លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុននឹងធ្វើដំណើរបំពេញទស្សនកិច្ចរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែសីហា មកកាន់ប្រទេសចំនួន ៤ ក្នុងនោះមានប្រទេស ៣ ស្ថិតនៅតាមដងទន្លេមេគង្គ រួមទាំងកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងវិធានការប្រឆាំងជំងឺកូវីដ១៩។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសមភាគីជប៉ុនក្នុងជំនួបពីឆ្នាំមុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ១១ សីហា បញ្ជាក់ថា ប្រទេសទាំង ៤ ដែលលោក ម៉ូតេហ្គី តូស៊ីមីសឺ (Motegi Toshimitsu) នឹងធ្វើដំណើរបំពេញទស្សនកិច្ចនោះរួមមាន ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ កម្ពុជា ឡាវ និងប្រទេសមីយ៉ាន់ម៉ា។
លោកនឹងជួបជាមួយមេដឹកនាំប្រទេសទាំងនោះ ដើម្បីពិភាក្សាផ្លាស់ប្ដូរទស្សនៈគ្នាអំពីផលប្រយោជន៍ និងបញ្ហាទូទៅដូចជា កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការទទួលស្គាល់អំពីយុទ្ធសាស្ដ្រឥណ្ឌូ-ប៉ាស៊ីហ្វិកបើកទូលាយ និងសេរី និងអំពីស្ថានភាពសមុទ្រចិនខាងត្បូងដែលជាបញ្ហាប្រឈមបន្ទាន់មួយសម្រាប់សហគមន៍អន្តរជាតិ និងតំបន់។
សេចក្ដីប្រកាសបន្តថា៖ «តាមរយៈដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី ម៉ូតេហ្គី មានបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតនៅវេទិកាអន្តរជាតិ និងតំបន់ជាមួយប្រទេសទាំងនោះ»។ ដំណើរទស្សនកិច្ចមកកាន់ប្រទេសតាមដងទន្លេមេគង្គទាំង ៣ លោក ម៉ូតេហ្គី នឹងលើកឡើងអំពីកិច្ចសហប្រតិបត្តិការ ដើម្បីដំណើរការឡើងវិញ ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការពិភាក្សាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗក្នុងនោះរួមទាំងវិធានការឆ្លើយតបជំងឺឆ្លងកូវីដ១៩។
ក្រសួងការបរទេសកម្ពុជាក៏បានចុះផ្សាយដែរថា ដំណើរទស្សនកិច្ច ២ ថ្ងៃរបស់លោក ម៉ូតេហ្គី នៅកម្ពុជាគឺលោកនឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ នៅព្រះរាជាណាចក្រកម្ពុជានឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំង ២ នៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ ១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ ១៩»។
ជប៉ុនរក្សាកេរ្តិ៍ឈ្មោះល្អនៅកម្ពុជា ដោយសារប្រទេសនេះបានដើរតួនាទីយ៉ាងសកម្មជួយឱ្យកម្ពុជាក្នុងការផ្សះផ្សាជាតិ និងជាប្រទេសម្ចាស់ជំនួយដ៏សំខាន់ក្នុងការជួយអភិវឌ្ឍ និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមទាំងលើកកម្ពស់សុខាភិបាល និងអប់រំជាដើម។
អ្នកវិភាគមើលឃើញថា ការរក្សាបានទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុនមកទល់ពេលបច្ចុប្បន្ននេះ ដោយសារជប៉ុនជាប្រទេសមួយមិនដែលដាក់លក្ខខណ្ឌក្នុងទំនាក់ទំនងជាមួយកម្ពុជា និងជាប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ មិនប្រើប្រាស់ពាក្យសម្ដី ឬភាសាដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំង ២ ខុសពីបណ្ដាប្រទេសនៅលោកខាងលិចដែលតែងរិះគន់ខ្លាំងៗអំពីបញ្ហានយោបាយផ្ទៃក្នុង និងបញ្ហាសិទ្ធិមនុស្សរបស់កម្ពុជា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បញ្ហាសមុទ្រចិនខាងត្បូងដែលជាជម្លោះរវាងចិនជាមួយបណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ គឺជាបញ្ហារសើបមួយសម្រាប់តំបន់ ខណៈជម្លោះនេះមានការចូលពាក់ព័ន្ធកាន់តែជ្រៅពីសហរដ្ឋអាមេរិក។
លោកបន្តថា នៅក្នុងកិច្ចពិភាក្សាអំពីជម្លោះសមុទ្រចិនខាងត្បូងជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនខាងមុខ កម្ពុជានឹងនៅតែអះអាងអំពីជំហររបស់ខ្លួនដដែល គឺការរក្សាអព្យាក្រឹត និងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តរក្សាដំណោះស្រាយតាមរយៈការចរចាសន្ដិភាព និងសន្ដិវិធីទៅកាន់ភាគីជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ «ខ្ញុំយល់ថា ជប៉ុនក៏យល់អំពីឥរិយាបថ និងនយោបាយរបស់កម្ពុជា។ បើយើងពិនិត្យជារួម ផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្ដ្រមិនតម្រូវឱ្យកម្ពុជាត្រូវប្រកាន់យកខាងណាមួយទេ។ ប្រទេសតូចមួយគឺត្រូវការទីផ្សារច្រើន និងវិនិយោគពីខាងក្រៅច្រើន ទាំងមកពីជប៉ុន ចិន និងសហរដ្ឋអាមេរិក»។
លោកថា៖ «អ៊ីចឹង! កម្ពុជាត្រូវប្រកាន់ឥរិយាបថនយោបាយអព្យាក្រឹត ហើយខ្ញុំគិតថា ជប៉ុនមិនព្យាយាមរុញឱ្យកម្ពុជាជ្រើសរើសយកអ្នកណាមួយទេ។ ប៉ុន្តែការមកទស្សនកិច្ច (របស់រដ្ឋមន្ត្រីជប៉ុន) គឺជាសញ្ញា Alert មួយថា កម្ពុជាគឺត្រូវតែអព្យាក្រឹតឱ្យបានច្បាស់លាស់ កុំឱ្យតែអព្យាក្រឹតតែមាត់»។
កម្ពុជា និងជប៉ុនសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងនៅតែឈានដល់ ២ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២០នេះ ថ្វីដ្បិតកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក្ដី។ កម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្ដានុពលមួយចំនួនមានដូចជា សម្លៀកបំពាក់ស្ត្រី ស្បែកជើង ខ្សែអ៊ីហ្សូឡង់ និងបរិក្ខារអគ្គិសនី ខណៈជប៉ុននាំចូលកម្ពុជាវិញដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សម្បកកង់ និងផលិតផលប្លាស្ទិក៕
(ប្រភពព័ត៌មាន: postkhmer)

មតិពីមិត្តអ្នកអាន