យុគ្គសម័យ - ការបោះឆ្នោតជ្រើសរើសវៀតណាមធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិសម្រាប់អាណត្តិ ២០២០-២០២១ បានបើកឱកាសជាច្រើនសំរាប់វៀតណាមដើម្បីរួមចំណែកក្នុងកាត្វពកិច្ចការពារសុខសន្តិភាពនៅលើពិភពលោក ព្រមទាំងអះអាងអំពីការប្តេជ្ញារបស់វៀតណាមចំពោះគោលដៅដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិ (អ.ស.ប)។
វៀតណាមចូលរួមយ៉ាងសកម្មនិងមានទំនួលទុកចិត្តក្នុងសកម្មភាពអង្គការសហប្រជាជាតិ (baoquocte.vn)
នៅថ្ងៃទី ៧ ខែមិថុនាខាងមុខ ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧៣ នៅទីក្រុងញូវយ៉ក មហា សន្និបាតនៃអង្គការសហប្រជាជាតិ នឹងជ្រើសរើសវៀតណាមធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប សំរាប់អាណត្តិ ២០២០-២០២១ បន្ទាប់ពីវៀតណាមបានក្លាយទៅជាបេក្ខជនក្នុងងក្រុមនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនៅឯអង្គការស.ប.ប ដែលត្រូវបានឯកភាពលើការលើកយកជ្រើសតាំងផងដែរ។ ចាប់តាំងពីខែធ្នូឆ្នាំ ២០០៩ វៀតណាមបានសម្រេចចិត្តឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងនេះ។ ការសម្រេចចិត្តនេះបានមកពីគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមមានជាអាទិ៍ សន្តិភាព ឯករាជ្យភាព ធ្វើម្ចាស់ការលើខ្លួនឯង គោរពនិងការប្តេជ្ញាយ៉ាងខ្ពស់ចំពោះគោលការណ៍និងគោលដៅដ៏ខ្ពង់ខ្ពស់របស់ អ.ស.ប។ វៀតណាមមានបំណងចង់រួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញ អ.ស.ប ដោយលើកកម្ពស់តួនាទីរបស់ អ.ស.ប ក៏ដូចជាបណ្តាយន្តការពហុភាគីជាពិសេសក្នុងការថែរក្សាសុខសន្តិភាពនិងសន្តិសុខអន្តរជាតិ។
វៀតណាមបានចូលរួមក្នុងអ.ស.បជាផ្លូវការនាថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ១៩៧៧។ ក្នុងរយៈពេល ៤ ទសវត្សរ៍នៃការចូលរួមនេះ វៀតណាមបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលដៅដ៏ខ្ពង់ខ្ពស់នៃអង្គការនេះ ពោលគឺកសាងពិភពលោកមួយប្រកបដោយសន្តិភាព សន្តិសុខនិងអភិវឌ្ឍន៍។ លើសពីនេះទៀត ក្រៅពីការអនុវត្តគោលនយោបាយកិច្ចការបរទេសពហុភាគី ធ្វើពិពិធកម្មនូវទំនាក់ទំនងអន្តរជាតិ ព្រមទាំងរាប់អានជាមួយប្រទេសទាំងឡាយនោះ វៀតណាមបានឆ្លៀតយកបាននូវការ ចូលរួមក្នុងវេទិកាអង្គការសហប្រជាជាតិធ្វើជាមូលដ្ឋានមួយ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអង្គការនានានៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាពង្រីកទំនាក់ទំនងទ្វេភាគីនិងពហុភាគីជាមួយបណ្តាប្រទេសនិងអង្គការអន្ដរជាតិផងដែរ។
កម្លាំងរក្សាសន្តិភាពវៀតណាមចេញដំណើរទៅបំពេញបេសកកម្មអន្តរជាតិ (baoquocte.vn)
សកម្មភាពដែលលេចធ្លោបំផុតគឺវៀតណាមបានបំពេញភារកិច្ចធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ២០០៨-២០០៩ ប្រកបដោយផ្លែផ្កា។ នេះគឺជាលើកដំបូងបង្អស់ ដែលវៀតណាមបានចូលរួមក្នុងស្ថាប័នដ៏សំខាន់បំផុតរបស់អង្គការសហប្រជាជាតិ ស្តីពីសន្តិភាព សន្តិសុខអន្តរជាតិនៅក្នុងបរិបទដែលក្រុមប្រឹក្សាសន្តិសុខត្រូវតែដោះស្រាយទំហំការងារដ៏ធំសម្បើម ដោយសារតែមានបញ្ហាសន្តិសុខកាន់តែកើតឡើងយ៉ាងស្មុគស្មាញ អមជាមួយបណ្តាបញ្ហាប្រឈមសន្តិសុខនៅលើសកលលោកថ្មី និងផលប៉ះពាល់អវិជ្ជមាននៃវិបត្តិលើវិស័យសេដ្ឋកិច្ច - ហិរញ្ញវត្ថុសកលដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃពិភពទំនើបនេះផងដែរ។ ក្នុងរយៈពេល ២ ឆ្នាំ (ឆ្នាំ ២០០៨-២០០៩) ធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នោះ វៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ានៃកិច្ចការបរទេសស្រឡាញ់សុខសន្តិភាព ដើម្បីរួមចំណែកក្នុងការដោះស្រាយជម្លោះនិងវិបត្តិនៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ តាមរយៈនោះ វៀតណាមបានរួមវិភាគទានដល់សន្តិភាពនិងសន្តិសុខនៅលើពិភពលោកជាទូទៅ ក៏ដូចជាធានាបរិយាកាសមួយប្រកបដោយសន្តិសុខ និងសម្របសម្រួលដល់បុព្វហេតុធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់ប្រទេសជាតិ។
បន្ទាប់ពីបញ្ចប់អាណត្តិនៃការធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០០៨ -២០០៩ មកនោះ វៀតណាមបានបន្តតៀមខ្លួនឈរឈ្មោះជាបេក្ខជនធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសំរាប់អាណត្តិ ២០២០-២០២១។ ការដែល វៀតណាមឈរឈ្មោះជ្រើសតាំងចូលក្នុងក្រុមប្រឹក្សាសន្តិសុខលើកទី ២ នេះ បន្តអះអាងអំពីគោលជំហររបស់វៀតណាម ក្នុងការក្លាយជាសមាជិកដ៏សកម្ម ដៃគូគួរឱ្យទុកចិត្ត និងមានទំនួល ខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិ ហើយនេះគឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការរួមចំណែកក្នុងការកសាងយន្តការដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងធានាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងក្នុងពិភពលោក។
លើសពីនេះទៀត ការយល់ស្របខ្ពស់របស់បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកគាំទ្រវៀតណាមធ្វើជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០ -២០២១ បានបញ្ជាក់ច្បាស់អំពីកិត្យានុភាពនិងឋានៈថ្មីរបស់ប្រទេសវៀតណាម បន្ទាប់ពីជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរផងដែរ។ ប្រសិនបើត្រូវបានជាប់ឆ្នោត វៀតណាមនឹងប្រើប្រាស់អាណត្តិរយៈពេល ២ ឆ្នាំរបស់ខ្លួនដើម្បីធ្វើឲ្យប្រសើរឡើងនូវរាល់សកម្មភាពរបស់ក្រុមប្រឹក្សានេះ ព្រមទាំងលើកកម្ពស់កិច្ចសន្ទនាសំដៅរួមចំណែកក្នុងការស្វែងរកដំណោះស្រាយសន្តិភាពសំរាប់រាល់ជម្លោះ ក៏ដូជជានាំ សម្លេងរបស់បណ្តាប្រទេសតូចៗចូលទៅក្នុងរាល់សកម្មភាពបស់ស្ថានប័ននេះផងដែរ៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)


មតិពីមិត្តអ្នកអាន