យុគសម័យ - នារសៀលថ្ងៃទី៨ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីម៉ូស្គូ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធ រុស្ស៊ីចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Andrey Turchak (រូបថតៈ Tri Dung)
*មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី៧កញ្ញា នៅទីស្នាក់ការក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) នៅរដ្ឋធានីម៉ូស្គូ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Andrey Turchak។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ចំពោះវៀតណាម សហព័ន្ធរុស្ស៊ីគឺជាដៃគូដ៏ធំមួយផងនិងជាដៃគូប្រពៃណីផង ហើយស្នើឲ្យក្រុមប្រឹក្សា សហព័ន្ធរុស្ស៊ី បន្តសហការយ៉ាងសកម្មនិងចែករំលែកជាមួយរដ្ឋសភាវៀតណាមនូវ បទពិសោធដ៏មានតម្លៃក្នុងសកម្មភាពនីតិប្បញ្ញត្តិនិងត្រួតពិនិត្យ ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការបង្កើតនីតិរដ្ឋ ពង្រឹងប្រព័ន្ធច្បាប់ រួមទាំងលើកកំពស់តូនាទីរបស់រដ្ឋសភា។
ទិដ្ឋភាពនៃជំនួប (រូបថតៈ Tri Dung)
រីឯអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Andrey Turchak បានអះអាងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលររួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី។ លោកអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីរូបនេះ បានឯកភាពបន្តផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលដើម្បីស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការទាំងនៅវេទិកាអន្តរសភាថ្នាក់តំបន់និងអន្តរជាតិ ជាពិសេសរួមសហការត្រួតពិនិត្យការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានប្រទេសទាំងពីរចុះហត្ថលេខាជាស្រាប់។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin (រូបថតៈ Tri Dung)
*ក្នុងថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងពិធីជួបសន្ទនាជាមួយអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong ប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin បានអះអាងថា Duma ជាតិតែងតែយកចិត្តទុកដាក់ជាពិសេសក្នុងការជម្រុញនិងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា សភានៃប្រទេសទាំងពីរគួរតែបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រួមទាំងក្រុមសភានានាដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងការផ្លាស់ប្តូរបទពិសោធន៏អំពីច្បាប់។
ទិដ្ឋភាពនៃជំនួប (រូបថតៈ Tri Dung)
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរ គប្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត ក្នុងនោះមានទាំងការពង្រីកយន្តការពិគ្រោះយោបល់និងសហការយ៉ាងជិតស្និទ្ធិនៅបណ្តាវេទិកាអន្តរសភា ដូចជា សហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF)ជាដើម ។
* អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Gazprom និង Zarubezneft។ នេះគឺជាសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នឈានមុខគេរបស់សហព័ន្ធរុស្ស៊ីដែលមានកិច្ចសហប្រតិបត្តិការប្រពៃណីប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនឈានមុខ Gazprom (រូបថតៈ Tri Dung)
លោកអគ្គលេខាធិការបក្សបានអះអាងថា: វៀតណាមនឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អង្គភាពអាជីវកម្មរុស្ស៊ីរួមទាំងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយសង្ឃឹមថា គម្រោងសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់បម្រើផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនឈានមុខ Zarubezneft (រូបថតៈ Tri Dung)
ថ្នាក់ដឹកនាំ Gazprom និង Zarubezneft រំពឹងថា នឹងបន្តទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងនិងប្រកបដោយផ្លែផ្កាជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងវិស័យដទៃទៀត ដូចជាការផលិតថាមពល ការការពារបរិស្ថាននិងបណ្តុះបណ្តាប្រភពធនធានមនុស្សដើម្បីផលប្រយោជន៍និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ រួមចំណែកដល់ការអភិវឌ្ឍរួមនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕






មតិពីមិត្តអ្នកអាន