ក្នុងពិធីដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិយាយប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា ផ្លូវនេះត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ប្រភេទ(DBST) ក្នុងទំហំទទឹង ៨ម៉ែត្រ។
ផ្លូវជាតិលេខ៥៥ ដែលជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត នៃប្រទេសថៃ។ រូបថត៖ ទំព័រហ្វេសប៊ុក ក្រសួងសាធារណៈការ និងដឹកជញ្ជូន៕ (រូបថត៖ Thmeythmey.com)
ការសាងសង់ផ្លូវជាតិលេខ៥៥នេះ បានចំណាយរយៈពេលអស់ជាង៣ឆ្នាំ ពោលគឺចាប់ពីខែមីនាឆ្នាំ២០១៥ ដល់ខែឧសភាឆ្នាំ២០១៨។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដោយលោកបានបញ្ជាក់ដូច្នេះ ផ្លូវនេះចំណាយថវិកាសាងសង់សរុប១៣២.៨០លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ។
ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានហៅផ្លូវជាតិលេខ៥៥ ថាជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះមានមនុស្សតិចណាស់ បានមកដល់ទីនេះ។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្រ្តីជាន់ខ្ពស់កម្ពុជា បន្តចរចាបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយច្រកព្រំដែនថៃ ដើម្បីបង្កើនទំនាក់ទំនង ដោះដូរទំនិញទៅវិញទៅមក ។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ បានបន្តថា ផ្លូវជាតិលេខ៥៥ អាចចាត់ទុកថាជាផ្លូវដំបូងគេនៅកម្ពុជា ដែលបានសាងសង់បត់បែនឆ្លងកាត់តាមភ្នំនិងព្រៃព្រឹក្សាខ្ពស់ទៀតតាមជួរភ្នំក្រវ៉ាញ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាការធ្វើសមាហរណកម្មនានាក្នុងប្រទេស ជាមួយតំបន់ ដោយ សំដៅចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍ បានឆាប់រហ័ស និងចំណាយតិច។
ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅថ្មដា ខេត្តពោធិ៍សាត់ នៅចាំយាម ខេត្តកោះកុង និងកំពង់ផែសមុទ្រទឹកជ្រៅរបស់យើង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន