យុគសម័យ - លោកឯកអគ្គរដ្ឋទូត Le Dung តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ IAEA បានថ្លែងថាប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានរកឃើញករណីនៃការឆ្លងជំងឺកូវីដ១៩ ហើយទទួលបានជោគជ័យដំបូងក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ។
លោកឯកអគ្គរដ្ឋទូត Le Dung តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ IAEA
ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងសកម្មភាពរបស់ IAEA ។ ទាក់ទងនឹងប្រតិបត្តិការរបស់ IAEA ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អគ្គនាយករង Grossi បាននិយាយថាគិតត្រឹមថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២០ អង្គការ IAEA បានទទួលបានសំណូមពរពីបណ្តាប្រទេសប្រមាណ ១២០ ស្តីពីការជួយគាំទ្រ ខាងបច្ចេកវិទ្យានិងឧបករណ៍បម្រើក្នុងការរកឃើញវីរុស SARS-CoV-2 យ៉ាងរហ័ស។ IAEA ក៏បាន កំណត់ថាមនុស្សជាកត្តាយ៉ាងសំខាន់ក្នុងការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរជាទូទៅនិងដោះស្រាយតម្រូវការជាចាំបាច់នៃបណ្តាប្រទេសនានាក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ជាពិសេសផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Le Dung តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ IAEA បានបញ្ជាក់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានរកឃើញ ករណីនៃការឆ្លងជំងឺកូវីដ១៩ ហើយទទួលបានជោគជ័យដំបូងមួយចំនួនក្នុងទប់ស្កាត់នឹងជំងឺឆ្លងនេះ។
គិតត្រឹមថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២០ ប្រទេសវៀតណាមបានបញ្ជាក់ថាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣៣៤ ករណីនិងបានព្យាបាលដោយជោគជ័យនូវករណីជាច្រើនរួមទាំងអ្នកជំងឺខ្លះមាន អាការៈធ្ងន់ធ្ងរហើយគ្មានករណីណាមួយស្លាប់នោះឡើយ។ យោងតាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹង ថាលទ្ធផលខាងលើបានមកពីមូលហេតុជាច្រើនរួមទាំងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តវិធានការចាំបាច់នានាដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺនិងការសម្របសម្រួល ការគាំទ្រពីមិត្តភក្តិ អន្តរជាតិ ក្នុងនោះមានអង្គការ IAEA ។ ឧបករណ៍និងការណែនាំដែលបានផ្តល់ដោយអាយអង្គការ IAEA បានជួយទីភ្នាក់ងារជំនាញរបស់វៀតណាមអនុវត្តបច្ចេកទេស RT-PCR និងរកឃើញវីរុស SARS-CoV-2 យ៉ាងត្រឹមត្រូវ។
តាងនាមរដ្ឋាភិបាលវៀតណាម លោកឯកអគ្គរដ្ឋទូត Le Dung បានថ្លែងអំណរគុណចំពោះការគាំទ្រពី IAEA ក៏ដូចជាការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសរបស់ប្រទេសមួយចំនួនដូចជា អង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កាណាដា និងន័រវែសសម្រាប់ IAEA ដើម្បីអនុវត្តសកម្មភាពគាំទ្រនេះ។
ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូត Le Dung បានកោតសរសើរចំពោះការអភិវឌ្ឍន៍នៃកម្មវិធីសកម្មភាព របស់ IAEA ស្តីពីការឆ្លើយតបទៅនឹងជំងឺដែលផ្តើមចេញមកពីសត្វ ហើយលោកជឿជាក់ថាកម្មវិធីនេះនឹង ជួយប្រទេសជាសមាជិកក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងការការពារនិងដោះស្រាយមិនត្រឹមតែការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំងឺដទៃទៀតដែលអាចនឹងកើតឡើងនាពេល អនាគតទៀតផង។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមហើយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ IAEA ក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរប្រកបដោយសន្តិភាព ដើម្បីអភិវឌ្ឍប្រកបដោយ ចីរភាពជាពិសេសក្នុងការដោះស្រាយបញ្ហា ជាសកលដូចជាជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថានជាដើម៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន