យុគសម័យ - រដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀង EVFTA ត្រូវបានផ្តល់សច្ចាប័នបានបញ្ជាក់ពីតួនាទីសំខាន់និងគោលជំហរភូមិសាស្ត្រនយោបាយរបស់វៀតណាមក្នុងតំបន់ ដោយអះអាងថាក្នុងដំណើរការធ្វើសមា ហរណកម្មសេដ្ឋកិច្ចអន្តរជាតិ វៀតណាមបានក្លាយទៅជាប្រទេសរីកចម្រើននាំមុខគេជាលើកដំបូងផងដែរ។
រដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ baoquocte)
នារសៀលថ្ងៃទី ១២ ខែកុម្ភៈ បន្ទាប់ពីសភាអឺរ៉ុប (EP) បានបោះឆ្នោតជាផ្លូវការដើម្បី ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានធ្វើសន្និសិទសារព័ត៌មានស្តីពីកិច្ចព្រមព្រៀង EVFTA ។
ក្នុងសន្និសីទសារព័ត៌មាននេះ លោក Tran Tuan Anh បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់វៀតណាមនិង EU។ ភាគីទាំងពីរបានឈានចូលក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចប់ដើម្បីត្រៀមខ្លួមជាស្រេចដាក់ដំណើរការនៃកិច្ចព្រមព្រៀង EVFTA ។ ការដែល EP អនុម័តលើកិច្ចព្រមព្រៀង EVFTA បានកំណត់នូវព្រឹត្តិការណ៍សំខាន់មួយនៅក្នុងមាគ៌ាអភិវឌ្ឍន៍រយៈពេល ៣០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអឺរ៉ុប ឆ្ពោះទៅរកសាកលភាវូបនីយកម្មដោយផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ប្រមុខក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក៏បានសង្កត់ធ្ងន់ថាក្នុងបរិបទនៃការអភិវឌ្ឍន៍អន្តរជាតិ ដែលកាន់តែស្មុគស្មាញនោះ ការចរចារ ការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់ភាគីទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី សំដៅរួមវិភាគទានក្នុងការនាំទំនាក់ទំនងវៀតណាម - អឺរ៉ុបកាន់តែស៊ីជម្រៅនិងជាក់ស្តែងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោក Tran Tuan Anh បានមានប្រសាសន៍ថា ការអនុម័តលើកិច្ចព្រមព្រៀង EVFTA នេះក៏គូសបញ្ចាក់ពីការជឿទុកចិត្តរបស់សហភាពអឺរ៉ុបចំពោះប្រទេសវៀតណាម ក្នុងនាមជាដៃគូគ្រប់ជ្រុងជ្រោយមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះ ទេថែមទាំងលើពិភពលោកផងដែរ។
EVFTA គឺជាឱកាសមួយសម្រាប់វៀតណាមបង្កើនចំណែកទីផ្សារនៅក្នុងទីផ្សារអឺរ៉ុបនិងជាលក្ខខណ្ឌសម្រាប់វៀតណាមក្នុងការកែលំអសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន
ម្យ៉ាងវិញទៀត លោកក៏អះអាងទៀតថានាពេលបច្ចុប្បន្ន សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដោយការនាំចេញក្នុងឆ្នាំ ២០១៩ សម្រេចបាន ៤១,៤៨ ពាន់លានដុល្លារអាមេរិក និងការនាំចូលសម្រេចបាន ១៤,៩១ ពាន់លានដុល្លារអាមេរិក។ EVFTA នឹងជួយឲ្យវៀតណាមសម្រួលដល់ការនាំចេញ ធ្វើពិពិធកម្មទីផ្សារនិងទទួលបានតម្លៃបន្ថែមខ្ពស់ តាមរយៈការបង្កើតបណ្តាញផ្គត់ផ្គង់តម្លៃថ្មីផងដែរ។
លើសពីនេះទៅទៀតដែរ លោករដ្ឋមន្រ្តី Tran Tuan Anh បានចាត់ទុកថា EVFTA គឺជាឱកាសមួយសម្រាប់វៀតណាមបង្កើនចំណែកទីផ្សារនៅក្នុងទីផ្សារអឺរ៉ុបនិងជាលក្ខខណ្ឌសម្រាប់វៀតណាមក្នុងការកែលំអសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ នៅពេល EVFTA ចូលជាធរមាន ៨៥% នៃប្រភេទពន្ធរបស់ប្រទេសវៀតណាមត្រូវបានកាត់បន្ថយមកត្រឹម ០% ហើយ ៧ ឆ្នាំក្រោយមក អត្រានៃប្រភេទពន្ធនឹងត្រូវបានលុបចោលបានកើនឡើងដល់ ៩៩% ។ លោក Tran Tuan Anh ក៏បានបញ្ជាក់ផងដែរថានាពេលខាងមុខ នឹងមានលំហូរវិនិយោគបរទេសយ៉ាងខ្លាំងចូលមកប្រទេសវៀតណាមជាពិសេសពីបណ្តាប្រទេសសហភាពអឺរ៉ុប។ នាពេលខាងមុខនេះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបំពេញឯកសារឲ្យបានបញ្ចប់សព្វគ្រប់ ដើម្បីដាក់ជូនរដ្ឋសភាវៀតណាម អនុម័ត ដើម្បីសម្រួលឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឲ្យបានឆាប់ៗនេះផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន