សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធ ( Video Conference) (ប្រភព៖ AKP)
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះរួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត។ក្នុងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ជាមួយថ្នាក់ដឹកនាំរបស់អាស៊ាន នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នាពេលកន្លងមក វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស ក្នុងបរិការណ៍សកលភាវូបនីយកម្មនិងសមាហរណកម្មតំបន់។ សម្ដេចតេជោយល់ថា ការប្រយុទ្ធនឹងកូវីដ-១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ និយាយជារួម អាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះមាន៖
ទី១. ដោយកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិនទាន់បានយល់ដឹងអាស៊ានត្រូវការចាំបាច់នូវការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍ ព័ត៌មានទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន។ ទន្ទឹមនេះ ការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនិងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន បច្ចេកទេស និងសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពបង្កើត"មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩" ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាលជាដើម។
ទី២. អាស៊ានដែលជាប្រទេសមានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួលនិងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ ដូចជាការចាត់វិធានការជាឯកតោភាគី ជាអាទិ៍ការបិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់ច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម និងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរ ការប្រកបមុខរបរ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាងគ្នាផង ក្នុងតំបន់អាស៊ានយើង។
ទី៣. ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះត្រូវការថវិកា សម្ភារៈ បរិក្ខារ ក៏ដូចជាកម្លាំងមនុស្សច្រើន។ អ្វីដែលកម្ពុជាអាចផ្ដល់ជាបទពិសោធន៍ គឺការជំរុញនិងបំផុសនូវវប្បធម៌ចែករំលែក ដែលនៅក្នុងនេះគឺមានការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍន៍និងអង្គការមិនមែនរដ្ឋាភិបាលទៅប្រជាជន ការចែករំលែកពីអ្នកមានធនធានទៅសង្គម និងអ្នកមានធនធាន និងការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធម៌នេះគឺមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកាជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួមស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។
ទី៤. យើងត្រូវចៀសវាង ការរើសអើងពូជសាសន៍និងការប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយនាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២,២០០ នាក់ ចូលចត នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០។ កម្ពុជាមិនត្រឹមតែបាននិងកំពុងជួយព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានព្យាបាលទាំងជនបរទេស រួមមានឥណ្ឌូណេស៊ី ០២នាក់ ម៉ាឡេស៊ី១៣ នាក់ចិន០១នាក់ អង់គ្លេស ០៥នាក់ បារាំង ៤០នាក់ កាណាដា ០១នាក់ ប៊ែលហ្សិក ០១នាក់ និងអាមេរិកាំង ០២នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។
ទី៥. យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ានជាពិសេសចំពោះប្រជាជនអាស៊ាន ដែលជាប់គាំងដំណើរឬរងគ្រោះដោយជំងឺកូវីដ-១៩។ ក្នុងន័យនេះសម្ដេចតេជោក៏សូមថ្លែងអំណរគុណដល់បណ្ដាប្រទេសសមាជិកអាស៊ាន ដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋកម្ពុជាដែលជាប់គាំងដំណើរតាមផ្លូវនិងនៅតាមព្រលានយន្តហោះមួយចំនួន កន្លងមក ហើយកម្ពុជា ក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ។ កាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ កម្ពុជាបានសម្របសម្រួលឲ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋម៉ាឡេស៊ីដែលជាប់នៅកម្ពុជាចំនួន ១១១នាក់។
ទី៦.អាស៊ានត្រូវគិតគូរជាយុទ្ធសាស្ត្រក្នុងការស្ដារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបញ្ចប់។កម្ពុជាយល់ថាអាស៊ានត្រូវពន្លឿនការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ឱ្យបានលឿន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែនពន្ធនិងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម។
បណ្តាមន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវិដេអូ។ (ប្រភព៖ AKP)
សម្ដេចតេជោបានបន្ថែមទៀតថា យើងក៏ត្រូវជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមនានា សម្រាប់សមាហរណកម្មអាស៊ានដោយផ្ដោតលើ (១)-ការលើកកម្ពស់សហគ្រាសមីក្រូតូចនិងមធ្យម(MSMEs) និងការបង្កើតធុរកិច្ចថ្មីផ្នែកនវានុវត្ដន៍បច្ចេកវិទ្យា (Start-Ups), (២)-ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជននិងសាធារណៈក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល, និង(៣).ការអភិវឌ្ឍន៍ធនធានមនុស្សនិងជំនាញវិជ្ជាជីវៈឌីជីថល។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាម ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។ តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យមេដឹកនាំអាស៊ានសម្រេចជ្រើសយកកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជំនួសវិញ៕
(សរុបដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន