ឯកឧត្ដម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បាន បានមានប្រសាសន៍គាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍខេត្តព្រះសីហនុ ដោយប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍខេត្តនេះ។
សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ (ប្រភព៖ AKP)
នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបទ្វេភាគី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ ព័ន្ធ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើការជជែកពិភាក្សាទៅលើចំណុច បីសំខាន់ៗ ដោយក្នុងនោះរួមមាន៖
ទី១. សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់ភាគីចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជាច្រើនរបស់ចិននឹងត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍខេត្តព្រះសីហនុនេះ ហើយឯកឧត្តមមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ។
ទី២. ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៥ សម្ដេចតេជោបានស្នើឱ្យមានកិច្ចប្រជុំនេះនៅមុនបំណាច់ឆ្នាំ២០១៩ ដែលគ្រោងធ្វើនៅខេត្ត ព្រះសីហនុ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីចិនបានលើកឡើងថា ចិននឹងគាំទ្រក្នុងការរៀបចំកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទី៣. ពាក់ព័ន្ធនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែល គ្រោងធ្វើនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវនៅឆ្នាំក្រោយ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គ (GMS)។
ទដ្ឋភាពនៃកិច្ចពិភាគ្សារវាងភាគីទាំងពីរ។ (ប្រភព៖ FN)
ដូច្នេះប្រទេសជាសមាជិក ជាពិសេសកម្ពុជា និងចិន នឹងសហការគ្នា ពិសេសក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះមានដំណើរការល្អ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។ ក្រៅពីនេះ ទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនេះផងដែរ ក្នុងឆ្នាំនេះគឺជាឆ្នាំ ដែលប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ហើយកន្លងមកបានឯកភាព និងគ្នារួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ៕
(សរុបដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន