យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម័យប្រជុំតាមអនឡាញស្តីពីបញ្ហាធ្វើអាជីវកម្មធនធានធម្មជាតិខុសច្បាប់នៅក្នុងតំបន់បឹងធំ (Great Lakes) នៃទ្វីបអាហ្រ្វិកនិងស្ថានភាពនាវាដឹកប្រេង FSO Safer នៅលំហសមុទ្រ Yemen។
វៀតណាមបង្កើនតួនាទីរបស់ខ្លួននៅអង្គកាសហប្រជាជាតិ៖ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះនៅតំបន់បឹងធំ និងស្ថានភាពនាវាដឹកប្រេង FSO Safer នៅលំហសមុទ្រ Yemen។
ទាក់ទងនឹងការធ្វើអាជីវកម្មធនធានធម្មជាតិខុសច្បាប់នៅក្នុងតំបន់បឹងធំ អ្នកតំណាងចូលរួមនៃកិច្ចប្រជុំនេះបានលើកឡើងថា ត្រូវការវិធីសាស្រ្តរួមមួយចំពោះបញ្ហាធ្វើអាជីវកម្មធនធានធម្មជាតិខុសច្បាប់នៅក្នុងតំបន់តាមរយៈការជំរុញតួនាទីរបស់ប្រទេសទាំងអស់ក្នុងតំបន់ជាមួយភាគីចូលរួមទាំងអស់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ជាមួយនោះ គឺជាការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដែលមិនអាចខ្វះបានរបស់អង្គការអន្តរជាតិនិងដៃគូក្នុងតំបន់។
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា កត្តាសំខាន់ពីរដែលអាចដោះស្រាយអស្ថេរភាពសន្តិភាពយ៉ាងហ្មត់ចត់ក្នុងតំបន់គឺកិច្ចសហប្រតិបត្តិការក្នុងតំបន់និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធាន ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងតំបន់ដើរតួនាទីឈានមុខគេ ដោយសារបណ្ដាប្រទេសបានចែករំលែកផលប្រយោជន៍និងគោលដៅរួម។ លោកឯកអគ្គរដ្ឋទូតក៏បានផ្តល់អនុសាសន៍ថា បណ្តាប្រទេសធ្វើកំណែទម្រង់ក្របខ័ណ្ឌច្បាប់ បង្កើនក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ជំរុញតម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងបង្កើនយន្តការចែករំលែកព័ត៌មាននិងទិន្នន័យពាក់ព័ន្ធ។
ទាក់ទិននឹងស្ថានភាពនាវាដឹកប្រេង FSO Safer នៅលំហសមុទ្រ Yemen ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេសកម្លាំង Houthi បង្កើតរាល់លក្ខខណ្ឌដើម្បីគាំទ្រជាក់ស្តែងដល់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដើម្បីអនុវត្តភារកិច្ចនៅលើនាវា FSO Safer និងធានាថា ក្រុមអ្នកជំនាញនេះអាចស្ថិតនៅលើនាវាដើម្បីធ្វើការបានបានដរាបណាពួកគេចង់។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធចូលរួមកិច្ចពិភាក្សាដើម្បីដោះស្រាយភាពខុសគ្នាលើការប្រើប្រាស់ចំណូលពីការលក់ប្រេងនៅលើនាវា FSO Safer នេះ៕
![]()
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន