កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ក្រោមសក្ខីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការរួចរាល់ហើយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។
នៅទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងត្រូវបានចុះហត្ថលេខាហើយនៅឯវិមានសន្ដិភាព នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះហើយ ដោយខាងតំណាងភាគីចិន បានធ្វើដំណើរមកដល់កម្ពុជាដើម្បីចុះហត្ថលេខាតែម្ដង មិនចាំបាច់កម្ពុជាធ្វើដំណើរទៅកាន់ប្រទេសចិនដោយផ្ទាល់នោះទេ។
ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (FTA) នឹងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នៅដើមឆ្នាំក្រោយ យ៉ាងហោចណាស់នឹងមានមុខទំនិញរបស់កម្ពុជាជាង ៣៤០ មុខ នឹងអាចនាំចេញចូលទៅកាន់ទីផ្សារចិន ដោយរួចពន្ធ ក្នុងនោះ ភាគច្រើនជាមុខទំនិញកសិកម្ម និងឧស្សាហកម្មកែច្នៃ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% គិតជាមធ្យមក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ កំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងផងដែរ។
ជុំវិញទៅនឹងកិច្ចព្រមព្រៀងនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មធ្លាប់បានឲ្យដឹងដែរថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាក៏ពិតមែន ប៉ុន្ដែ ផលិតផលកសិកម្មកម្ពុជា ត្រូវតែគោរពទៅតាមលក្ខខណ្ឌស្ដង់ដារភូតគាមអនាម័យ ទើបអាចនាំចេញកសិផលទៅកាន់ប្រទេសចិនបាន។ ប៉ុន្ដែ ឯកឧត្តមជាក់ថា តាមរយៈបទពិសោធន៍នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ភាគីកម្ពុជា និងចិននឹងអាចពន្លឿនការងារត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអនុញ្ញាតឲ្យកសិផលរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិនបានកាន់តែឆាប់រហ័ស។
គួរបញ្ជាក់ថា កន្លងមកនេះ ប្រទេសចិន និងកម្ពុជា បានប្ដេជ្ញានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះផងដែរ ខណៈដែលកាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។
គួរបញ្ជាក់ដែរថា តាមការអះអាងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានជួបពិភាក្សាការងារជាមួយនឹងលោក វ៉ាង យី រដ្ឋមន្ត្រីការបទេសចិន កាលពីថ្ងៃទី ១១ ខែ តុលា បានឲ្យដឹងដែរថា ក្រៅពីកិច្ចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនហើយនោះ ខាងភាគីចិន ក៏បានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ១៤០ លានដុល្លារផងដែរ៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន