ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកអំពីការសម្រេចចិត្ត ដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតកាលពី៤៣ឆ្នាំមុន(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។
សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការឈឺចាប់នៃការយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះ ប្រជា ជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កាលពី៤៣ឆ្នាំមុន។
នៅលើផេកផ្លូវការ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា “ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត”។ សម្ដេចតេជោបានបន្តថា ទោះបីពេលនេះសម្ដេច និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែសម្ដេចមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលសម្ដេចឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំអត់មានជម្រើសឱ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ”។ សម្ដេចតេជោបានគូសបញ្ជាក់ថា ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។ សម្ដេចតេជោក៏បានភ្ជាប់ចម្រៀងមួយបទដែលមានចំណងជើងថា (សំបុត្រពិបាកសសេរបំផុត) ដែលឆ្លុះបញ្ចាំងការលំបាករបស់ របស់សម្ដេចនាពេលនោះផងដែរ។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការពារជាតិ បានរៀបចំពិធីរម្លឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ចាកចេញពីប្រទេសកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រ នៃចំណុចចាប់ផ្តើមដំណើរចេញតស៊ូ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន