យុគសម័យ - នារសៀលថ្ងៃទី ០៦ ខែឧសភា នៅរដ្ឋធានីញូដេលី (New Delhi) បន្ទាប់ពីបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញជួបជុំជាមួយបណ្តាញសារព័ត៌មាន។
| ការកំណត់ទម្រង់ក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងវៀតណាម - ឥណ្ឌា ឈានដល់កម្រិតកម្ពស់ថ្មី វៀតណាម ទាក់ទាញភ្ញៀវទេសចរ ឥណ្ឌា ខ្លាំងបំផុតចំពេលមានការប្រែប្រួលនៅមជ្ឈិមបូព៌ា |
អញ្ជើញមានប្រសាសន៍ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រី លោក Narendra Modi បានសម្តែងនូវភាពសប្បាយរីករាយដែលបានទទួលស្វាគមន៍អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក Narendra Modi បានសង្កត់ធ្ងន់ថា វៀតណាមបានក្លាយជាដៃគូយុទ្ធសាស្ត្រដំបូងគេរបស់ឥណ្ឌានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ទន្ទឹមនឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ភាគីទាំងពីរបានប្រកាសដំឡើងកម្រិតទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹង និងនាំយកទំនាក់ទំនងនេះឈានដល់កម្ពស់ថ្មី។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអញ្ជើញជួបជុំជាមួយបណ្តាញសារព័ត៌មាន។ |
ចំពោះសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរខិតខំដំឡើងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និងបានឯកភាពលើដំណោះស្រាយមួយចំនួនដូចជា៖ សហប្រតិបត្តិការលើផលិតផលឱសថឱ្យកាន់តែស៊ីជម្រៅ; ជំរុញការផ្លាស់ប្តូរកសិផលដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់អ្នកប្រើប្រាស់នៃប្រទេសទាំងពីរ; ធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ដើម្បីបង្កើតកម្លាំងរុញច្រានថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងបណ្តាប្រទេសអាស៊ាន; យកចិត្តទុកដាក់លើស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បណ្តាគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីក្នុងវិស័យរ៉ែយុទ្ធសាស្ត្រ, ដីកម្រ (Rare earth) និងថាមពល ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងសន្តិសុខសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់សមត្ថភាពបន្សាំនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសទាំងពីរ; ផ្តល់អាទិភាពដល់ការបង្កើនសហប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុនៃភាគីទាំងពីរ។
អញ្ជើញមានប្រសាសន៍ក្នុងជំនួបនោះដែរ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឋានៈជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ព្រមទាំងបានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេងរបស់ឥណ្ឌាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យឥណ្ឌាកំពុងងើបឡើងយ៉ាងខ្លាំងក្លា និងបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលកំណើន និងនវានុវត្តន៍ដ៏សំខាន់របស់ពិភពលោក។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានឱ្យដឹងថា ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃទំនាក់ទំនងទ្វេភាគីជាង ៥០ ឆ្នាំ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេល ១០ ឆ្នាំ ព្រមទាំងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឥណ្ឌា។ ភាគីទាំងពីរក៏បានចែករំលែកនូវចក្ខុវិស័យអំពីតំបន់ និងពិភពលោក ហើយបានឯកភាពគ្នាខ្ពស់អំពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ឥណ្ឌាចំពោះប្រទេសទាំងពីរ ដោយប្រាថ្នាចង់បង្កើនការតភ្ជាប់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដើម្បីឆ្លើយតបឱ្យកាន់តែល្អប្រសើរទៅនឹងបម្រែបម្រួលនៃសភាពការណ៍។
ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានពង្រឹង តាមស្មារតី "ចែករំលែកចក្ខុវិស័យ, ជួបប្រសព្វយុទ្ធសាស្ត្រ និងសហប្រតិបត្តិការជាក់ស្តែង" ដើម្បីនាំយកសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានចូលកាន់តែស៊ីជម្រៅ។
ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយ, បង្កើនការប៉ះពាល់កម្រិតខ្ពស់ និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់; លើកកម្ពស់សហប្រតិបត្តិការការពារជាតិ-សន្តិសុខឱ្យក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រ រួមចំណែកពង្រឹងបរិស្ថានសន្តិភាព និងស្ថិរភាព; បង្កើតការផ្លាស់ប្តូរច្បាស់លាស់ក្នុងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ជំរុញការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់, ដកចេញនូវរាល់របាំង និងពង្រីកទីផ្សារ; យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលធ្វើជាកម្លាំងរុញច្រានថ្មីសម្រាប់សហប្រតិបត្តិការ បើកនូវវិស័យអភិវឌ្ឍន៍ដែលមានតម្លៃបន្ថែមខ្ពស់; បង្កើនការផ្លាស់ប្តូររវាងប្រជាជន វប្បធម៌ និងអប់រំ តាមរយៈនោះពង្រឹងមូលដ្ឋានគ្រឹះសង្គមប្រកបដោយចីរភាពសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
![]() |
| អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អញ្ជើញជួបពិភាក្សា។ |
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់ថា ភាគីទាំងពីរក៏បានឯកភាពបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅតាមវេទិកាតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្តាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ក៏ដូចជាធានាឱ្យសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានស្តាប់ឮ។ វៀតណាមគាំទ្រឥណ្ឌាឱ្យមានតួនាទី និងឋានៈកាន់តែសំខាន់ថែមទៀតនៅតាមយន្តការពហុភាគី និងប្រាថ្នាចង់សម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយឥណ្ឌា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់តំបន់ និងសកលលោក។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការរក្សាបរិស្ថានសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការរុករកតាមសមុទ្រ និងអាកាស; ដោះស្រាយជម្លោះដោយវិធានការសន្តិភាពផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
ភាគីទាំងពីរបានឯកភាពបន្តជំរុញបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌឆ្នាំសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាស្តីពីដែនសមុទ្រ ២០២៦; វៀតណាមលើកទឹកចិត្តឱ្យឥណ្ឌាតភ្ជាប់កាន់តែស៊ីជម្រៅថែមទៀតជាមួយអាស៊ាន និងអនុតំបន់មេគង្គ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន ឯកភាពណែនាំក្រសួង និងស្ថាប័ននានា អនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព នាំមកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌាដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ៕
នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នាវាលេខ ២០ ក្រុមនាវាលេខ១៣២ កងពលតូចលេខ១៧២ តំបន់លេខ៣ កងទ័ពជើងទឹក និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែក្រុង Visakhapatnam របស់ឥណ្ឌា ដើម្បីត្រៀមចូលរួមការហាត់សមកងទ័ពជើងទឹកពហុភាគី MILAN ឆ្នាំ២០២៤។ |
បណ្តាសហគ្រាសឥណ្ឌាបានជ្រើសរើសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីដើម្បីពង្រីកការវិនិយោគរបស់ខ្លួន ពីព្រោះប្រទេសទាំងនេះគឺជាទីផ្សារដែលមានសក្តានុពលអភិវឌ្ឍន៍បំផុត ហើយបានព្យាករណ៍ថាប្រាក់ចំណូលរបស់អាជីវកម្មទាំងនេះនៅអាស៊ាននឹងកើនឡើងក្នុងរយៈពេល ១២ខែខាងមុខជាពុំខាន។ |


មតិពីមិត្តអ្នកអាន