យុគសម័យ - រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) បានបើកកិច្ចប្រជុំ ស្ដីពីការរុករក ការគាស់ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មាធិការជំនាញខេត្ត គៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ជូ ថាញ់មិញ អនុប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មការជំនាញខេត្តគៀងយ៉ាង និងគណៈកម្មការជំនាញខេត្តព្រះសីហនុ ដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មការជំនាញខេត្តព្រះសីហនុ ។
ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងលើកទី១៧ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ របស់គណៈកម្មការជំនាញ នៃរដ្ឋាភិបាលប្រទេសទាំងពីរ (វៀតណាម-កម្ពុជា) កម្មវិធីសហប្រតិបត្តិការរវាងខេត្តគៀងយ៉ាង និងខេត្តព្រះសីហនុបានឯកភាពចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការរុក រក ការជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា សម្រាប់រដូវប្រាំងឆ្នាំ២០១៨-២០១៩ ។
គណ:កម្មការជំនាញនៃប្រទេសទាំងពីរ បានចូលរួមគាំទ្រផ្ដល់ព័ត៌មានទាក់ទិននឹងអតីតយុទ្ធជនពលីវៀតណាម ហើយផ្ដល់លក្ខណៈងាយស្រួលដល់ក្រុម k-92 របស់ខេត្តគៀងយ៉ាង ក្នុងការអនុវត្តការងារទទួលបានជោគជ័យ នូវភារកិច្ចដែលប្រគល់ជូន និងទទួលបានលទ្ធផលល្អ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ក្រុម K-92 ខេត្តគៀងយ៉ាង សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនខេត្តព្រះសីហនុ ក្នុងការកំណត់ទីកន្លែង និងចលនាប្រជាពលរដ្ឋផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ពីកន្លែងដែលបញ្ចុះសព ដើម្បីអនុវត្តន៍កិច្ចការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ។ តាមគោលបំណងរបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ គណៈកម្មការជំនាញនៃខេត្តទាំងពីរ និងពិភាក្សាកំណត់ពេលវេលា ទីកន្លែង ដើម្បីរៀបចំពិធីវាយតម្លៃលទ្ធផលដែលបានអនុវត្តន៍ និងលើកទិសដៅសហការអនុវត្តន៍បន្តនៅឆ្នាំខាងមុខឱ្យទទួលបានលទ្ធផលល្អ ។
លទ្ធផលនៅក្នុងរដូវប្រាំងឆ្នាំ២០១៧ -២០១៨កន្លងមក ក្រុម K-92 ខេត្តគៀងយ៉ាង បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកប្រទេសវៀតណាមវិញ និងបញ្ចុះបានចំនួន ៥០អដ្ឋិធាតុ ៕
(យោងតាម http://akp.gov.kh)


មតិពីមិត្តអ្នកអាន