យុគសម័យ - នាព្រឹកថ្ងៃទី២១ខែសីហា អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ខេត្ត Tay Ninh គប្បីក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតផលកសិកម្មនិងកែច្នៃកសិផលដែលមានគុណភាពខ្ពស់របស់ប្រទេសជាតិ ជាពិសេសក្លាយទៅជាគំរូធ្វើមានពីវិស័យកសិកម្ម។
· នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ VGP/Quang Hieu)
Tay Ninh ជាខេត្តមួយដែលមានទីតាំងយុទ្ធសាស្រ្តអំពីសន្តិសុខនិងការពារជាតិ ដោយមានខ្សែបន្ទាត់ព្រំដែនប្រវែង ២៤០ គីឡូម៉ែត្រជាប់ជាមួយប្រទេសកម្ពុជា និងជាច្រកពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់រវាងវៀតណាមនិងកម្ពុជា; ថៃ; តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូង និងដីសណ្ដទន្លេមេគង្គ។
នៅក្នុងជំនួបធ្វើការនេះ ខេត្តបានដាក់ចេញនូវសំណើរជាច្រើន ដែលផ្តោតលើការជួយឧបត្ថម្ភអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានគម្រោងសំខាន់ចំនួនពីរគឺគម្រោងផ្លូវល្បឿនលឿន ទីក្រុងហូជីមិញ - Moc Bai និងគម្រោងផ្លូវល្បឿនលឿន Go Dau - ទីក្រុង Tay Ninh - Xa Mat ...ជាដើម។
ដោយមានការលើកតម្កើងចំពោះលទ្ធផលដែលខេត្ត Tay Ninh ទទួលបាននាពេលកន្លងមក នាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសរសើរចំពោះខេត្ត ដែលមានគំរូជាច្រើននិងការអនុវត្តល្អក្នុងនោះមានគំរូកសិកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ២ ដែលនាយករដ្ឋមន្ត្រីទើបបានធ្វើទស្សនកិច្ចមុននេះ (គឺកសិដ្ឋានស្ករនិង គម្រោងកែច្នៃផលិតផលកសិកម្ម Tanifood ។
តាមនោះ នាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា យន្តូបនីយកម្ម ស្វ័យប្រវត្តិកម្ម ឧស្សាហកម្ម ៤.០ បានឈានចូលក្នុងផលិតកម្មកសិកម្មនៅខេត្ត Tay Ninh ដែលនាំមកនូវតម្លៃបន្ថែមខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ជាមួយនឹងការប្តេជ្ញាខ្ពស់ក្នុងការអនុវត្តន៍នោះ ពិតប្រាកដថា ខេត្ត Tay Ninh នឹងទទួលបានជោគជ័យជាមិនខាន។
ដោយអះអាងថា Tay Ninh មានឧត្តមភាពក្នុងវិស័យកសិកម្មសរីរាង្គរួមជាមួយឧស្សាហកម្មកែច្នៃជ្រៅ ទេសចរណ៍និងពាណិជ្ជកម្មតាមព្រំដែន លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែរួមបញ្ចូលជាមួយការថែរក្សាបរិស្ថានអេកូឡូស៊ីប្រកបដោយនិរន្តរភាពជាពិសេសដោះស្រាយបញ្ហាទឹកខ្វក់និងការអភិរក្សបរិស្ថានព្រៃឈើ។
(រូបថតៈ VGP/Quang Hieu)
"ខេត្ត Tay Ninh ត្រូវតែក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់ផលិតកម្មនិងកែច្នៃផលិតផលកសិកម្មមានគុណភាពខ្ពស់នៅទូទាំងប្រទេស ជាគំរូដែលធ្វើមានពី វិស័យកសិកម្ម” នេះបើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រីបានចាត់តាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធធ្វើការចាត់ចែងនូវយន្តការនិងគោលនយោបាយដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ខេត្ត Tay Ninh ក្នុងនោះមានគោលនយោបាយជាក់លាក់ ជាពិសេសគឺគោលនយោបាយសម្រាប់តំបន់ព្រំដែននិងសម្រាប់អាជីវកម្មធ្វើការវិនិយោគចូលតំបន់ព្រំដែន។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុក្ខចំពោះវីរៈយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនលោក Phan Van Dien អតីតកម្មាភិបាលនាយកដ្ឋានសន្តិសុខ Tay Ninh (រូបថតៈ VGP/Quang Hieu )
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅខេត្ត Tay Ninh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Phan Van Dien អតីតកម្មាភិបាលនាយកដ្ឋានសន្តិសុខ Tay Ninh ផងដែរ។
មុននោះ នារសៀលថ្ងៃទី២០ ខែសីហា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាគម្រោងការណ៍រោងចក្រកែច្នៃកសិផល Tanifood នៅខេត្ត Tay Ninh។
គម្រោងការណ៍នេះ ត្រូវបានបើកការដ្ឋានសាងសង់ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧ រួមមានខ្សែសង្វាក់ផលិតផ្លែឈើនិងបន្លែស្រស់ៗ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ពិភពលោក និងនាំផលិតផលចេញទៅទីផ្សារអន្តរជាតិ។ រោងចក្រនេះគ្រោងនឹងត្រូវបានដាក់ឲ្យដំណើរការចាប់ពីខែវិច្ឆិកាឆ្នាំ២០១៨ ដោយការប្រើប្រាស់វត្ថុធាតុដើមប្រមាណ៥០០តោនក្នុងមួយថ្ងៃ។
លោក Nguyen Xuan Phuc ទៅទស្សនាគម្រោងការណ៍រោងចក្រ Tanifood (រូបថតៈ VGP/Quang Hieu )
ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរោងចក្រកែច្នៃកសិផល Tanifood នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា ប្រសិនបើរោងចក្រ នេះធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនោះ គឺបានរួមចំណែកក្នុងការជំរុញឲ្យ សហគ្រាសផ្សេងៗបណ្ដាក់ទុនចូលក្នុងវិស័យកសិកម្ម។ តាមនោះខិតខំប្រឹង ប្រែងក្នុងរយៈពេល១០ឆ្នាំខាងមុខ នាំវិស័យកសិកម្មវៀតណាមចូលក្នុង top ប្រទេសទាំង១៥ដែលមានការអភិវឌ្ឍជួរមុខលើពិភពលោក ក្នុងនោះផ្នែកកែច្នៃ កសិផលចូលក្នុង top ប្រទេសទាំង១០។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ ដឹកនាំខេត្ត Tay Ninh ជួយឧបត្ថម្ភប្រជាកសិករដើម្បីត្រៀមរៀបចំប្រភពវត្ថុធាតុ ដើមឲ្យបានល្អសម្រាប់រោងចក្រនេះ ព្រមទាំងធានាការប្រមូលទិញដោយស្ថិរភាពសម្រាប់ប្រជាកសិករវិញផងដែរ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)




មតិពីមិត្តអ្នកអាន