យុគសម័យ - ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទើបតែបានអនុម័តកម្មវិធីគាំទ្រនិស្សិតបណ្ឌិតឆ្នើម ដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងកម្រិតគាំទ្រអតិបរមារហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតម្នាក់ៗ ក្នុងរយៈពេលមិនលើសពី ៣ ឆ្នាំ។
| កំណើនភ្ញៀវទេសចរនៅកម្ពុជាកើនឡើង ២៣ ភាគរយក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពាណិជ្ជកម្មកម្ពុជាជាមួយសមាជិកអាស៊ានកើនដល់ ៧.៩៦ ពាន់លានដុល្លារក្នុងឆមាសទី ១ ឆ្នាំ ២០២៤ |
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចុះហត្ថលេខាដាក់ចេញនូវសេចក្តីសម្រេចលេខ 2103/QĐ-BKHCN អនុម័តលើ "កម្មវិធីគាំទ្រនិស្សិតបណ្ឌិតឆ្នើម ដំណាក់កាល ២០២៦-២០៣០" (Vietnam Research Excellence Fellowship – VREF) ក្នុងគោលបំណងបង្កើតនូវក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលមានសមត្ថភាពស្រាវជ្រាវដោយឯករាជ្យ រួមចំណែកលើកកម្ពស់សមត្ថភាពម្ចាស់ការលើបច្ចេកវិទ្យា និងសមត្ថភាពប្រកួតប្រជែងរបស់ជាតិ។
ការអនុវត្តកម្មវិធី VREF គឺចេញមកពីតម្រូវការអភិវឌ្ឍធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ ដែលជាភារកិច្ចចម្បងមួយក្នុងចំណោមភារកិច្ចចម្បងៗ ដែលត្រូវបានកំណត់នៅក្នុងបណ្តាគោលការណ៍ធំៗរបស់បក្ស ជាពិសេសគឺនៅក្នុងសេចក្តីសម្រេចលេខ 57-NQ/TW និងសេចក្តីសម្រេចលេខ 71-NQ/TW។
កម្មវិធី VREF ត្រូវបានកសាងឡើងនៅលើមូលដ្ឋានគតិយុត្តិសមកាលកម្ម ដោយផ្តោតសំខាន់លើច្បាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២៥ ព្រមជាមួយបណ្តាអនុក្រឹត្យ និងប្រកាសណែនាំអំពីហិរញ្ញវត្ថុ ការវិនិយោគ និងការគ្រប់គ្រងភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់បង្កើតនូវយន្តការគាំទ្រមួយដែលមានលក្ខណៈជាប្រព័ន្ធ តម្លាភាព និងប្រសិទ្ធភាព សម្រាប់សកម្មភាពស្រាវជ្រាវរបស់និស្សិតបណ្ឌិត។
ការអនុវត្តជាក់ស្តែងបានបង្ហាញថា ទំហំនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅវៀតណាមនារយៈពេលកន្លងមក មាននិន្នាការកើនឡើង ប៉ុន្តែលក្ខខណ្ឌធានាសម្រាប់សកម្មភាពស្រាវជ្រាវនៅមានកម្រិតនៅឡើយ។ និស្សិតបណ្ឌិតមិនតិចនាក់ទេដែលខ្វះខាតប្រភពធនធាន ដើម្បីអនុវត្តការស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ឱកាសចូលរួមក្នុងសកម្មភាពសិក្សាធិការអន្តរជាតិនៅមានកម្រិត ចំនួននៃការចុះផ្សាយជាអន្តរជាតិ និងផលិតផលវិទ្យាសាស្ត្រ បច្ចេកវិទ្យាដែលមានតម្លៃ គឺមិនទាន់សមាមាត្រនឹងសក្តានុពលនៅឡើយ។
![]() |
| ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម |
ទន្ទឹមនឹងនោះ ការផ្សារភ្ជាប់គ្នារវាងការស្រាវជ្រាវរបស់និស្សិតបណ្ឌិត ជាមួយនឹងភារកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺក្នុងវិស័យបច្ចេកវិទ្យាស្នូល និងផលិតផលយុទ្ធសាស្ត្រ នៅមិនទាន់មានភាពជិតស្និទ្ធនៅឡើយ; ការកៀងគរប្រភពធនធានពីសហគ្រាស និងកិច្ចសហប្រតិបត្តិការអន្តរជាតិមិនទាន់មានប្រសិទ្ធភាព។
ក្នុងបរិបទដែលតម្រូវការលើកកម្ពស់សមត្ថភាពម្ចាស់ការលើបច្ចេកវិទ្យាកាន់តែមានភាពបន្ទាន់ កម្មវិធី VREF ត្រូវបានរំពឹងថានឹងបង្កើតនូវជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា តាមរយៈវិធីសាស្ត្រថ្មី៖ វិនិយោគដោយមានចំណុចដៅ ផ្សារភ្ជាប់នឹងលទ្ធផលសម្រេចបាន និងផលិតផលជាក់ស្តែង។
ជារៀងរាល់ឆ្នាំ គាំទ្រនិស្សិតបណ្ឌិតឆ្នើមប្រមាណ ១០០ នាក់
ចំណុចលេចធ្លោដ៏សំខាន់មួយនៃកម្មវិធី VREF គឺទស្សនៈនៃការអនុវត្ត៖ កំណត់យកនិស្សិតបណ្ឌិតជាកម្លាំងស្រាវជ្រាវស្នូល ដែលអនុវត្តផ្ទាល់ និងបង្កើតនូវលទ្ធផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ការគាំទ្រនិស្សិតបណ្ឌិតឆ្នើម គឺជាការវិនិយោគយុទ្ធសាស្ត្រ ក្នុងគោលបំណងអភិវឌ្ឍក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកវិទ្យា ដែលមានសមត្ថភាពដឹកនាំការអភិវឌ្ឍរបស់ជាតិ។
កម្មវិធី VREF ត្រូវបានអនុវត្តតាមទិសដៅផ្លាស់ប្តូរពីការគាំទ្រការបណ្តុះបណ្តាល ទៅជាការវិនិយោគសម្រាប់ការស្រាវជ្រាវឆ្នើម ដោយផ្តោតប្រភពធនធានលើចំណុចដៅសំខាន់ៗ ផ្តល់អាទិភាពដល់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ព្រមទាំងធានានូវការអភិវឌ្ឍប្រកបដោយតុល្យភាពនៃវិស័យវិទ្យាសាស្ត្រផ្សេងៗទៀត។
យន្តការជ្រើសរើសនឹងត្រូវអនុវត្តប្រកបដោយតម្លាភាព និងការប្រកួតប្រជែង; វាយតម្លៃផ្អែកលើលទ្ធផលសម្រេចបាន ផ្សារភ្ជាប់ការគាំទ្រជាមួយនឹងផលិតផលជាក់ស្តែង។ ទន្ទឹមនឹងនោះ កម្មវិធីលើកទឹកចិត្តឱ្យមានការកៀងគរប្រភពធនធានរួមគ្នាផ្តល់ហិរញ្ញប្បទាន បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្សារភ្ជាប់គ្នារវាង រដ្ឋ – វិទ្យាស្ថាន សាលារៀន – សហគ្រាស។
យោងតាមគោលដៅដែលបានដាក់ចេញ កម្មវិធី VREF រំពឹងថាជារៀងរាល់ឆ្នាំនឹងជ្រើសរើស និងគាំទ្រថវិកាស្រាវជ្រាវសម្រាប់និស្សិតបណ្ឌិតឆ្នើមប្រមាណ ១០០ នាក់ ក្នុងនោះផ្តល់អាទិភាពបែងចែកប្រភពធនធានសម្រាប់ក្រុមដែលចូលរួមផ្ទាល់ក្នុងភារកិច្ចស្រាវជ្រាវម្ចាស់ការ បង្កើតបច្ចេកវិទ្យាស្នូល អភិវឌ្ឍបណ្តាផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ; ចំណែកផ្នែកដែលនៅសល់ គឺសម្រេចទុកសម្រាប់ក្រុមដែលអនុវត្តភារកិច្ចស្រាវជ្រាវបំបែកទម្លាយ ស្ថិតក្នុងវិស័យវិទ្យាសាស្ត្រផ្សេងៗទៀត។
កម្មវិធីក៏បានដាក់ចេញនូវសូចនាករជាក់លាក់អំពីគុណភាពលទ្ធផលសម្រេចបាន ដូចជា៖ យ៉ាងហោចណាស់ ៦០% នៃលទ្ធផលស្រាវជ្រាវត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះ (ស្ថិតក្នុងក្រុម Q1 ឬបញ្ជីឈ្មោះល្បីល្បាញដូចជា Nature Index); យ៉ាងហោចណាស់ ២០% មានការចុះបញ្ជីការពារសិទ្ធិកម្មសិទ្ធិបញ្ញា; និងយ៉ាងហោចណាស់ ១៥% ត្រូវបានផ្ទេរ បំប្លែងជាពាណិជ្ជកម្ម ឬយកទៅអនុវត្តក្នុងជាក់ស្តែង។
ទន្ទឹមនឹងនោះ VREF ឆ្ពោះទៅរកការបង្កើតបណ្តាញអ្នកវិទ្យាសាស្ត្រវ័យក្មេង រួមចំណែកកសាងក្រុមស្រាវជ្រាវខ្លាំងៗ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងយន្តការរួមគ្នាណែនាំរវាងអ្នកជំនាញក្នុង និងក្រៅប្រទេស។
កម្មវិធីនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស ដោយមានមុខសញ្ញាចូលរួមគឺជា និស្សិតបណ្ឌិត បណ្តាគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រក្នុង និងក្រៅប្រទេស ព្រមទាំងសហគ្រាស និងអង្គការផ្តល់ហិរញ្ញប្បទាននានា។
កម្មវិធីអនុវត្តយន្តការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ តាមដាន និងវាយតម្លៃភារកិច្ចតាមដំណាក់កាលនៃវឌ្ឍនភាព និងលទ្ធផលសម្រេចបាន។ ការផ្តល់ និងការបន្តបែងចែកថវិកា គឺផ្សារភ្ជាប់ផ្ទាល់ទៅនឹងលទ្ធផលនៃការអនុវត្ត; ចំពោះករណីដែលមិនឆ្លើយតបតាមតម្រូវការ នឹងត្រូវកែសម្រួល ឬបញ្ឈប់ការគាំទ្រតាមបទប្បញ្ញត្តិ។
ចំណុចគួរឱ្យកត់សម្គាល់នោះគឺ កម្មវិធីអនុវត្តយន្តការទទួលយកហានិភ័យក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយអនុញ្ញាតឱ្យមានការដោះស្រាយប្រកបដោយភាពបត់បែន ចំពោះបណ្តាភារកិច្ចដែលមានសក្តានុពល ប៉ុន្តែកើតមានកត្តាអត្តនោម័ត (កត្តាខាងក្រៅ) ដោយផ្អែកលើមូលដ្ឋានធានាបាននូវការអនុវត្តតាមបទប្បញ្ញត្តិ និងការប្តេជ្ញាចិត្ត។ ទន្ទឹមនឹងនោះ បង្កើនសិទ្ធិម្ចាស់ការសម្រាប់បណ្តាគ្រឹះស្ថានអប់រំ និងវិទ្យាស្ថានស្រាវជ្រាវ ដើរទន្ទឹមនឹងការទទួលខុសត្រូវក្នុងការបកស្រាយបំភ្លឺ អំពីគុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពធនធាន។
ចំណុចថ្មីដ៏សំខាន់មួយទៀត គឺការបង្កើនការផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងជំរុញការចូលរួមយ៉ាងពិតប្រាកដរបស់សហគ្រាស។ សហគ្រាសមិនត្រឹមតែរួមគ្នាផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមក្នុងការស្នើ អនុវត្ត និងប្រើប្រាស់លទ្ធផលស្រាវជ្រាវទៀតផង។ បណ្តាភារកិច្ចដែលមានទិសដៅច្បាស់លាស់អំពីការផ្ទេរ និងការធ្វើពាណិជ្ជកម្ម នឹងត្រូវផ្តល់អាទិភាព ដើម្បីធានាថា លទ្ធផលស្រាវជ្រាវអាចបំប្លែងទៅជាផលិតផល និងបច្ចេកវិទ្យាបម្រើដល់ការអនុវត្តជាក់ស្តែង។
ថវិកាសម្រាប់អនុវត្តកម្មវិធី VREF ត្រូវបានធានាពីថវិកាជាតិ និងប្រភពកៀងគរស្របច្បាប់ផ្សេងៗទៀត។ កម្រិតគាំទ្រត្រូវបានកំណត់ទៅតាមលក្ខណៈ និងតម្រូវការនៃភារកិច្ចស្រាវជ្រាវ ដើម្បីធានានូវការផ្តោតសំខាន់ ប្រសិទ្ធភាព និងសមស្របតាមគោលដៅដែលបានដាក់ចេញ; អតិបរមា ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិត ០១ នាក់ ជាមួយនឹងរយៈពេលគាំទ្រអតិបរមា ០៣ ឆ្នាំ។ ក្នុងករណីចាំបាច់ ភារកិច្ចអាចនឹងត្រូវពិចារណាបន្តសុពលភាពនៃរយៈពេលអនុវត្ត ប៉ុន្តែមិនលើសពី ០២ ឆ្នាំ ឡើយ និងមិនធ្វើឱ្យកើនឡើងនូវរយៈពេលគាំទ្រថវិកាពីថវិកាជាតិឡើយ។
ថវិកាត្រូវបានប្រើប្រាស់ដោយផ្ទាល់សម្រាប់សកម្មភាពស្រាវជ្រាវ និងការទូទាត់សាច់ប្រាក់ទៅតាមវឌ្ឍនភាព ផ្សារភ្ជាប់ជាមួយនឹងលទ្ធផលនៃការអនុវត្ត។
យោងតាមសេចក្តីសម្រេច មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ គឺជាអង្គភាពម្ចាស់ការក្នុងការចាត់តាំងអនុវត្តកម្មវិធី VREF; បណ្តាអង្គភាពជំនាញចំណុះក្រសួង ស្ថាប័ន អង្គការអប់រំ និងបណ្តុះបណ្តាលដែលពាក់ព័ន្ធ ត្រូវសម្របសម្រួលអនុវត្តតាមបទប្បញ្ញត្តិ៕
ការនាំចេញអង្កររបស់វៀតណាមក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២នេះសម្រេចបានជាង ២លានតោន ដែលមានតម្លៃលើសពី ១ពាន់លានដុល្លារអាមេរិក។ |
យុគសម័យ - នៅឆ្នាំ ២០២២ ក្នុងឱកាសរំដោះភាគខាងត្បូងនៅថ្ងៃទី ៣០ ខែមេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា មនុស្សជាច្រើនបានសម្រាក ៤ ថ្ងៃជាប់ៗគ្នា។ នេះគឺជាលក្ខខណ្ឌដ៏ល្អសម្រាប់ក្រុមគ្រួសារក្នុងការចំណាយពេលសម្រាកលំហែកាយ និងរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ នៅពេលនេះអាកាសធាតុក៏កំពុងរៀបចំសម្រាប់រដូវក្តៅដ៏ក្តៅគគុកផងដែរ ដោយជ្រើសរើសការធ្វើដំណើរនៅថ្ងៃទី ៣០ ខែមេសា ដែលមានអាកាសធាតុត្រជាក់ស្រួលដែលជាមូលហេតុដែលមនុស្សជាច្រើនចូលចិត្តធ្វើដំណើរទៅកាន់កោះ ឬតំបន់ដែលមានអាកាសធាតុត្រជាក់។ |

មតិពីមិត្តអ្នកអាន