Trending now

ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព

11:00 | 13/04/2026 ហេង វុធ្ធី

យុគសម័យ - ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) មិនមែនជា 'ដំបងស័ក្តិសិទ្ធិ' ដែលអាចដោះស្រាយរាល់ការលំបាកបាននោះទេ ប៉ុន្តែនេះគឺជាវិថីដ៏ចាំបាច់បំផុត ដើម្បីឱ្យវិស័យទេសចរណ៍វៀតណាម 'ដើរកាត់ទៅមុខមួយជំហាន' និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ បច្ចេកវិទ្យាមិនមកជំនួសកន្លែងមនុស្សឡើយ ប៉ុន្តែអ្នកធ្វើការក្នុងវិស័យទេសចរណ៍ដែលចេះម្ចាស់ការលើបញ្ញាសិប្បនិម្មិត (AI) ប្រាកដជានឹងមកជំនួសអ្នកដែលនៅក្រៅការប្រកួតប្រជែងនេះជាមិនខាន។

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព រៀនភាសាវៀតណាមក្នុងយុគសម័យ ៤.០៖ រៀនពាក្យតាមទូរស័ព្ទ អនុវត្តការនិយាយជាមួយ AI

នាថ្ងៃទី៩ ខែមេសា ស្ថិតក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM ហាណូយ ២០២៦) សិក្ខាសាលាពិភាក្សា “ទេសចរណ៍វៀតណាម - ជំរុញការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍន៍ឆាប់រហ័ស និងប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើង ដោយទាក់ទាញការចូលរួមយ៉ាងកុះករពីបណ្តាអ្នកជំនាញ សហគ្រាសទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនបច្ចេកវិទ្យានានា។

និន្នាការទេសចរណ៍ពិភពលោក កំពុងផ្លាស់ប្តូរពី "ឌីជីថលកម្មសេវាកម្ម" ទៅជា "ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឌីជីថល"

យោងតាមអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម វិស័យទេសចរណ៍បានឃើញនូវការងើបឡើងវិញយ៉ាងអស្ចារ្យ និងមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ក្នុងឆ្នាំ២០២៥ វិស័យទេសចរណ៍មានមោទនភាពក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិបាន ២១,២ លាននាក់ (កើនឡើង ២០,៥% បើធៀបនឹងឆ្នាំ២០២៤) បម្រើភ្ញៀវទេសចរក្នុងស្រុកបាន ១៣៧ លាននាក់ (កើនឡើង ២៤,៥%) និងសម្រេចបានចំណូលសរុបជាកំណត់ត្រា ១ លានលានដុង (កើនឡើងជាង ១៩%)។

តួលេខទាំងនេះមិនត្រឹមតែជាសក្ខីភាពនៃការរស់ឡើងវិញបន្ទាប់ពីជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីឋានៈដែលកាន់តែខ្ពស់ឡើងរបស់វៀតណាមនៅលើផែនទីទេសចរណ៍សកលលោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍយ៉ាងឆាប់រហ័សក៏បានដាក់ចេញនូវបញ្ហាប្រឈមមិនតូចតាចផងដែរ អំពីសម្ពាធលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន គុណភាពសេវាកម្ម និងសមត្ថភាពគ្រប់គ្រង។ ក្នុងបរិបទនោះ ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺបញ្ញាសិប្បនិម្មិត (AI) មិនមែនជាជម្រើសទៀតឡើយ ប៉ុន្តែបានក្លាយជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព។

ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាម ថ្លែងមតិក្នុងសិក្ខាសាលាពិភាក្សា។

លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាម បានចាត់ទុកថា ការផ្លាស់ប្តូរឌីជីថល មិនមែនជាជម្រើសក្នុងលក្ខណៈលើកទឹកចិត្តទៀតឡើយ ប៉ុន្តែបានក្លាយជាតម្រូវការជាក់ស្តែងសម្រាប់ទាំងស្ថាប័នគ្រប់គ្រងរដ្ឋ សមាគមវិជ្ជាជីវៈ មូលដ្ឋាន គោលដៅទេសចរណ៍ និងសហគ្រាសទេសចរណ៍នីមួយៗ។ នាពេលបច្ចុប្បន្ន ជាមួយនឹងការអភិវឌ្ឍន៍ដ៏ឆ្នើមនៃបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវវិធីដែលភ្ញៀវទេសចរស្វែងរកព័ត៌មាន ជ្រើសរើសគោលដៅទេសចរណ៍ កក់សេវាកម្ម បទពិសោធន៍ក្នុងដំណើរ និងចែករំលែកចំណាប់អារម្មណ៍បន្ទាប់ពីដំណើរកម្សាន្ត។

លោក Vu The Binh បានសង្កត់ធ្ងន់ថា៖ "AI បើកឡើងនូវលទ្ធភាពថ្មីៗជាច្រើនដូចជា ការវិភាគនិន្នាការទីផ្សារ ការធ្វើឱ្យផលិតផលមានលក្ខណៈបុគ្គល ការបង្កើនប្រសិទ្ធភាពសកម្មភាពជំរុញ និងផ្សព្វផ្សាយទេសចរណ៍ ការលើកកម្ពស់គុណភាពសេវាកម្ម គាំទ្រការគ្រប់គ្រងចំណូល ការព្យាករណ៍លំហូរភ្ញៀវ ការសម្របសម្រួលបរិមាណភ្ញៀវនៅតាមគោលដៅទេសចរណ៍ ពង្រឹងការថែទាំអតិថិជន និងការបង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃជាជំហានៗ។ អ្វីដែលសំខាន់ជាងនេះទៀត ប្រសិនបើត្រូវបានតម្រង់ទិសដៅបានត្រឹមត្រូវ ការផ្លាស់ប្តូរឌីជីថល និង AI មិនត្រឹមតែបម្រើគោលដៅនៃកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកការពារធនធាន សន្សំសំចៃថាមពល កាត់បន្ថយចំណាយ កាត់បន្ថយការបំភាយឧស្ម័ន និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងគោលដៅទេសចរណ៍ ឆ្ពោះទៅរកចីរភាព"។

លោក Vu The Binh ក៏បានចង្អុលបង្ហាញផងដែរថា យើងក៏ត្រូវមើលឃើញដោយត្រង់ទៅត្រង់មកថា ដំណើរការផ្លាស់ប្តូរឌីជីថលនៃទេសចរណ៍វៀតណាម នៅតែមានការលំបាកមិនតិចនោះទេ។ ទិន្នន័យនៅមានភាពនៅរាយប៉ាយ; លទ្ធភាពតភ្ជាប់ ការចែករំលែក និងការទាញយកទិន្នន័យនៅមានកម្រិត; សមត្ថភាពឌីជីថលរវាងសហគ្រាសមិនទាន់ស្មើគ្នា; សហគ្រាសទេសចរណ៍ភាគច្រើនគឺជាសហគ្រាសធុនតូច និងមធ្យម ដូច្នេះប្រភពធនធានវិនិយោគសម្រាប់បច្ចេកវិទ្យានៅមានកម្រិតទាប; ទន្ទឹមនឹងនោះ ធនធានមនុស្សដែលយល់ដឹងទាំងផ្នែកទេសចរណ៍ និងមានសមត្ថភាពផ្នែកបច្ចេកវិទ្យា ទិន្នន័យ និង AI នាពេលបច្ចុប្បន្នគឺនៅមានកង្វះខាត។

លោក Nguyen Anh Tuan - វិទ្យាធិការនៃវិទ្យាស្ថានសេដ្ឋកិច្ចទេសចរណ៍ Nguyen Anh Tuan បានឱ្យដឹងថា និន្នាការទេសចរណ៍ពិភពលោកកំពុងផ្លាស់ប្តូរពី "ឌីជីថលកម្មសេវាកម្ម" ទៅជា "ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឌីជីថល" មានន័យថា ពីឌីជីថលកម្មតាមដំណាក់កាលដាច់ដោយឡែកនីមួយៗ ទៅជាការកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឌីជីថលដែលធ្វើសមាហរណកម្ម។

បណ្តាប្រទេសជឿនលឿន បានបង្កើតនូវមូលដ្ឋានទិន្នន័យទេសចរណ៍ជាតិ ប្រព័ន្ធគ្រប់គ្រងគោលដៅទេសចរណ៍ឆ្លាតវៃ ប្រព័ន្ធអេកូឡូស៊ីតភ្ជាប់ពហុភាគី (រដ្ឋាភិបាល - សហគ្រាស - ភ្ញៀវទេសចរ)។ ហេតុដូច្នេះហើយ ទិន្នន័យបានក្លាយជាមូលដ្ឋានសម្រាប់ប្រតិបត្តិការ និងការសម្រេចចិត្ត ក្លាយជាធនធានថ្មីនៃវិស័យទេសចរណ៍។

ទោះជាយ៉ាងណាក៏ដោយ លោក Nguyen Anh Tuan បានចាត់ទុកថា នៅវៀតណាម ដំណើរការផ្លាស់ប្តូរឌីជីថលនៃវិស័យទេសចរណ៍ នៅតែមានការលំបាកមិនតិចនោះទេ។ ទិន្នន័យនៅមានភាពនៅរាយប៉ាយ; លទ្ធភាពតភ្ជាប់ ការចែករំលែក និងការទាញយកទិន្នន័យនៅមានកម្រិត; សមត្ថភាពឌីជីថលរវាងសហគ្រាសមិនទាន់ស្មើគ្នា; សហគ្រាសទេសចរណ៍ភាគច្រើនគឺជាសហគ្រាសធុនតូច និងមធ្យម ដូច្នេះប្រភពធនធានវិនិយោគសម្រាប់បច្ចេកវិទ្យានៅមានកម្រិតទាប។

ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
សិក្ខាសាលាពិភាក្សា “ទេសចរណ៍វៀតណាម - ជំរុញការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍន៍ឆាប់រហ័ស និងប្រកបដោយចីរភាព”

ការផ្លាស់ប្តូរឌីជីថល និង AI ជួយឱ្យវិស័យទេសចរណ៍លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ

ចំណែកលោក Pham Ha - នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន LuxGroup បានយល់ឃើញថា វិស័យទេសចរណ៍វៀតណាម កំពុងស្ថិតក្នុងពេលវេលាដ៏ពិសេសបំផុតមួយ។ លោកបានចែករំលែកថា៖ "យើងបានងើបឡើងវិញយ៉ាងឆាប់រហ័ស មានកំណើនខ្លាំងក្លា និងកំពុងឈានចូលក្នុងវដ្តនៃការអភិវឌ្ឍន៍ថ្មី។ ប៉ុន្តែខ្ញុំយល់ថា ចាប់ពីឆ្នាំ២០២៦ តទៅ សំណួរដ៏សំខាន់បំផុតមិនមែនជាការស្វែងរកវិធីដើម្បីទទួលភ្ញៀវឱ្យបានកាន់តែច្រើននោះទេ។ សំណួរដែលសំខាន់ជាងនេះគឺ៖ តើយើងធ្វើដូចម្តេចដើម្បីបម្រើភ្ញៀវឱ្យបានកាន់តែល្អ ប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងបង្កើតតម្លៃបានកាន់តែច្រើនលើគ្រប់ដំណើរនីមួយៗ។ នោះគឺជាមូលហេតុដែលខ្ញុំយល់ថា ទេសចរណ៍វៀតណាម ចាំបាច់ត្រូវឈានចូលដំណាក់កាលនៃ 'ការផ្លាស់ប្តូរទ្វេដង'៖ ការផ្លាស់ប្តូរឌីជីថល ដើម្បីលើកកម្ពស់ផលិតភាព និងការរីកចម្រើនបៃតង ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព"។

តាមលោក Pham Ha ចំណុចរាំងស្ទះដ៏ធំបំផុតមួយនៃទេសចរណ៍វៀតណាមនាពេលបច្ចុប្បន្ន គឺផលិតភាពការងារ។ យើងនៅតែពឹងផ្អែកខ្លាំងលើកម្លាំងមនុស្ស លើដំណើរការដោយដៃ និងលើការដោះស្រាយតាមស្ថានភាពជាក់ស្តែង ជាជំនួសឱ្យការប្រើប្រាស់ប្រព័ន្ធទិន្នន័យ។ កត្តានេះធ្វើឱ្យចំណាយកើនឡើង ល្បឿននៃដំណើរការការងារមានភាពយឺតយ៉ាវ ពិបាកក្នុងការពង្រីកខ្នាតអាជីវកម្ម និងពិបាកក្នុងការធ្វើឱ្យបទពិសោធន៍មានលក្ខណៈបុគ្គល។ យុគសម័យថ្មី មិនមែនជាការប្រកួតប្រជែងសាមញ្ញរវាងគោលដៅទេសចរណ៍ និងគោលដៅទេសចរណ៍ទៀតនោះទេ។ នោះគឺជាការប្រកួតប្រជែងរវាងបណ្តាប្រព័ន្ធដែលមានផលិតភាពខ្ពស់ជាង ការសម្រេចចិត្តបានរហ័សជាង ប្រតិបត្តិការបៃតងជាង និងបម្រើអតិថិជនបានស៊ីជម្រៅជាង។ ក្នុងបរិបទនោះ AI គឺជា 'ចំណុចងើប' នៃផលិតភាពដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្រទេសចរណ៍។

ទោះជាយ៉ាងណាក៏ដោយ លោក Pham Ha ក៏បានយល់ឃើញថា AI មិនត្រឹមតែជារឿងរបស់សហគ្រាសប៉ុណ្ណោះទេ។ AI នឹងកំណត់រូបរាងឡើងវិញនូវរបៀបដែលគោលដៅទេសចរណ៍ទាំងមូលប្រតិបត្តិការ។ សូមស្រមៃអំពីអនាគតមួយដែលរាល់គោលដៅទេសចរណ៍សុទ្ធតែមាន "ចម្លងឌីជីថល" - ជាកន្លែងដែលយើងអាចព្យាករណ៍លំហូរភ្ញៀវ គ្រប់គ្រងសមត្ថភាពផ្ទុក បង្កើនប្រសិទ្ធភាពធនធាន និងកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមពេលវេលាជាក់ស្តែង។ នៅពេលនោះ យើងលែងស្ថិតក្នុងស្ថានភាពអកម្មចំពោះការកកកុញភ្ញៀវហួសប្រមាណទៀតហើយ។ យើងម្ចាស់ការក្នុងការរចនាបទពិសោធន៍។ ហើយនោះគឺជាពេលដែលទេសចរណ៍ មិនត្រឹមតែជាវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាប្រព័ន្ធមួយដែលត្រូវបានប្រតិបត្តិការដោយទិន្នន័យ បង្កើនប្រសិទ្ធភាពដោយបច្ចេកវិទ្យា និងដឹកនាំដោយការគិតគូរអំពីចីរភាព។

លោក Pham Ha បានមានប្រសាសន៍ថា៖ "AI ជួយឱ្យសហគ្រាសធ្វើការបានលឿនជាងមុន ល្អជាងមុន និងឆ្លាតវៃជាងមុន។ នៅ LuxGroup យើងចាត់ទុក AI មិនមែនជាចរន្តនិយមមួយឡើយ ប៉ុន្តែគឺជាហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការថ្មីមួយ។ នៅពេលអនុវត្តបានត្រឹមត្រូវ បុគ្គលិកម្នាក់អាចសម្រេចបាននូវផលិតភាពស្មើនឹងមនុស្ស ៣ ដល់ ៥ នាក់ កាលពីមុន។ ប៉ុន្តែដើម្បីឱ្យ AI បញ្ចេញប្រសិទ្ធភាព សហគ្រាសមិនអាចគ្រាន់តែទិញឧបករណ៍មកប្រើប្រាស់ប៉ុណ្ណោះទេ។ សហគ្រាសត្រូវតែផ្លាស់ប្តូររបៀបប្រតិបត្តិការ។ នោះហើយជាមូលហេតុដែល LuxGroup កសាងក្របខ័ណ្ឌអភិវឌ្ឍន៍ 5G រួមមាន៖ ភាពបៃតង (Green), ឌីជីថល (Digital), សកល (Global), មោទនភាព (Proud) និងការឆ្ពោះទៅរកសុភមង្គល (Go Happiness)"។

លោក Pham Van Thuy អនុអគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានមានប្រសាសន៍ថា វិស័យទេសចរណ៍ចាំបាច់ត្រូវទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព។

តាមលោក Pham Van Thuy បច្ចុប្បន្ន AI កំពុងមានវត្តមានស្ទើរតែគ្រប់ដំណាក់កាលនៃវិស័យទេសចរណ៍ ចាប់តាំងពីការវិភាគឥរិយាបថភ្ញៀវទេសចរ ការព្យាករណ៍ទីផ្សារ រហូតដល់ការគាំទ្រដល់ការប្រតិបត្តិការ។ អត្ថប្រយោជន៍ដ៏ធំបំផុតមួយរបស់ AI គឺការធ្វើឱ្យបទពិសោធន៍មានលក្ខណៈបុគ្គល។ តាមរយៈទិន្នន័យធំ (Big Data) ប្រព័ន្ធអាចសម្គាល់នូវតម្រូវការ និងចំណូលចិត្តរបស់ភ្ញៀវទេសចរម្នាក់ៗ ដើម្បីផ្តល់អនុសាសន៍អំពីគោលដៅទេសចរណ៍ កាលវិភាគ និងសេវាកម្មដែលសមស្រប។ កត្តានេះជួយបង្កើនការពេញចិត្ត ព្រមទាំងបង្កើនកម្រិតចំណាយ និងរយៈពេលស្នាក់នៅរបស់ភ្ញៀវផងដែរ។

ការផ្លាស់ប្តូរឌីជីថល និងការអនុវត្ត AI មិនមែនជា "ដំបងស័ក្តិសិទ្ធិ" ដែលអាចដោះស្រាយរាល់ការលំបាកបាននោះទេ ប៉ុន្តែនេះគឺជាវិថីដ៏ចាំបាច់បំផុត ដើម្បីឱ្យទេសចរណ៍វៀតណាម "ដើរកាត់ទៅមុខមួយជំហាន" និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ បច្ចេកវិទ្យាមិនមកជំនួសកន្លែងមនុស្សឡើយ ប៉ុន្តែអ្នកធ្វើការក្នុងវិស័យទេសចរណ៍ដែលចេះម្ចាស់ការលើ AI ប្រាកដជានឹងមកជំនួសអ្នកដែលនៅក្រៅការប្រកួតប្រជែងនេះជាមិនខាន។

លោក Pham Van Thuy បានចាត់ទុកថា ទោះបីជាបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ក៏វាគ្រាន់តែជាឧបករណ៍គាំទ្រប៉ុណ្ណោះ។ មនុស្ស និងបដិសណ្ឋារកិច្ច ទើបជាព្រលឹង និងជាអត្តសញ្ញាណស្នូលនៃវិស័យទេសចរណ៍។ AI អាចជួយឱ្យការងារមានប្រសិទ្ធភាព ប៉ុន្តែភាពស្មោះត្រង់ និងស្នាមញញឹមដ៏កក់ក្តៅរបស់អ្នកធ្វើការក្នុងវិស័យទេសចរណ៍វៀតណាម ទើបជាតម្លៃដែលមិនអាចកាត់ថ្លៃបាន និងគ្មានអ្វីអាចមកជំនួសបានឡើយ។

អាស្រ័យហេតុនេះ ផ្អែកលើជាក់ស្តែង និងតម្រូវការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍នាពេលបច្ចុប្បn្ន លោក Pham Van Thuy បានឱ្យដឹងថា អគ្គនាយកដ្ឋានទេសចរណ៍ជាតិ នឹងបន្តសិក្សា ស្រាវជ្រាវ ស្នើឡើង និងបង្កើនភាពពេញលេញនៃយន្តការ និងគោលនយោបាយ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមទេសចរណ៍វៀតណាម និងបណ្តាមូលដ្ឋាន ដើម្បីគាំទ្រដល់សហគ្រាស និងមូលដ្ឋានក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការអនុវត្ត AI៕

"បទពិសោធន៍អំពី AI និងសុវត្ថិភាពអ៊ីនធឺណិត" សម្រាប់យុវជនវៀតណាមនៅប្រទេសសិង្ហបុរី

យុគសម័យ - គណៈកម្មាធិការទំនាក់ទំនងនៃសហគមន៍វៀតណាមនៅប្រទេសសិង្ហបុរី ថ្មីៗនេះបានរៀបចំវគ្គបទពិសោធន៍មួយ ក្រោមប្រធានបទ "បទពិសោធន៍អំពី AI និងសុវត្ថិភាពអ៊ីនធឺណិត" សម្រាប់កុមារអាយុចាប់ពី ៨ ដល់ ១៦ ឆ្នាំ។

អង្គការសហប្រជាជាតិបានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល និង AI អង្គការសហប្រជាជាតិបានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល និង AI

ដោយវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យ និងគោលនយោបាយមានលក្ខណៈទម្លុះទម្លាយ អគ្គលេខាធិការរងអ.ស.ប លោក Amandeep Singh Gill បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនិងចាប់យកឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត នវានុវត្តន៍ បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងធានាសន្តិសុខតាមអ៊ីនធឺណិត រួមទាំងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ជាពិសេស សហគ្រាសបច្ចេកវិទ្យាធំៗដូចជា Viettel FPT VinAI។ លោក Amandeep Singh Gill ...

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម