បណ្តាក្រុមហ៊ុនសហគ្រាសវៀតណាម បាននាំចេញម៉ាស់ពេទ្យជិត៨៥០លាននៅ៨ខែដើមឆ្នាំនេះ នេះបើតាមការប្រកាសរបស់អគ្គនាយកដ្ឋានគយវៀតណាម។
រោងចក្រសហគ្រាសវៀតណាមជាច្រើនបានបង្វែរមកផលិតម៉ាស់មុខ ដោយសារតំរូវការខ្ពស់
កាសែតប្រចាំថ្ងៃ Vietnam News ដែលបានស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានខាងលើ បាននិយាយថា សហគ្រាសជាង៧០បាននាំចេញម៉ាស់ពេទ្យ១៣៥លាននៅក្នុងខែសីហាតែមួយ។ ប្រទេសនាំចូលធំៗជាងគេសំរាប់ម៉ាស់ទាំងនេះ រួមមាន ជប៉ុន កូរ៉េខាងត្បូង អាឡឺម៉ង់ និងសហរដ្ឋអាម៉េរិក។វៀតណាមក៏នាំចេញម៉ាស់ទៅកាន់ប្រទេស អូស្ត្រាលី ចិន ឡាវ ប៉ូឡូញ និងសិង្ហបុរី ផងដែរ។ ទំនិញម៉ាស់មុខបានរំលេចការនាំចេញរបស់វៀតណាមក្នុងអំឡុងពេលផ្ទុះជំងឺឆ្លងកូវីដ១៩។បណ្តាសហគ្រាសរោងចក្រវាយនភណ្ឌនិងកាត់ដេរបានកែសម្រួលគ្រឿងម៉ាស៊ីននិងវត្ថុធាតុដើមរបស់គេដើម្បីផលិតម៉ាស់ពេទ្យ ម៉ាស់ប្រឆាំងវីរុសនិងមេរោគធម្មតា រួមទាំងទំនិញការពារសុខភាពរាងកាយដើម្បីបំពេញកង្វះខាតនៅពេលទំនិញប្រភេទនេះមានតំរូវការកើនឡើងហើយការបញ្ជាទិញសម្លៀកបំពាក់ត្រូវបានពន្យារពេលឬកាត់បន្ថយ។ នៅចុងខែមេសា រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតជាផ្លូវការការនាំចេញម៉ាស់មុខវេជ្ជសាស្ត្រ ដរាបណាបំពេញសេចក្តីត្រូវការក្នុងស្រុករួចហើយ។ សូមបញ្ជាក់ថា រវាងខែមករានិងសីហា ចំណូលពីការនាំចេញរបស់វៀតណាមមានចំនួនសរុបជាង១៧៤,១ពាន់លានដុល្លារ ដោយកើន១,៦ភាគរយធៀបនឹងចំណូលកាលពីឆ្នាំមុន៕
(ហេង វុធ្ធ)
(ប្រភពព័ត៌មាន: rasmeinews.com)

មតិពីមិត្តអ្នកអាន