រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងការបង់ពន្ធអប្បបរមាដល់វិស័យអាកាសចរណ៍ និងការបង់ពន្ធគ្រប់ប្រភេទដល់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍រយៈពេល ២ ខែបន្ថែមទៀត ខណៈដែលអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអះអាងថា រដ្ឋាភិបាលគ្រោងបញ្ចេញទឹកប្រាក់សរុបជាង ១ ពាន់លានដុល្លារដើម្បីស្តារ និងជំរុញសកម្មភាពធុរកិច្ចក្រោយវិបត្តិកូវីដ ១៩។
ភ្ញៀវទេសចរទស្សនាប្រាសាទអង្គរវត្តនាពេលកន្លងមក។ រដ្ឋាភិបាលសម្រេចលើកលែងពន្ធ ២ ខែទៀត ដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៃការរាតត្បាតជំងឺកូវីដ ១៩។ (រូបថត៖ Phnom Penh post)
ដើម្បីជួយសម្រាលនូវការលំបាក របស់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលកំពុងរងផលប៉ះពាល់ ដោយវិបត្តិនៃជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចបន្តអនុគ្រោះពន្ធ បន្ថែមរយៈពេល២ខែទៀត ដល់វិស័យទាំង២នេះ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ទទួលបាននៅថ្ងៃទី៣១ ខែកក្កដានេះ បានបញ្ជាក់ថា «បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល 0២ ខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែ កញ្ញា ឆ្នាំ២០២០»។
ជាមួយគ្នានេះ ចំពោះវិធានការបន្តជួយវិស័យអាកាសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា «បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល០២ ខែបន្តទៀត ចាប់ពីខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា»។
សូមជម្រាបថា វិបត្តិនៃជំងឺកូវីដ១៩ ធ្វើឲ្យវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមាន៖ វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន