យុគសម័យ - នាថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨ ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind និងភរិយា បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind
សមាជិកអមដំណើររួមមាន៖ លោកប្រធានាធិបតី Ram Nat Kovind; លោកជំទាវ Savita Kovind ភរិយារបស់ប្រធានាធិបតី; លោក Anantkumar Hegde រដ្ឋលេខាធិការ; លោក Heena Gavit សមាជិកសភា; លោក Kamakhya Prasad Tasa សមាជិកសភា; លោកស្រី Vijay Thakur Singh អនុរដ្ឋមន្រ្តី (ខាងកើត)នៃក្រសួងការបរទេស; លោក Parvathaneni Harish ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម; លោក Brahat Lal អគ្គនាយកទទួលបន្ទុកកិច្ចការប្រធានាធិបតី; ឧត្ដមសេនីយ៍ទោ CP Cariappa លេខាធិការបស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការការពារជាតិ; លោក Nagesh Singh ប្រធាននាយកដ្ឋានពិធីសារនៃក្រសួងការបរទេស; លោក Manish ប្រធាននាយកដ្ឋានភាគខាងត្បូងនៃក្រសួងការបរទេស; លោក Randhir Jaiswal ប្រធាននាយកដ្ឋាននិងលេខាធិការរបស់ប្រធានាធិបតីទទួលបន្ទុកបញ្ហាសង្គម។
នេះជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind ទៅកាន់ប្រទេសវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់អាស៊ី ចាប់តាំងពីចូលកាន់តំណែងនៅខែកក្កដាឆ្នាំ ២០១៧មក។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ ក្នុងការបន្តពង្រឹងនិងអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា។
មជ្ឈដ្ឋានអ្នកជំនាញនិងអ្នកប្រាជ្ញឥណ្ឌាបានវាយតម្លៃថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind មានសារៈសំខាន់ខ្លាំងណាស់ ហើយនឹងបន្តរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
បណ្ឌិត Sonu Trivedi នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៅឥណ្ឌា ជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសកលវិទ្យាល័យ Delhi បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅវៀតណាមជាការគូសសញ្ញាពិសេស ខណៈដែលប្រទេសវៀតណាមជាប្រទេសអាស៊ានដំបូងក្នុងជម្រើសរបស់ថ្នាក់ដឹកនាំឥណ្ឌារូបនេះក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅទ្វីបអាស៊ីរបស់ខ្លួន។
ក្នុងពេលជាមួយគ្នានោះ បណ្ឌិត Faisal Ahmed ប្រធានដេប៉ាឌឺម៉ង់ពាណិជ្ជកម្មអន្តរជាតិនៃសាលាអភិបាល FORE នៅទីក្រុងញូវដេលី បានធ្វើការវាយតំលៃថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Ram Nath Kovind នឹងធ្វើឱ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីនិងនាំមកឱកាសសម្រាប់វៀតណាមនិងឥណ្ឌា ជម្រុញកិច្ចសហប្រតិបត្តិការក្នុងបរិបទធំជាងនៃតំបន់មហាសមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសខណៈដែលវៀតណាមជាកត្តាដ៏សំខាន់នៅក្នុងគោលនយោបាយ “សកម្មភាពងាកទៅទិសខាងកើត” នៃប្រទេសឥណ្ឌា។
ចំណែកទស្សនៈរបស់លោក Rajaram Panda ដែលជាអ្នកស្រាវជ្រាវម្នាក់នៅសភាជាន់ទាបឥណ្ឌាបានលើកមតិថា ប្រទេសទាំងពីរទទួលបានភាពជឿនលឿនជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគីនៅក្នុងស្ទើរតែគ្រប់វិស័យ ពីយុទ្ធសាស្រ្ត ការពារដល់សេដ្ឋកិច្ច វប្បធម៌។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់នីមួយៗនៅតែមានកន្លែងជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នៅក្នុងវិស័យវប្បធម៌ ប្រទេសទាំងពីរសុទ្ធតែមានវប្បធម៌សម្បូរបែបនិងពោរពេញទៅដោយអត្តសញ្ញាណហើយត្រូវការការធ្វើអាជីវកម្មបន្ថែមទៀតដើម្បីជម្រុញការតភ្ជាប់វប្បធម៌និងការជួបប្រាស្រ័យប្រជាជន។ វិស័យទេសចរណ៍ក៏ជាវិស័យពោរពេញទៅដោយសក្កានុភាព។ ដំណើរទស្សនកិច្ចទៅវិញទៅមកលើគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរគឺជាសញ្ញាល្អមួយដែលសរបញ្ជាក់ឲ្យឃើញថា វៀតណាមនិងឥណ្ឌាកំពុងដើរ លើទិសដៅត្រឹមត្រូវផងដែរ។
ពាក់ព័ន្ធនឹងតួនាទីរបស់ឥណ្ឌាក្នុងដំណើរការអភិវឌ្ឍរបស់វៀតណាម អ្នកប្រាជ្ញទាំងអស់បានវាយតម្លៃថា ឥណ្ឌាជាអ្នកដើរតួដ៏សំខាន់លើបណ្តាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងកសាងសមត្ថភាពនៅវៀតណាម។ គម្រោងអភិវឌ្ឍន៍កំពុងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ហើយកម្មវិធីកសាងសមត្ថភាពនៅវៀតណាមក្រោមការជួយឧបត្ថម្ភពីឥណ្ឌាគឺជាភស្តុតាងនៃទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរ។
រីឯវិស័យពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរក៏កំពុងបានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ពីកម្រិត ៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១០ ដល់ប្រហែល ៩,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨។
ឥណ្ឌាក៏បានគាំទ្រវៀតណាមក្នុងការរក្សាសេរីភាពនាវាចរណ៍និងអាកាសចរណ៍ក៏ដូចជាការបង្កើតបទបញ្ជាដោយផ្អែកលើច្បាប់។ ប្រទេសទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ខណៈដែលបានអំពាវនាវឱ្យដោះស្រាយជម្លោះទាំងអស់ដោយសន្តិភាពដោយគ្មានការគំរាមកំហែងឬការប្រើប្រាស់កម្លាំងផងដែរ។
អ្នកប្រាជ្ញក៏ទាំងអស់ក៏បានអះអាងថា សមុទ្រខាងកើត គឺជាតំបន់ដែលទាក់ទងទៅនឹងប្រទេសជាច្រើន។ ប្រសិនបើបណ្តាប្រទេសអនុលោមតាមបទដ្ឋានអន្ដរជាតិនិងពិភពលោកដូចជាអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) តំបន់នេះពោលគឺតំបន់នេះនឹងមានសន្តិភាពនិងការអភិវឌ្ឍពេញលេញជាមិនខាន៕
(យោងតាម baoquocte.vn បកប្រែដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន