យុគសម័យ - នាថ្ងៃទី៩ខែកញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្តដោយផ្ទាល់ចំពោះការត្រៀមរៀបចំសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ 2018 (WEF ASEAN 2018) នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh នៃទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញពិភាក្សាជាមួយជំនាញការបរទេសអំពីកិច្ចការត្រៀមរៀបចំសម្រាប់ WEF ASEAN 2018 (រូបថតៈ chinhphu.vn)
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសមាជិកដទៃទៀតនៃគណៈចាត់តាំង បានពិនិត្យមើលសេណារីយ៉ូនៃការប្រជុំនីមួយៗ ផែនការនឹងការផ្លាស់ប្តូរសកម្មភាពយានយន្ត សកម្មភាពវប្បធម៌សិល្បៈ និងពិធីការទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលនៃប្រទេសនានានិងអង្គការអន្ដរជាតិ រួមទាំងការណែនាំ បម្រើអ្នកយកព័ត៌មាន ការងារសន្តិសុខ សេវាសុខាភិបាល សេវាបដិសណ្ឋារកិច្ចនិងភស្តុភារផ្សេងទៀតផងដែរ។
លោកនាយករដ្ឋមន្ត្រីក៏បានស្តាប់អំពីផែនការសម្រាប់បើកសម័យប្រជុំពេញអង្គនៃសន្និសីទ WEF អាស៊ានឆ្នាំ 2018 និងផែនការធ្វើកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាមតែម្តង។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Bui Thanh Son ឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំសម្រាប់ព្រឹត្តិការណ៍ WEF ASEAN 2018 ត្រូវបានសម្រេចជារួចរាល់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សំណាក់ WEF បានបញ្ជូនជំនាញការជាច្រើនមកប្រទេសវៀតណាមដើម្បីសហការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍នេះផងដែរ។
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ បន្ទាប់ពីបានពិនិត្យកិច្ចការ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចការបរទេសសំខាន់មួយរបស់វៀតណាមក្នុងឆ្នាំ ២០១៨។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងសកម្មនិងជាពិសេសការសម្របសម្រួលយ៉ាងល្អជាមួយ WEF ក្នុងកិច្ចការត្រៀមរៀបចំសន្និសីទ - ជាព្រឹត្តិការណ៍ដែលជាឱកាសដើម្បីបញ្ជាក់ពីបំណងប្រាថ្នានិងសុបិន្តចង់ឆ្ពោះទៅកម្ពស់ថ្មីរបស់ វៀតណាម។

នាយករដ្ឋមន្ត្រីបានស្នើសុំលើកកម្ពស់ការផ្សព្វផ្សាយដែល ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កិច្ចការបរទេសពិសេសនេះ។ តាមនោះ បង្កើនយល់ដឹងនិងការទទួលខុសត្រូវរបស់ក្រុមកម្មាភិបាលនិងបុគ្គលិកនៃក្រសួងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពពាក់ព័ន្ធក្នុងការរៀបចំសន្និសីទនេះ។
នាយករដ្ឋមន្ត្រីបានសំណូមពរថា កិច្ចការត្រៀមរៀបចំ គួរតែរួមបញ្ចូលផ្សព្វផ្សាយនិងជម្រុញការឃោសនាអំពីរូបភាពនិងសក្តានុពលរបស់ប្រទេសនិងប្រជាជនវៀតណាម ព្រោះថា រាប់ពាន់នាក់ជាថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិក ជនបរទេសនឹងមកវៀតណាមដើម្បីចូលរួមព្រឹត្តិការណ៍នេះផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន