ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់។
សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ការឆ្លង COVID19 ដល់កុមារ។ (រូបថត SPM Page)
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលដែលមានការ រាតត្បាតនៃជំងឺកូរីដ១៩នេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្ដអនុវត្ដ សេចក្ដីណែនាំក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមារ មានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទៅជំនួស និងកុមារកំពុងរស់នៅ ក្នុងកន្លែងឃុំឃាំងទាំងអស់»។
«ទោះបីជាកម្ពុជាយើងមានរបាយការណ៍ស្តីពីករណីឆ្លងដល់កុមារតែមួយករណីក៏ដោយ ប៉ុន្តែ COVID-19 បានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់កុមារគ្រប់រូប និងកាន់តែប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតចំពោះកុមារដែលរស់នៅក្នុងគ្រួសារក្រីក្រ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន។
នាឱកាសទិវាកុមារនេះ សម្តេចបានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ ដោយសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។
ក្នុងកាលៈទេសៈ កូវីដ-១៩ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងដល់កុមារ ជាពិសេសកុមារមានពិការភាព កុមារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំង។
«ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងរកលទ្ធភាពក្នុងការធ្វើយ៉ាងណាឲ្យកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ជាពិសេសកុមារក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នានៅក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩»។ នេះជាការក្រើនរំលឹករបស់ប្រមុខរដ្ឋាភិបាល៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន