យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូធុរកិច្ចអាមេរិកដឹកនាំដោយលោក Kurt Campbell ប្រធានក្រុមហ៊ុនអាស៊ីគ្រុបដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសវៀតណាម។
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងប្រធានក្រុមហ៊ុនអាស៊ីគ្រុប លោក Kurt Campbell (រូបថត៖ VGP / Hai Minh)
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីបានសម្តែងនូវក្តីរីករាយដោយបានឃើញថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិកកំពុងអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ហើយតែងតែទទួលបានការយកចិត្តទុកដាក់និងការគាំទ្រពីសំណាក់គណបក្សទាំងពីរនៅសហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងតាមរយៈការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងត្រៀមប្រារព្ធខួប ២៥ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហារបស់វិនិយោគិនរួមទាំងអ្នកវិនិយោគអាមេរិកតែម្តង និងមានបំណង ចង់អោយអាជីវកម្មអាមេរិក បង្កើនវត្តមានរបស់ខ្លួនក្នុងសកម្មភាពវិនិយោគនៅវៀតណាម ពិសេសលើវិស័យចាប់ផ្តើមអាជីវកម្ម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ Hai Minh)
ដោយសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធ្វើឱ្យប្រសើរឡើងនូវតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកនោះ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ យ៉ាងណាមិញ ប្រទេសវៀតណាមបានក្លាយជាទីផ្សារនាំចេញធំបំផុតទី ២៧ និងជាដៃគូពាណិជ្ជកម្មធំទី ១៦ របស់សហរដ្ឋអាមេរិកផងដែរ។
អញ្ជើញជាការឆ្លើយតប លោក Kurt Campbell បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលសម្រាប់រូបលោកផ្ទាល់និងគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា លោកបានបំពេញការសន្យារបស់លោកដល់លោកឧបនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំគណៈប្រតិភូនៃអាជីវកម្មឈានមុខគេជាច្រើនរបស់សហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនិងស្វែងរកឱកាសសម្រាប់សមាហរណកម្ម កិច្ចសហប្រតិបត្តិការនិងការវិនិយោគនៅវៀតណាម។
ទន្ទឹមជាមួយគ្នានោះ សមាជិកនៃគណៈប្រតិភូ សុទ្ធតែបានគាំទ្រដល់ទំនាក់ទំនងទ្វេភាគីដើម្បីបន្តអភិវឌ្ឍនិងបង្ហាញចំណាប់អារម្មណ៍លើវិស័យជាច្រើននៃការវិនិយោគនៅវៀតណាម។ ភាគីទាំងពីរក៏បានចែករំលែកអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕
(ដោយស្រីព្រេជ)


មតិពីមិត្តអ្នកអាន