យុគសម័យ - នៅមុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam សាស្ត្រាចារ្យ Vuong Hong Vu នៃសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស Bac Kinh (ប្រទេសចិន) យល់ឃើញថា ទំនាក់ទំនង ចិន-វៀតណាម នាពេលបច្ចុប្បន្ន បានឈានហួសពីក្របខ័ណ្ឌទ្វេភាគីប្រពៃណីឆ្ងាយណាស់។
| នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ធ្វើការជាមួយក្រុមត្រួតពិនិត្យ IUU របស់ EC |
សាស្ត្រាចារ្យ Vuong Hong Vu នាយកមជ្ឈមណ្ឌលការទូតសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ចំណុះសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស Bac Kinh (ប្រទេសចិន) បានឆ្លើយតបបទសម្ភាសន៍ជាមួយកាសែត The gioi & Viet Nam អំពីអត្ថន័យ និងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស ចិន របស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam ក៏ដូចជាបានស្នើនូវបណ្តាវិធានការជំរុញទំនាក់ទំនងទ្វេភាគីនាពេលអនាគត។
ខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍មានដូចតទៅ៖
សំណួរ៖ សូមសាស្ត្រាចារ្យមេត្តាបញ្ជាក់អំពីអត្ថន័យ និងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចនៅប្រទេស ចិន របស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam?
ដំណើរទស្សនកិច្ចលើកនេះ ជាបឋមគឺជាព្រឹត្តិការណ៍ការទូតដែលមានលក្ខណៈយុទ្ធសាស្ត្រ មានអត្ថន័យបន្តវេនពីអតីតកាល និងបើកបង្ហាញនូវអនាគត។
![]() |
| សាស្ត្រាចារ្យ Vuong Hong Vu។ |
សារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ មិនត្រឹមតែស្ថិតនៅលើកម្រិតខ្ពស់បំផុតនៃពិធីការការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើការប្រព្រឹត្តទៅក្នុងខណៈពេលដ៏សំខាន់ នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ចិន និង វៀតណាម កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។
នាខែធ្នូ ឆ្នាំ ២០២៣ ភាគីទាំងពីរបានប្រកាសកសាងសហគមន៍ចែករំលែកវាសនា ចិន-វៀតណាម ដែលមានអត្ថន័យយុទ្ធសាស្ត្រ; នាខែសីហា ឆ្នាំ ២០២៤ សមមិត្ត To Lam ក្នុងឋានៈជាអគ្គលេខាធិការបក្ស ប្រធានរដ្ឋ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេស ចិន។
ហើយនាខែមេសា ឆ្នាំ ២០២៥ អគ្គលេខាធិការបក្ស ប្រធានរដ្ឋ ចិន លោក Tap Can Binh បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ការបន្តដាក់ឱ្យអនុវត្តនូវបណ្តាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនង ចិន-វៀតណាម មានលក្ខណៈបន្តវេនយុទ្ធសាស្ត្រ និងមានស្ថិរភាពគោលនយោបាយខ្ពស់បំផុត។
តាមទស្សនៈនៃការសង្កេតការណ៍ការទូត អត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះ ត្រូវបានបង្ហាញតាមរយៈទិដ្ឋភាពចម្ងាយចំនួនបី៖
ទីមួយ៖ បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រជាន់ខ្ពស់ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ប្រទេសទាំងពីរ ចិន និង វៀតណាម គឺជាអ្នកជិតខាងសង្គមនិយម ការណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ តែងតែជាលក្ខណៈពិសេសលេចធ្លោសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។ នៅក្នុងកាលវិភាគនៃដំណើរទស្សនកិច្ចរបស់សមមិត្តអគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam ភាគី ចិន បានរៀបចំឱ្យមានជំនួបពិភាក្សាជាមួយអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ចិន លោក Tap Can Binh និងជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រី Ly Cuong, ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស លោក Trieu Lac Te, ប្រធានសភាប្រឹក្សានយោបាយ លោក Vuong Ho Ninh ដែលចំណុចនេះបង្ហាញថា ភាគីទាំងពីរមានបំណងចង់ប្រើប្រាស់កិច្ចសន្ទនាជាន់ខ្ពស់ ដើម្បីដាក់ចេញនូវផែនការដែលមានលក្ខណៈប្រព័ន្ធជាងមុន សម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។
ទីពីរ៖ ជំរុញការបំប្លែងការយល់ឃើញរួម ឱ្យទៅជាលទ្ធផលសហប្រតិបត្តិការជាក់ស្តែង។ សេចក្តីថ្លែងការណ៍រួមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមិនត្រឹមតែស្ថិតក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកទៅដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ខ្សែច្រវាក់ផ្គត់ផ្គង់ នវានុវត្តន៍ និងការផ្លាស់ប្តូរមនុស្សធម៌។ គេអាចមើលឃើញថា ការយល់ឃើញរួមជាន់ខ្ពស់កំពុងត្រូវបានធ្វើឱ្យជាក់ស្តែងឡើងជាលំដាប់ តាមរយៈការតភ្ជាប់ផ្នែកស្ថាប័ន និងគម្រោងសហប្រតិបត្តិការជាក់ស្តែង ដែលជួយឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានចីរភាព។
ទីបី៖ បញ្ចេញនូវសញ្ញាវិជ្ជមានអំពីស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅកាន់តំបន់ និងពិភពលោក។ ក្នុងបរិបទដែលសេដ្ឋកិច្ចអន្តរជាតិ និងតំបន់នៅមានភាពមិនច្បាស់លាស់ច្រើន ការដែលប្រទេសទាំងពីរ ចិន និង វៀតណាម រក្សាការផ្លាស់ប្តូរជាន់ខ្ពស់យ៉ាងជិតស្និទ្ធ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នឹងរួមចំណែកធ្វើឱ្យមានស្ថិរភាពនូវការរំពឹងទុករបស់ទីផ្សារ រួមចំណែកដល់កិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន និងដំណើរការប្រកបដោយស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
![]() |
| អគ្គលេខាធិការបក្ស ប្រធានរដ្ឋ ចិន លោក Tap Can Binh និងភរិយា ទទួលស្វាគមន៍អគ្គលេខាធិការបក្ស ប្រធានរដ្ឋ To Lam និងភរិយា នៅរដ្ឋធានី Bac Kinh កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤។ |
សំណួរ៖ តើសាស្ត្រាចារ្យវាយតម្លៃយ៉ាងដូចម្តេច ចំពោះការអភិវឌ្ឍជារួមនៃទំនាក់ទំនង ចិន-វៀតណាម ក្នុងឆ្នាំកន្លងទៅ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម?
បើពិនិត្យជារួម ទំនាក់ទំនង ចិន-វៀតណាម ក្នុងឆ្នាំកន្លងទៅ បានរក្សានូវសន្ទុះអភិវឌ្ឍន៍យ៉ាងរឹងមាំ និងជាក់ស្តែង ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម បន្តដើរតួជា "ថ្មគោល" និងជា "ម៉ាស៊ីនរុញច្រាន" សម្រាប់ទំនាក់ទំនងទ្វេភាគី។
ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានហួសពីបង្គោលចរ ២៩០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៦៧%។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ វៀតណាម បន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ចិន នៅក្នុងប្លុក អាស៊ាន។ តួលេខទាំងនេះគឺជាតឹកតាងបញ្ជាក់ពីភាពធន់ និងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចប្រទេសទាំងពីរ។
ក្រោមមុំនៃវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ចិន-វៀតណាម ក្នុងឆ្នាំកន្លងទៅ មានលក្ខណៈពិសេសលេចធ្លោចំនួនបី៖
ទីមួយ៖ ការពង្រីកទំហំពាណិជ្ជកម្ម ដើរទន្ទឹមគ្នានឹងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធសហប្រតិបត្តិការ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មិនត្រឹមតែជាការផ្លាស់ប្តូរទំនិញបែបប្រពៃណីសាមញ្ញនោះទេ ប៉ុន្តែវាកំពុងឈានទៅរកការវិនិយោគស៊ីជម្រៅ ការគាំទ្រផលិតកម្ម ភស្តុភារកម្ម (Logistics) ឆ្លងដែន និងការរួមគ្នាអភិវឌ្ឍខ្សែច្រវាក់ឧស្សាហកម្ម។ គេអាចនិយាយបានថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរពីការធ្វើពាណិជ្ជកម្ម ទៅជា "ការផ្សារភ្ជាប់ឧស្សាហកម្ម" និង "ការតភ្ជាប់ការអភិវឌ្ឍ"។
ទីពីរ៖ តួនាទីដឹកនាំនៃកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កាន់តែមានភាពច្បាស់លាស់។ វិស័យផ្លូវរថភ្លើង ច្រកទ្វារព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម បានក្លាយជាចំណុចភ្លឺថ្មី។ កិច្ចសហប្រតិបត្តិការមិនត្រឹមតែឈប់ត្រឹមវិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធផ្ទាល់ទៅនឹងថ្លៃដើមពាណិជ្ជកម្ម ការកសាងសហគ្រាស និងការបែងចែកកម្លាំងពលកម្មក្នុងតំបន់ ដែលតាមរយៈនោះ ជួយលើកកម្ពស់តម្លៃយុទ្ធសាស្ត្រនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ទីបី៖ បណ្តាមូលដ្ឋានគ្រឹះសហប្រតិបត្តិការតំបន់ បានគាំទ្រយ៉ាងសកម្មដល់ទំនាក់ទំនងទ្វេភាគី។ ការអនុវត្ត RCEP និងការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន (ACFTA) កំណែ ៣.០ ក្នុងឆ្នាំ ២០២៥ បានបង្កើតនូវបរិយាកាសស្ថាប័នដ៏ល្អប្រសើរ។ កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន មិនត្រឹមតែ "ផ្អែកលើគម្រោង" ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលក្ខណៈ "ដឹកនាំដោយច្បាប់ទម្លាប់" និង "ផ្តល់កម្លាំងដោយមូលដ្ឋានគ្រឹះ" ផងដែរ។
![]() |
| អនុរដ្ឋមន្ត្រីការបរទេស ចិន លោក Ton Ve Dong និងឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅប្រទេស ចិន លោក Pham Thanh Binh (ខាងស្តាំ) ក្នុងពិធីអបអរសាទរខួបលើកទី ៧៦ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន នាខែមករា ឆ្នាំ ២០២៦។ |
សំណួរ៖ តាមសាស្ត្រាចារ្យ តើវិស័យសហប្រតិបត្តិការសំខាន់ៗណាខ្លះ ដែល ចិន និង វៀតណាម ចាំបាច់ត្រូវជំរុញនាពេលអនាគត?
នាពេលអនាគត ប្រទេសទាំងពីរចាំបាច់ត្រូវយកចិត្តទុកដាក់ទន្ទឹមគ្នាលើការបើកចំហផ្នែកស្ថាប័ន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដើម្បីបង្កើនភាពធន់ និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។ ខ្ញុំយល់ឃើញថា មានទិសដៅសំខាន់ៗចំនួន ៥ ដែលត្រូវផ្តល់អាទិភាព៖
ទីមួយ៖ រួមគ្នាជំរុញការដាក់ឱ្យអនុវត្ត ACFTA កំណែ ៣.០ ប្រកបដោយគុណភាពខ្ពស់។ នេះគឺជាកម្លាំងចលករឈានមុខគេ ដោយផ្ដោតលើច្បាប់ទម្លាប់ និងស្ដង់ដារក្នុងសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់។
ទីបួន៖ បង្កើតសណ្ឋានភាពតភ្ជាប់ "រឹង" និង "ទន់" ឱ្យមានសមកាលកម្ម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ដូចជាផ្លូវរថភ្លើង ច្រកទ្វារព្រំដែន) ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញ "ការតភ្ជាប់ទន់" ដូចជាការបំពេញបែបបទគយឆ្លាតវៃ កិច្ចសហប្រតិបត្តិការលើការពិនិត្យនិងចត្តាឡីស័ក និងការសម្របសម្រួលច្បាប់ទម្លាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់។
ទីបី៖ បណ្ដុះបណ្ដាលកម្លាំងចលករកំណើនពីសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតង។ ការផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ការទូទាត់តាមអេឡិចត្រូនិក ថាមពលថ្មី និងស្ដង់ដារបៃតង នឹងជួយឱ្យប្រទេសទាំងពីរបង្កើនសំឡេងរួមគ្នាក្នុងច្បាប់ទម្លាប់សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងតំបន់។
![]() |
| កម្មវិធីសិល្បៈ "ទិវាវប្បធម៌ វៀតណាម នៅប្រទេស ចិន" នាខែធ្នូ ឆ្នាំ ២០២៥។ |
ទីបួន៖ លើកកម្ពស់តួនាទីនៃមូលដ្ឋានគ្រឹះសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឱ្យបានកាន់តែល្អប្រសើរ។ ជាមួយនឹងការដែល វៀតណាម ត្រៀមនឹងទទួលតួនាទីជាសហប្រធាន នេះគឺជាឱកាសដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យជីវភាពប្រជាជន ដូចជាប្រភពទឹក កសិកម្ម ការកាត់បន្ថយភាពក្រីក្រ និងសុខភាពសាធារណៈ។
ទីប្រាំ៖ ពង្រីកកិច្ចសហប្រតិបត្តិការមូលដ្ឋាន និងការផ្លាស់ប្តូរមនុស្សធម៌។ បង្កើនមូលដ្ឋានគ្រឹះមិត្តភាពប្រជាជន តាមរយៈកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែន ការផ្លាស់ប្តូរយុវជន ការអប់រំ និងទេសចរណ៍ ដើម្បីបង្កើតចីរភាពយូរអង្វែងសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
នាពេលខាងមុខ ទស្សនវិស័យនៃទំនាក់ទំនង ចិន-វៀតណាម ត្រូវបានវាយតម្លៃថាមានភាពវិជ្ជមាន ប្រុងប្រយ័ត្ន និងសុទិដ្ឋិនិយម។ វិជ្ជមានដោយសារមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយល្អ; ប្រុងប្រយ័ត្នដោយសារបរិយាកាសអន្តរជាតិនៅមានការប្រែប្រួល; និងសុទិដ្ឋិនិយមដោយសារទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន បានឈានហួសពីក្របខ័ណ្ឌទ្វេភាគីប្រពៃណី រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៃតំបន់៕
យុគសម័យ - ក្រសួងអប់រំ និងបណ្តុះបណ្តាលកំពុងស្វែងរកមតិយោបល់លើសេចក្តីព្រាងក្រឹត្យស្តីពីការគ្រប់គ្រងសាស្ត្រាចារ្យពេញម៉ោងនៅក្នុងស្ថាប័នអប់រំវិជ្ជាជីវៈ និងស្ថាប័នឧត្តមសិក្សា។ |
យុគសម័យ - ការបញ្ជាក់ពីតួនាទីរបស់វិស័យឯកជន និងការដាក់នវានុវត្តន៍ជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ បង្ហាញពីការគិតប្រកបដោយភាពច្នៃប្រឌិតដ៏រឹងមាំរបស់បក្ស ដែលបើកឱកាសសំខាន់ៗសម្រាប់សហគមន៍ធុរកិច្ច និងអ្នកប្រាជ្ញវៀតណាមនៅក្រៅប្រទេស ដើម្បីចូលរួមចំណែកដល់កំណើនប្រកបដោយចីរភាព និងបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាមក្នុងយុគសម័យថ្មី។ |




មតិពីមិត្តអ្នកអាន