យុគសម័យ - ក្នុងឱកាសនៃខែធ្វើសកម្មភាពដើម្បីកុមារក្រោមប្រធានបទ “ដើម្បីជីវភាពរស់នៅប្រកបដោយសុវត្ថិភាពនិងសុខសាន្តត្រានជូនប្អូនៗកុមារ” និងរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវឲ្យប្រជាជនប្រឡងប្រណាំងស្នេហាជាតិនោះ នាថ្ងៃទី១៨មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សចំនួន៧០នាក់ដែលមានស្ថានភាពរស់នៅពិសេស មកពីខេត្ត ក្រុង ចំនួន១៤លើទូទាំងប្រទេស។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗកុមារមានស្ថានភាពពិសេស (រូបថតៈ TTXVN)
ប្អូនៗទាំងអស់នេះសុទ្ធតែជាសិស្សានុសិស្សឆ្នើមគំរូអំពីស្មារតីជំនះពុះពារលើការលំបាក ដណ្ដើមបានលទ្ធផលឆ្នើមៗក្នុងការសិក្សារៀនសូត្រនិងហាត់ពត់លត់ដំក្នុងឆ្នាំសិក្សាកន្លងទៅ។ អញ្ជើញថ្លែងមតិក្នុងពិធីប្រធានរដ្ឋ លោក Tran Dai Quang បានថ្លែងអំណរគុណចំពោះស្ថាប័ន អង្គការនិងបុគ្គលទាំងក្នុងនិងក្រៅប្រទេស ដែលមានការរួមវិភាគទានដ៏មានតម្លៃចំពោះមូលនិធិគាំពារកុមារវៀតណាម ព្រមទាំងលើកសរសើរមូលនិធិគាំពារកុមារវៀតណាមដែលបានរួមចំណែកដ៏សំខាន់ទៅក្នុងបុព្វហេតុការពារ ថែទាំនិងអប់រំកុមារផងដែរ។
ប្រធានរដ្ឋលោក Tran Dai Quang ក៏បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាចាំបាច់ត្រូវលើកស្ទួយប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋ ការទទួលខុសត្រូវរបស់គ្រួសារនិងការចូលរួមរបស់សង្គមទាំងមូលចំពោះបុព្វហេតុការពារ ថែទាំនិងអប់រំកុមារ។ ទន្ទឹមជាមួយគ្នានោះ ត្រូវធានាឲ្យកុមារទាំងអស់ទទួលបានការថែទាំសុខភាព ពិសេសគឺកុមារមានស្ថានភាពរស់នៅពិសេស កុមារក្នុងគ្រួសារក្រីក្រ កុមារជាជនជាតិភាគតិច និងកុមារនៅតំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល៕
(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន