកនាំអនុវត្តភារកិច្ចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ស្នើដល់បណ្តាសមមិត្តលេខាគណៈកម្មាធិការបក្សខេត្ត-ក្រុង និងតម្រូវឱ្យបណ្តាសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត-ក្រុង ជាបន្ទាន់ដឹកនាំ និងបញ្ជាឱ្យអនុវត្តបណ្តាភារកិច្ចពិនិត្យសុខភាពតាមកាលកំណត់ ឬពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ តាមសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW; ដោយកំណត់ច្បាស់ថា នេះគឺជាភារកិច្ចសំខាន់ ជាប្រចាំ និងយូរអង្វែង ដែលផ្សារភ្ជាប់នឹងបណ្តាកម្មវិធី ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសុខុមាលភាពសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។ ខិតខំឱ្យបានត្រឹមដំណាច់ឆ្នាំ ២០២៦ ប្រជាពលរដ្ឋទាំងអស់នឹងទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ និងត្រូវបានបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក។
កៀរគរការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលនៅមូលដ្ឋាន ពង្រីកតួនាទី និងការទទួលខុសត្រូវរបស់ប្រមុខស្ថាប័ន អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការដឹកនាំ និងចាត់តាំងអនុវត្ត។
ដឹកនាំបង្កើនការងារព័ត៌មាន ផ្សព្វផ្សាយ និងចលនា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ សហគមន៍ និងសង្គមទាំងមូល អំពីការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកដើម្បីរកឃើញជំងឺបានទាន់ពេលវេលា ដែលរួមចំណែកផ្លាស់ប្តូរឥរិយាបថ និងបង្កើតជាទម្លាប់ម្ចាស់ការទៅពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យស្វែងរកជំងឺរបស់ប្រជាពលរដ្ឋ។
ពង្រឹង និងលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាលមូលដ្ឋាន និងសុខាភិបាលបង្ការ
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានតម្រូវឱ្យក្រសួងសុខាភិបាលធ្វើជាម្ចាស់ការ សម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តាមូលដ្ឋាន ដើម្បីបន្តពិនិត្យ និងដាក់ចេញនូវឯកសារណែនាំដល់បណ្តាអង្គភាព និងមូលដ្ឋាន ក្នុងការរៀបចំការពិនិត្យសុខភាពតាមកាលកំណត់ និងការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ធានាឱ្យមានប្រសិទ្ធភាព ភាពអាចអនុវត្តបាន និងសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។
ណែនាំដល់បណ្តាគ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺ ឱ្យបង្កើត និងគ្រប់គ្រងសៀវភៅសុខភាពអេឡិចត្រូនិក; ធានាការតភ្ជាប់ ភាពរលូននៃទិន្នន័យ និងសមាហរណកម្មនៅលើកម្មវិធី VNeID; កសាង និងដាក់ចេញនូវបទដ្ឋានទម្រង់ទិន្នន័យលទ្ធផល សម្រាប់ការពិនិត្យសុខភាពតាមកាលកំណត់ និងការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ ដើម្បីឯកភាពគ្នាក្នុងការគ្រប់គ្រង តភ្ជាប់ និងធ្វើសមស្របកម្មទិន្នន័យជាមួយមូលដ្ឋានទិន្នន័យធានារ៉ាប់រងសង្គម ដោយត្រូវបង្ហើយក្នុងខែឧសភា ឆ្នាំ ២០២៦។
ពង្រឹង និងលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាលមូលដ្ឋាន និងសុខាភិបាលបង្ការ; ធានាប្រភពធនធានមនុស្ស បរិក្ខារពេទ្យ ឱសថ និងសារធាតុគីមី; ចាត់តាំងការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងផ្ទេរបច្ចេកទេសជូនដល់ក្រុមកម្មាភិបាលសុខាភិបាលដែលចូលរួមអនុវត្ត។
ក្រសួងសុខាភិបាលធ្វើជាម្ចាស់ការតាមដាន រំលឹក ត្រួតពិនិត្យ និងតាមដានការចាត់តាំងអនុវត្ត; បូកសរុប និងរាយការណ៍ជូននាយករដ្ឋមន្ត្រីអំពីសភាពការណ៍ លទ្ធផលអនុវត្ត ការលំបាក ជម្លោះ និងសំណូមពរ (ប្រសិនបើមាន) តាមកាលកំណត់រៀងរាល់ត្រីមាស (មុនថ្ងៃទី ១០ នៃត្រីមាសបន្ទាប់) ឬនៅពេលមានការតម្រូវពីថ្នាក់មានសមត្ថកិច្ច។
ក្រសួងនគរបាលធ្វើជាម្ចាស់ការ សម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំការដាក់ចេញនូវការតភ្ជាប់ ទាញយក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន ប្រព័ន្ធកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក ដើម្បីបម្រើដល់ការបង្កើត និងធ្វើបច្ចុប្បន្នភាពព័ត៌មានគ្រប់គ្រងសៀវភៅសុខភាពអេឡិចត្រូនិកនៅលើ VNeID និងការផ្ទៀងផ្ទាត់ព័ត៌មានប្រជាពលរដ្ឋនៅពេលចូលរួមពិនិត្យសុខភាព; ដឹកនាំធានាសន្តិសុខ សុវត្ថិភាពព័ត៌មាន និងការពារទិន្នន័យបុគ្គលក្នុងដំណើរការប្រមូល រក្សាទុក តភ្ជាប់ និងចែករំលែកទិន្នន័យសុខភាព; ម្ចាស់ការបង្ការ រកឃើញ និងដោះស្រាយរាល់អំពើបំពានច្បាប់ដែលពាក់ព័ន្ធ។
ការពិនិត្យសុខភាពឥតគិតថ្លៃជូនដល់សិស្ស និស្សិត នៅដើមឆ្នាំសិក្សា ២០២៦ - ២០២៧
ក្រសួងអប់រំ និងបណ្តុះបណ្តាលធ្វើជាម្ចាស់ការ សម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំ និងណែនាំដល់បណ្តាមូលដ្ឋាន និងគ្រឹះស្ថានអប់រំ ឱ្យចាត់តាំងអនុវត្ត និងសម្របសម្រួលជាមួយគ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺ ដើម្បីអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃជូនដល់សិស្ស និស្សិត និងសិក្ខាកាមតាមបទបញ្ញត្តិ; ដោយត្រូវបង្ហើយក្នុងខែឧសភា ឆ្នាំ ២០២៦ ដើម្បីចាត់តាំងអនុវត្តភ្លាមៗនៅដើមឆ្នាំសិក្សា ២០២៦ - ២០២៧។
ក្រសួងហិរញ្ញវត្ថុធ្វើជាម្ចាស់ការ សម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ចាត់ចែងថវិកាពីថវិការដ្ឋតាមការបែងចែកកម្រិតថវិកា ធានាឱ្យមានប្រសិទ្ធភាព សន្សំសំចៃ និងត្រឹមត្រូវតាមបទបញ្ញត្តិនៃច្បាប់ថវិការដ្ឋ និងបណ្តាបទបញ្ញត្តិច្បាប់ផ្សេងៗទៀតដែលពាក់ព័ន្ធ; ណែនាំការទូទាត់ពីថវិការដ្ឋ និងប្រភពស្របច្បាប់ផ្សេងៗទៀតក្នុងករណីចាំបាច់; ដឹកនាំស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម ឱ្យទទួល និងធ្វើសមស្របកម្មទិន្នន័យពិនិត្យសុខភាពឱ្យបានទាន់ពេលវេលា; ធានាការតភ្ជាប់ ភាពរលូន និងការចែករំលែកទិន្នន័យជាមួយសៀវភៅសុខភាពអេឡិចត្រូនិក និងបណ្តាមូលដ្ឋានទិន្នន័យពាក់ព័ន្ធដទៃទៀត។
ការចាត់តាំងការពិនិត្យសុខភាពចល័តនៅតំបន់ដាច់ស្រយាល តំបន់ភ្នំ ព្រំដែន និងកោះ
គណៈកម្មាធិការប្រជាជនខេត្ត-ក្រុង ត្រូវកសាងផែនការ និងដឹកនាំ ណែនាំ សម្របសម្រួលចាត់តាំងការអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ និងការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមក្រុមមុខសញ្ញា។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ និងផ្តល់អាទិភាពចំពោះអ្នកមានគុណូបការៈចំពោះជាតិ, មនុស្សចាស់, ជនពិការ, អ្នកស្ថិតក្នុងគ្រួសារក្រីក្រ និងក្បែរក្រីក្រ, អ្នកមានជំងឺរ៉ាំរ៉ៃ, អ្នករស់នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ, តំបន់ដែលមានលក្ខខណ្ឌសេដ្ឋកិច្ច-សង្គមលំបាក និងលំបាកខ្លាំង, តំបន់ព្រំដែន និងកោះ... តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាឱ្យសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។
ដឹកនាំបញ្ជាឱ្យមានការរួមបញ្ចូលគ្នារវាងការពិនិត្យនៅតាមប៉ុស្តិ៍សុខភាពឃុំ-សង្កាត់ និងគ្រឹះស្ថានសុខាភិបាល ជាមួយនឹងការចាត់តាំងការពិនិត្យចល័តតាមលើកៗនៅតាមសហគមន៍, តំបន់ប្រជុំជន, តំបន់ដាច់ស្រយាល, តំបន់លំបាក និងលំបាកខ្លាំង, តំបន់ព្រំដែន និងកោះ។ ក្នុងនោះ គ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺសាធារណៈ និងសុខាភិបាលមូលដ្ឋាន គឺជាកម្លាំងស្នូល; ទន្ទឹមនឹងនោះ ត្រូវកៀរគរគ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺក្រៅប្រព័ន្ធរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ឱ្យចូលរួមពិនិត្យសុខភាពតាមកាលកំណត់ ឬពិនិត្យស្វែងរកជំងឺជូនប្រជាពលរដ្ឋតាមផែនការរបស់មូលដ្ឋាន និងតាមបទបញ្ញត្តិ។
ចាត់ចែងប្រភពធនធានពីថវិកាមូលដ្ឋាន និងកៀរគរប្រភពធនធានស្របច្បាប់ផ្សេងៗទៀត; ព្រមទាំងបញ្ចូលជាមួយបណ្តាកម្មវិធី និងគម្រោងសមស្របនៅក្នុងមូលដ្ឋាន ដើម្បីធានាការប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព ក្នុងការរៀបចំការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។
ពង្រឹង និងលើកកម្ពស់សមត្ថភាពសម្រាប់ប៉ុស្តិ៍សុខភាពឃុំ-សង្កាត់ជាជំហានៗ ធានាឱ្យមានកម្លាំងពលកម្មគ្រប់គ្រាន់ជាមួយនឹងរចនាសម្ព័ន្ធសមស្រប ឆ្លើយតបនឹងតម្រូវការមុខងារ និងភារកិច្ច; បង្កើនចំនួនវេជ្ជបណ្ឌិតបម្រើការងារនៅតាមសុខាភិបាលមូលដ្ឋាន ក្នុងនោះត្រូវយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរវេន, ការផ្លាស់ប្តូរកន្លែងការងារ និងការបញ្ជូនកម្មាភិបាលសុខាភិបាលឱ្យទៅបម្រើការងារមានកំណត់ថិរវេលានៅតាមបណ្តាប៉ុស្តិ៍សុខភាពឃុំ-សង្កាត់។
ការធានាសិទ្ធិទទួលបានការថែទាំសុខភាពរបស់ពលករ ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញ
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ក៏បានតម្រូវឱ្យបណ្តាក្រសួង ស្ថាប័នថ្នាក់ក្រសួង និងស្ថាប័នដទៃទៀតនៅថ្នាក់មជ្ឈិម ព្រមទាំងអង្គការ សហគ្រាស និងនិយោជក ត្រូវកសាងផែនការ និងចាត់តាំងការអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃជូនដល់ពលករជារៀងរាល់ឆ្នាំ តាមបទបញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាព និងអនាម័យការងារ។
ស្នើដល់សហព័ន្ធសហជីពវៀតណាម ដឹកនាំសហជីពគ្រប់លំដាប់ថ្នាក់ ឱ្យសម្របសម្រួលជាមួយនិយោជក ដើម្បីធ្វើការផ្សព្វផ្សាយ និងចលនាឱ្យសមាជិកសហជីព និងពលករ ចូលរួមក្នុងការពិនិត្យសុខភាពតាមកាលកំណត់ ឬការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ។ បង្កើនការត្រួតពិនិត្យ និងតាមដានការអនុវត្តការពិនិត្យសុខភាព និងការពិនិត្យជំងឺវិជ្ជាជីវៈ; រកឃើញ និងស្នើឱ្យដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវរាល់អំពើបំពានទាន់ពេលវេលា ដើម្បីធានាសិទ្ធិទទួលបានការថែទាំសុខភាពរបស់ពលករ ជាពិសេសគឺពលករនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃនាំចេញ និងក្រុមពលករដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺវិជ្ជាជីវៈ៕
យុគសម័យ - ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦ បានទាក់ទាញការចូលរួមពីបណ្ដាស្ថាប័នគ្រប់គ្រង ស្ថាប័នជំរុញទេសចរណ៍ និងអាជីវកម្មទេសចរណ៍មកពី ៣១ ខេត្ត ក្រុងនៃប្រទេសវៀតណាម ព្រមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានសហគ្រាសជាង ៦០០ មានស្ដង់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ |
យុគសម័យ - នាថ្ងៃទី ១២ ខែមេសា នៅទីក្រុងហាកូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទគណៈប្រធានលើកទី ៧ អាណត្តិទី ១០ ដើម្បីពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១។ |

មតិពីមិត្តអ្នកអាន