Trending now

កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu

09:00 | 13/04/2026 ហេង វុធ្ធី

យុគសម័យ - គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជានាលើកនេះ របស់អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Tran Cam Tu គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ ទាំងផ្នែកការទូត និងនយោបាយ។

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

នាយប់ថ្ងៃទី១០ ខែមេសា លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍នៃគណៈលេខា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស CPP។

យោងតាមឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅភ្នំពេញ ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនាយប់ថ្ងៃដដែល គណៈកម្មាធិការកណ្តាលនៃគណបក្ស CPP បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាលើកនេះ របស់លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកការទូត និងនយោបាយ សំដៅបន្តអនុវត្តស្មារតីនៃសន្និសីទជាន់ខ្ពស់នាថ្ងៃទី៦ ខែកុម្ភៈ រវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស CPP និងការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរគណៈប្រតិភូរវាងបក្សទាំងពីរ ដំណាក់កាល ២០២៥-២០២៧ ស្របតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីផលប្រយោជន៍នៃបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចបានបញ្ជាក់ច្បាស់ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្ស CPP និងជាប្រធានព្រឹទ្ធសភាកម្ពុជា; សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស CPP និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា; សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

នៅក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសនីមួយៗ ក្នុងតំបន់ និងលើពិភពលោក ចែករំលែកបទពិសោធន៍ និងចំណុចលេចធ្លោនានាអំពីសភាពការណ៍របស់បក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ; ព្រមទាំងដាក់ចេញនូវទិសដៅសកម្មភាព និងផែនការកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ដើម្បីរក្សានូវទំនាក់ទំនងប្រវត្តិសាស្ត្រ និងប្រពៃណីសាមគ្គីភាពរបស់បក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាអប់រំយុវជនជំនាន់ក្រោយអំពីតម្លៃប្រវត្តិសាស្ត្រទាំងនោះផងដែរ។

នៅក្នុងកិច្ចពិភាក្សាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស CPP បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី២ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម (អាណត្តិទី១៤) ក៏ដូចជាជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររដ្ឋសភាវៀតណាម នីតិកាលទី១៦ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១; ព្រមទាំងអបអរសាទរចំពោះជោគជ័យនៃសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ ដែលបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋ កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅនេះ។

សម្តេចអនុប្រធានគណបក្ស CPP សាយ ឈុំ បានកោតសរសើរចំពោះវឌ្ឍនភាពដែលវៀតណាមសម្រេចបានលើគ្រប់វិស័យក្នុងពេលកន្លងមក; ព្រមទាំងសម្តែងនូវជំនឿយ៉ាងមុតមាំថា នានាពេលខាងមុខ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានលោកអគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam ជាប្រមុខ ប្រទេសវៀតណាមនឹងសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥ ដូចផែនការដែលបានដាក់ចេញ។

ជាការឆ្លើយតបវិញ លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍នៃគណៈលេខា បានអបអរសាទរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្ស CPP ក្នុងនោះមានតួនាទីរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ; ព្រមទាំងវាយតម្លៃខ្ពស់ចំពោះមិត្តភាពរវាងបក្ស និងរដ្ឋនៃភាគីទាំងពីរលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យការពារជាតិ សន្តិសុខ និងការងារព្រំដែន។

លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍នៃគណៈលេខា បានចាត់ទុកថា បណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការពង្រឹងសន្តិសុខតំបន់ព្រំដែន ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ព្រមទាំងបានសង្កត់ធ្ធន់អំពីការមិនអនុញ្ញាតឱ្យកម្លាំងអរិភាពប្រើប្រាស់ទឹកដីនៃប្រទេសនេះ ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀតឡើយ និងជំរុញឱ្យបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងវៀតណាម និងកម្ពុជាឱ្យបានឆាប់រហ័ស។

ចំពោះសភាពការណ៍ក្នុងតំបន់ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សកាន់អំណាចនៅកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារសាមគ្គីភាព និងតួនាទីមជ្ឈមណ្ឌលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាគោលការណ៍ដោះស្រាយជម្លោះតាមរយៈការសន្ទនាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។

កម្ពុជាបានថ្លែងអំណរគុណដល់វៀតណាម ដែលបានចូលរួមជាមួយបណ្តាសមាជិកអាស៊ានដទៃទៀត ក្នុងការគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាការចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកម្ពុជានាលើកនេះ លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស CPP និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញចូលរួម និងធ្វើជាសហប្រធានក្នុងជំនួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយអតីតនិស្សិតកម្ពុជាប្រមាណ ១៤០ នាក់ ដែលធ្លាប់បានសិក្សានៅវៀតណាម។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស CPP បានវាយតម្លៃថា៖ “សាមគ្គីភាពរវាងយុវជននៃប្រទេសទាំងពីរ បានក្លាយជាសសរស្តម្ភដ៏សំខាន់ និងជាស្ពានមិត្តភាពតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម”។

ទន្ទឹមនឹងនោះ សេចក្តីប្រកាសព័ត៌មានក៏បានដកស្រង់មតិថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្ស CPP និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋ និងតាមបណ្តាញបក្សរវាងប្រទេសទាំងពីរ កំពុងបន្តត្រូវបានពូនជ្រំយ៉ាងយកចិត្តទុកដាក់។

មេដឹកនាំកម្ពុជាក៏បានសម្តែងនូវការរំពឹងទុកថា ប្រទេសទាំងពីរនឹងសម្រេចបាននូវតួលេខទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក តាមផែនការដែលបានដាក់ចេញ៕

លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ និងកម្ពុជា លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ និងកម្ពុជា

យុគសម័យ - នៅព្រឹកថ្ងៃទី ៩ ខែមេសា សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចេញដំណើរពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។

លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្ស នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្ស នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងកម្ពុជា

យុគសម័យ - ក្រសួងការបរទេសបានប្រកាសថា លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ និងកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា។

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន