យុគសម័យ - នៅថ្ងៃទី ១២ និងទី ១៣ ខែវិច្ឆិកា ក្រុមការងារអន្តរក្រសួងវៀតណាមដឹកនាំដោយអនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអំពីជនវៀតណាមនៅបរទេស (នៃក្រសួងការបរទេសវៀតណាម) លោក Luong Thanh Nghi បានអញ្ជើញមកធ្វើការជាមួយក្រសួងមហាផ្ទៃកម្ពុជានិងអាជ្ញាធរខេត្តកំពង់ឆ្នាំងស្តីពីការបន្លាស់ទីលំនៅសម្រាប់បងប្អូនដើមកំណើតវៀតណាមនៅខេត្តនេះតែម្តង។
ទិដ្ឋភាពនៃជំនួបធ្វើការរវាងក្រុមការងារអន្តរក្រសួងជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង (រូបថតៈ Nhandan.vn)
ក្នុងជំនួបពិភាក្សាជាមួយក្រុមការងារអន្តរក្រសួងនៅព្រឹកថ្ងៃទី ១៣ខែវិច្ឆិកា អភិបាលខេត្តកំពង់ឆ្នាំង លោកឈួរ ច័ន្ទ ឌឿន បានបង្ហាញពីផែនការផ្លាស់ទីលំនៅរបស់ជនជាតិខ្មែរ ខ្មែរអ៊ិស្លាមនិងបងប្អូនអណិកជនវៀតណាមដែលរស់នៅផ្ទះបណ្តែតទឹកលើបឹងទន្លេ សាប ឲ្យទៅនៅទីលំនៅថ្មីដែលត្រូវបានកំណត់ដោយអាជ្ញាធរខេត្ត។
សម្រាប់បងប្អូនវៀតណាម ខេត្តកំពង់ឆ្នាំងបានយកផ្ទៃដីចំនួន ៤០ ហិកតា ដើម្បីតាំងទីលំនៅថ្មីជូនចំពោះគ្រួសារទាំងអស់ដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹកជាង ១.៨៣០ ខ្នង តាមរយៈស្រុកចំនួន ៦ ចំណុះខេត្តកំពង់ឆ្នាំងតែម្តង។ ថ្វីត្បិតតែ តំបន់តាំងទីលំនៅថ្មីមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាផ្លូវថ្នល់ អគ្គីសនី ប្រព័ន្ធទឹកស្អាតនិងបង្គន់អនាម័យទេ ដូច្នេះវាមិនអាចធានាជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់គ្រួសារទាំងអស់បានឡើយ។ អាជ្ញាធរខេត្តបានស្នើសុំឱ្យភាគីវៀតណាមជួយឧបត្ថម្ភដើម្បីកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅទីនេះផងដែរ។ ក្នុងផែនការដើម្បីផ្លាស់លំនៅរបស់ប្រជាជនរស់នៅលើបឹងទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នឹងអនុវត្តន៍ជាជំហានៗដើម្បីបញ្ចប់ការងារនេះទាំងស្រុងនៅចុងឆ្នាំ ២០១៩។
អញ្ជើញថ្លែងមតិនៅជំនួបពិភាក្សានេះ ប្រធានក្រុមការងារអន្តរក្រសួង លោក Luong Thanh Nghi បានអះអាងថា៖ វៀតណាមគាំទ្រគោលនយោបាយរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អភិរក្សទេសភាពនិងអនាម័យបរិស្ថាន ដើម្បីអាចបង្កើតលក្ខខណ្ឌសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេក្នុងការផ្លាស់ប្តូរជីវភាពរស់នៅបច្ចុប្បន្នឱ្យមានជីវភាពល្អប្រសើរជាង សំដៅឱ្យកូនៗបានទៅសាលារៀននិងដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់តំបន់។ ខណៈដែលសេដ្ឋកិច្ចក្នុងតំបន់មានការអភិវឌ្ឍ ន៍ គឺប្រការនេះនឹងនាំមកផលប្រយោជន៍ស្របច្បាប់និងជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋដែលត្រូវបានតាំងលំនៅថ្មី។
រដ្ឋាភិបាលវៀតណាមបានស្នើឲ្យអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើតលក្ខណៈងាយស្រួលនិងមានការយកចិត្តទុកដាក់រួមទាំងមានដំណោះស្រាយសមស្របដើម្បីរក្សាស្ថិរភាពជីវភាពរស់នៅ មិនត្រឹមតែសម្រាប់បងប្អូនវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនខ្មែរនិងខ្មែរអ៊ិស្លាមនៅទីនេះទៀតផង។
ក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអំពីជនវៀតណាមនៅឯបរទេស លោក Luong Thanh Nghi បានអោយដឹងថា ភាគីវៀតណាមក៏បានផ្លាស់ប្តូរមតិជាមួយភាគីកម្ពុជានូវលទ្ធភាពបង្កើតក្រុមការងាររួមចម្រុះ ដើម្បីពិភាក្សាគ្នានិងផ្លាស់ប្តូរនូវវិធានការចំពោះមុខក៏ដូចជារយៈពេលវែង ដើម្បីធានាបានទាំងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាផង ប៉ុន្តែក៏ធានាដល់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនៅទីនេះផងដែរ។
យោងតាមការធ្វើស្ថិតិ បច្ចុប្បន្នមានគ្រួសារវៀតណាមចំនួន២.៣៧៩គ្រួសារ ដែលមានប្រជាជនជាង ១ ម៉ឺននាក់ រស់នៅក្នុងទូទាំងខេត្តកំពង់ឆ្នាំង។ ហើយគ្រួសារទាំងអស់នេះ ភាគច្រើនរស់នៅលើបឹងទន្លេសាបដោយប្រកបមុខរបរនេសាទនិងចិញ្ចឹមទ្រុងត្រីជាដើម។ ការបន្លាស់ទីលំនៅនិងស្ថិរភាពនៃជីវភាពរស់នៅរបស់បងប្អូននៅទីនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាដោះស្រាយយ៉ាងយកចិត្តទុកដាក់ផងដែរ៕
(យោងតាម http://nhandan.com.vn បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន