សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»

11:19 | 26/06/2020 (សរុបដោយ ហេង វុធ្ធ)

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។

កិច្ចប្រជុំក៏នឹងពិភាក្សាលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងផងដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនទៀត រួមមាន៖ សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។

ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ដំបូងឡើយមានប្រទេសចំនួន៥ គឺប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះលើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។

គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឱ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួមជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃប្រាំទៀតបានចូលជាសមាជិក។ ប្រទេសទាំង៥នោះរួមមាន៖ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា (៣០ មេសា ១៩៩៩)។

កិច្ចប្រជុំកំពូលអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ និងចាំបាច់មួយនៅក្នុងតំបន់។ កិច្ចប្រជុំនេះតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសដែលទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ មេដឹកនាំប្រទេសជាសមាជិកតែងជួបជុំគ្នាក្នុងព្រឹត្តិការណ៍នេះ តែសម្រាប់ឆ្នាំ២០២០នេះ ព្រោះតែជំងឺកូវីដ១៩ មេដឹកនាំទាំងអស់ត្រូវជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូជំនួសវិញ។

សូមបញ្ជាក់ដែរថា នៅមុនពេលឈានដល់កិច្ចប្រជុំកំពូលអាស៊ាននេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូផងដែរ។

ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សម្គាល់ចំពោះការកើនឡើងនូវចំណាប់អារម្មណ៍កាន់តែខ្លាំង ពីដៃគូខាងក្រៅ ក្នុងការភ្ជាប់ទំនាក់ទំនងឡើងជាមួយអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទាក់ទងទៅនឹងបញ្ហាតំបន់ និងអន្ដរជាតិ ដូចជាស្ថានការណ៍នៅឧបទ្វីបកូរ៉េ រដ្ឋរ៉ាខាញ និងការវិវឌ្ឍនៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកទស្សនៈលើសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ាន ក្នុងការវិវឌ្ឍនិម្មាបនកម្មក្នុងតំបន់ ពង្រឹងសន្ដិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសការពន្លឿនការងារ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធក្នុងអាស៊ាន ដែលឆ្លើយតបជាមួយស្ថានភាពងើបឡើងវិញពីជំងឺកូវីដ-១៩។

ដោយឡែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងចែករំលែកទស្សនៈផងដែរ។ លោក ប្រាក់ សុខុន បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ចអាស៊ានហើយនោះ អាស៊ានក៏កំពុងទទួលរងនូវភាពលំបាកលើភូមិសាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែងយុទ្ធសាស្រ្ដកាន់តែខ្លាំងឡើងរបស់ប្រទេសមហាអំណាច។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិកអាស៊ាន គឺមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសភាគីមហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ។

ចំពោះស្ថានភាពរដ្ឋរ៉ាខាញវិញ កម្ពុជា បានលើកទឹកចិត្ដចំពោះការបន្ដកិច្ចសន្ទនារបស់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការរៀបចំដំណើរមាតុភូមិនិវត្ដន៍ ប្រកបដោយ សុវត្ដិភាព សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរ។

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីរបស់អាស៊ាន ជាពិសេសតាមរយៈយន្តការវេទិកាតំបន់អាស៊ាន និងវិធានការកសាងទំនុកចិត្តផ្សេងៗ ក្នុងការជំរុញឱ្យមានការវិវត្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ។ កម្ពុជា បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗ រួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ចិន និងជប៉ុនក្នុងការបង្កើតផែនការសកម្មភាព។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថា ភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២១វិញ កិច្ចប្រជុំបានកត់សំគាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលម្អិតនៃសហគមន៍សន្តិសុខ-នយោបាយអាស៊ានដែលសកម្មភាពចំនួន ៩៦% នៃផែនការសកម្មភាពខាងលើត្រូវបានអនុវត្ត។ កិច្ចប្រជុំទន្ទឹងរង់ចាំការបញ្ចប់របាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលរួមទាំងផែនការលម្អិតនៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់ និងពិភពលោក ការផ្តល់ជំនួយផ្នែកវេជ្ជសាស្ដ្រ និងនីតិសម្បទា ដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការសម្របសម្រួលដល់ប្រទេសសមាជិកអាស៊ាន ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹងអំពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនោះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៧-២០១៩ កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលបានផ្តល់វិភាគទានចំនួន ៦៧៥ ០០០ ដុល្លារអាមេរិក ដើម្បីធានានិរន្តរភាពនៃដំណើរការរបស់មជ្ឈមណ្ឌល និងជំរុញឱ្យមានការចូលរួមចំណែកឱ្យបានគ្រប់គ្រាន់របស់អាស៊ានដើម្បីធានានិរន្តរភាពនៃដំណើរការមជ្ឈមណ្ឌល។

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ (ACC) បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា និងអនុម័តលើលក្ខខណ្ឌប្រតិបត្តិនៃមូលនិធិអាស៊ានឆ្លើយតបជំងឺកូវីដ១៩ ព្រមទាំងបានឯកភាពលើភាពចាំបាច់ក្នុងការជំរុញឱ្យមានកិច្ចប្រឹងប្រែងគ្រប់ជ្រុងជ្រោយ របស់អាស៊ានដើម្បីស្តារឡើងវិញពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន